ដោយ៖ លនស្រស់

ភ្នំពេញ៖ ការទទួលទានគ្រឿងស្រវឹងហួសប្រមាណគឺជាបញ្ហាសុខភាពសាធារណៈចម្បងមួយនៅទូទាំងសាកលលោក ជាពិសេសក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ វាជាមូលហេតុចម្បងនៃជំងឺធ្ងន់ធ្ងរមួយចំនួនដែលតម្រូវឲ្យសម្រាន្តពេទ្យ និងនាំឲ្យខាតបង់ដល់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។

ការប្រើប្រាស់គ្រឿងស្រវឹងអាចបង្កជាផលវិបាកស្រួចស្រាល់ និងរ៉ាំរ៉ៃលើរចនាសម្ព័ន្ធ និងមុខងាររបស់ខួរក្បាល។
១- តើជាតិអាល់កុលអាចប៉ះពាល់ទៅលើកោសិកាខួរក្បាលដោយរបៀបណា?
ពេលមនុស្សម្នាក់ទទួលទានគ្រឿងស្រវឹង កោសិកាខួរក្បាលអាចរងផលប៉ះពាល់ដោយផ្ទាល់ទោះវាហាក់ធ្វើឲ្យអ្នកទទួលទានមានអារម្មណ៍ល្ហែល្ហើយមួយគ្រា តែវាបណ្តាលឲ្យកោសិកាខួរក្បាល យើងដំណើរការក្នុងស្ថានភាពយឺតជាងធម្មតា បន្ទាប់មកអាចប៉ះពាល់ដល់កោសិកាខាងគំហើញ( ស្រវាំងភ្នែក) និយាយត្រដិត ដំណើរទ្រេតទ្រោត និងអាចរហូតដល់បាត់បង់ស្មារតី។

ការទទួលទានជាប្រចាំនឹងអាចធ្វើឲ្យអន់ថយមុខងាររបស់កោសិកាខួរក្បាល រាប់តាំងពីការភ្លេចភ្លាំង រហូតវង្វេងវង្វាន់ស្មារតី។
២- តើសារជាតិអាល់កុលអាចបង្កជាជំងឺប្រព័ន្ធប្រសាទអ្វីខ្លះ?
ប្រហែល 70% នៃអ្នកទទួលទានគ្រឿងស្រវឹងជាប្រចាំគឺប្រឈមនឹងបញ្ហាខួរក្បាលធ្ងន់ធ្ងរ
– ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល (Stroke)
– ជំងឺខ្សោយការចងចាំ ឬជំងឺវង្វេង
– ស្វិតទំហំខួរក្បាល
– អាចជំរុញ ឬអាចបង្កឲ្យមានបញ្ហាសុខភាពផ្លូវចិត្ត
– ថយចុះប្រសិទ្ធភាពនៃបំណិនការងារ ការសម្របសម្រួល និងការគ្រប់គ្រងខ្លួនឯង
– រំខានការសម្រាន្ដ និងការសម្រេចចិត្ត
– ខូចខាតដំណើរការមេតាបូលិករបស់កោសិការប្រព័ន្ធប្រសាទ
ក្រៅពីនេះការប្រើប្រាស់គ្រឿងស្រវឹងក៏អាចឲ្យប្រឈមនឹងជំងឺប្រកាច់ ជំងឺឆ្លងក្នុងខួរក្បាល និងគ្រោះថ្នាក់ក្បាលដោយការដួលប៉ះទង្គិច។

៣- តើយើងអាចព្យាបាលបញ្ហាខួរក្បាលដែលបណ្តាលមកពីការប្រើប្រាស់គ្រឿងស្រវឹងបានដោយរបៀបណា?
ជាបឋមគឺការបញ្ឈប់ការទទួលទានគ្រឿងស្រវឹងគ្រប់បែបយ៉ាងទាំងអស់ ដើម្បីទប់ស្កាត់ការវិវត្តន៍ទៅមុខរបស់ការខូចខាតកោសិកាខួរក្បាល។

ត្រូវជួបគ្រូពេទ្យជំនាញដែលអាចផ្តល់ការប្រឹក្សាយោបល់ និងណែនាំពីវិធីសាស្រ្តក្នុងការបញ្ឈប់ និងជូនការព្យាបាលដោយឱសថក្នុងករណីចាំបាច់។
សូមការពារខ្លួនអ្នកពីពិការភាព ក៏ដូចជាពីការចុះខ្សោយនៃបញ្ញាស្មារតីដោយកុំទទួលទានគ្រឿងស្រវឹង៕
អត្ថបទនិងរូបភាព៖ មន្ទីរពេទ្យកាល់ម៉ែត

