អន្តរជាតិ

នាយករដ្ឋមន្រ្តីសន្យាថា ប្រទេសប៉ូឡូនឹងមានកងទ័ពធំជាងគេបំផុតនៅអឺរ៉ុបក្នុងពេលឆាប់ៗនេះ

ប្រែសម្រួល៖ រតនា

លោក Donald Tusk នាយករដ្ឋមន្ត្រីប៉ូឡូញ បានថ្លែងក្នុងពិធីអបអរសាទរទិវាកងទ័ពរបស់ប្រទេសនេះកាលពីថ្ងៃទី ១៥ ខែសីហាថា កងទ័ពប៉ូឡូញនឹងក្លាយជាកងទ័ពដែល «ធំជាងគេបំផុតនៅអឺរ៉ុប» ក្នុងពេលឆាប់ៗនេះ។

ទីក្រុងវ៉ាសូវី (Warsaw) បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការបង្កើនកម្លាំងយោធារបស់ខ្លួន ចាប់តាំងពីរុស្ស៊ីបានបើកការឈ្លានពានទ្រង់ទ្រាយធំលើអ៊ុយក្រែនក្នុងឆ្នាំ ២០២២ ដែលបាននាំយកសង្គ្រាមមកដល់មាត់ទ្វាររបស់អង្គការណាតូ (NATO)។

ប៉ូឡូញបានបង្ហាញពីកម្លាំងយោធាដែលកំពុងកើនឡើងរបស់ខ្លួនតាមរយៈការបង្ហាញកម្លាំងនៅថ្ងៃទី ១៥ ខែសីហា ដោយបានរៀបចំក្បួនដង្ហែយោធាទ្រង់ទ្រាយធំនៅទីក្រុងវ៉ាសូវី និងក្បួនដង្ហែទ័ពជើងទឹកនៅទីក្រុង Gdynia។ យោងតាមទីភ្នាក់ងារសារព័ត៌មានប៉ូឡូញ (PAP) ក្បួនដង្ហែនេះមានការចូលរួមពីយានយន្តពាសដែកចំនួន ៣០០ គ្រឿង (ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មាន) និងទាហានប្រហែល ២,០០០ នាក់។

លោក Tusk បានថ្លែងនៅក្នុងសុន្ទរកថាមួយអំឡុងពេលក្បួនដង្ហែទ័ពជើងទឹកនៅទីក្រុង Gdynia ថា៖ «កងទ័ពរបស់យើង ឬកម្លាំងប្រដាប់អាវុធរបស់យើង នឹងក្លាយជាកងទ័ពដែលធំជាងគេបំផុតនៅអឺរ៉ុបក្នុងពេលឆាប់ៗនេះ»។

“យើងអាចនិយាយបានថា យើងកំពុងកសាងកម្លាំងមួយដែលនឹងកំណត់ជោគវាសនានៃតំបន់ តាមរយៈភាពទំនើប និងចំនួនដ៏ច្រើនសន្ធឹកសន្ធាប់របស់ខ្លួន ហើយពិភពលោកទាំងមូលទទួលស្គាល់ និងកោតសរសើរចំពោះរឿងនេះ ជាពិសេសគឺសម្ព័ន្ធមិត្តរបស់យើង។”

ប្រទេសប៉ូឡូញបានបង្កើនចំនួនកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនជាងពីរដងនៅចន្លោះឆ្នាំ ២០១៤ និង ២០២៥ ដោយកើនឡើងពីប្រហែល ១០០,០០០ នាក់ ទៅដល់ ២១៦,០០០ នាក់ ដែលធ្វើឱ្យវាក្លាយជាកងកម្លាំងយោធាធំជាងគេទីបីនៅក្នុងអង្គការណាតូ (NATO) បន្ទាប់ពីសហរដ្ឋអាមេរិក និងតួកគី។

លោក Wladyslaw Kosiniak-Kamysz រដ្ឋមន្ត្រីក្រសួងការពារជាតិប៉ូឡូញ បានថ្លែងនៅក្នុងឱកាសទិវាកងទ័ពថា បច្ចុប្បន្នកងកម្លាំងប្រយុទ្ធរបស់ប៉ូឡូញមានចំនួន ២២០,០០០ នាក់។ លោកបានបញ្ជាក់ថា គោលដៅគឺត្រូវមានកងកម្លាំងសកម្មចំនួន ៣០០,០០០ នាក់ និងកងកម្លាំងបម្រុងចំនួន ២០០,០០០ នាក់ទៀត៕

ប្រភព៖ Kyiv independent