ប្រែសម្រួល៖ រតនា
បណ្តាញតាមដានព័ត៌មានបានរាយការណ៍ថា កងកម្លាំងអ៊ុយក្រែនបានវាយប្រហារទៅលើឃ្លាំងទំនិញមួយរបស់ក្រុមហ៊ុនលក់ទំនិញតាមអ៊ីនធឺណិតដ៏ធំរបស់រុស្ស៊ីគឺ Wildberries និងទីក្រុងនានានៅក្នុងតំបន់ Moscow Oblast របស់រុស្ស៊ី នៅក្នុងការវាយប្រហារទ្រង់ទ្រាយធំមួយកាលពីយប់ថ្ងៃទី ១៦ ខែសីហា។


យោងតាមបណ្តាញតាមដាន Exilenova Plus បានឱ្យដឹងថា អគ្គិភ័យបានឆាបឆេះឃ្លាំងទំនិញរបស់ក្រុមហ៊ុន Wildberries នៅក្នុងភូមិ Koledino ក្បែរទីក្រុងមូស្គូ បន្ទាប់ពីវាត្រូវបានវាយប្រហារដោយកងកម្លាំងអ៊ុយក្រែន។
ប្រភពព័ត៌មានដដែលបានរាយការណ៍ថា នៅក្នុងទីក្រុង Domodedovo មជ្ឈមណ្ឌលផលិតកម្ម និងភស្តុភារ Severnoye Domodedovo ក៏ត្រូវបានឆាបឆេះផងដែរក្នុងអំឡុងពេលនៃការវាយប្រហារនោះ។
យោងតាម Exilenova Plus មានសេចក្តីរាយការណ៍អំពីការវាយប្រហាររបស់អ៊ុយក្រែន និងសំឡេងនៃប្រព័ន្ធការពារដែនអាកាសដែលកំពុងដំណើរការនៅក្នុងទីក្រុង Chekhov។
អាជ្ញាធរមិនទាន់បានធ្វើអត្ថាធិប្បាយលើការវាយប្រហារទាំងនេះនៅឡើយទេ ហើយព័ត៌មានលម្អិតមិនអាចត្រូវបានផ្ទៀងផ្ទាត់ភ្លាមៗដោយសារព័ត៌មាន Kyiv Independent បានទេ។
អ៊ុយក្រែនតែងតែវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធយោធានៅជ្រៅក្នុងទឹកដីរុស្ស៊ី និងតំបន់ដែលរុស្ស៊ីកាន់កាប់ ក្នុងគោលបំណងកាត់បន្ថយសមត្ថភាពរបស់ទីក្រុងម៉ូស្គូក្នុងការបន្តធ្វើសង្គ្រាម។
ប្រធានាធិបតី Volodymyr Zelensky បានបញ្ជាក់នៅថ្ងៃទី ១៥ ខែសីហាថា កងកម្លាំងអ៊ុយក្រែនបានវាយប្រហារមូលដ្ឋានទ័ពអាកាសយោធា Savasleyka របស់រុស្ស៊ី និងទីតាំងសំខាន់មួយរបស់ទីភ្នាក់ងារ Roscosmos នៅក្នុងតំបន់ Samara ដោយប្រើប្រាស់មីស៊ីល Flamingo ដែលផលិតក្នុងស្រុក។
អគ្គសេនាធិការកងទ័ពអ៊ុយក្រែនបានឱ្យដឹងថា នៅយប់ថ្ងៃទី ១៤ ខែសីហា អ៊ុយក្រែនបានវាយប្រហារកំពង់ផែដ៏ធំបំផុតមួយរបស់រុស្ស៊ីនៅសមុទ្របាល់ទិក ដែលបណ្តាលឱ្យខូចខាតរោងចក្រកែច្នៃចំនួនពីរ និងបង្កឱ្យមានអគ្គិភ័យឆាបឆេះ។
យោងតាមការរាយការណ៍របស់ប៉ុស្តិ៍ Telegram ឈ្មោះ Supernova Plus នៅតំបន់ Voronezh Oblast មជ្ឈមណ្ឌលដឹកជញ្ជូនទំនិញរបស់ក្រុមហ៊ុន Wildberries នៅក្នុងភូមិ Novaya Usman របស់រុស្ស៊ី បានឆាបឆេះយ៉ាងសន្ធោសន្ធៅនៅថ្ងៃទី ១១ ខែសីហា បន្ទាប់ពីមានការផ្ទុះជាបន្តបន្ទាប់នៅទីតាំងនោះចំពេលដែលមានការវាយប្រហារពីសំណាក់អ៊ុយក្រែន។
ការវាយប្រហារនេះត្រូវបានបញ្ជាក់នៅពេលក្រោយដោយលោក Robert Brovdi ដែលជាមេបញ្ជាការកងកម្លាំងប្រព័ន្ធគ្មានមនុស្សបើក (Unmanned Systems Forces) របស់អ៊ុយក្រែន។
ក្រុមហ៊ុន Wildberries មានដាក់លក់សម្ភារៈយោធាជាច្រើនប្រភេទនៅលើគេហទំព័ររបស់ខ្លួន រួមទាំងគ្រឿងបន្លាស់យន្តហោះគ្មានមនុស្សបើក (drone) និងអាវក្រោះការពារខ្លួន។ សាខាផ្នែកធនាគាររបស់ក្រុមហ៊ុននេះត្រូវបានសហភាពអឺរ៉ុបដាក់ទណ្ឌកម្មកាលពីខែកក្កដា ដោយសារតែការរួមចំណែកផ្នែកហិរញ្ញវត្ថុដល់ថវិការដ្ឋរបស់រុស្ស៊ី។ ក្រុមហ៊ុន Wildberries ក៏ដើរតួនាទីយ៉ាងសំខាន់នៅក្នុងវិស័យសេដ្ឋកិច្ចប្រើប្រាស់របស់រុស្ស៊ីផងដែរ៕/
ប្រភព៖ Kyiv independent

