ព័ត៌មានជាតិ

ពិធីចុះហត្ថលេខាលើសំណើសុំកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ

ដោយ : បន្ទាយ

បាត់ដំបង ៖ លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងលោកអ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើសំណើសុំកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។ ពិធីនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តបាត់ដំបង។

យោងមន្ត្រីខេត្តបាត់ដំបងពីក្នុងកិច្ចប្រជុំនោះថា បន្ទាប់ពីការចុះសិក្សា និងពិនិត្យទីតាំងជាក់ស្តែង រដ្ឋបាលខេត្តទាំងពីរ បានប្រជុំពិភាក្សា និង សម្រេចឯកភាពគ្នាដោយផ្អែកលើគោលការណ៍ច្បាប់ រៀបចំសំណើសុំកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ។

គឺក្រោយពីមានសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ស្តីពីការកំណត់ព្រំប្រទល់រដ្ឋបាលរាជធានី-ខេត្ត ក្រុង-ស្រុក និងឃុំ-សង្កាត់ ដែលពុំទាន់មានភាពច្បាស់លាស់ ដើម្បីធានាឱ្យការគ្រប់គ្រងរដ្ឋបាលនៅតំបន់ព្រំប្រទល់មានភាពច្បាស់លាស់ ប្រសិទ្ធភាព និងស្របតាមស្ថានភាពជាក់ស្តែង។

ចំណែកមន្ត្រីពីខេត្តបន្ទាយមានជ័យថា: រដ្ឋបាលខេត្តទាំង២ ចុះហត្ថលេខា លេីសំណេីសុំកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តទាំងពីរ ឱ្យមានភាពច្បាស់លាស់ ក្នុងការគ្រប់គ្រងរដ្ឋបាល សន្តិសុខសណ្តាប់ធ្នាប់ ក៏ដូចជាបម្រើសេវាជូនដល់ប្រជាពលរដ្ឋឱ្យមានលក្ខណៈកាន់តែល្អប្រសើរបន្ថែមទៀត ។

ពិធីចុះហត្ថលេខាលេីសំណេីនេះដឹកនាំដោយ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក សុខ លូ អភិបាលខេត្តបាត់ដំបង ៕