ដោយ៖ស–សម្បត្តិ

ភ្នំពេញ៖ បន្ទាប់ពីការប្រឡងបាក់ឌុប ដែលជាដំណាក់កាលដ៏សំខាន់មួយក្នុងជីវិតសិស្សថ្នាក់ទី១២បានបញ្ចប់វិទ្យាស្ថាន CEO បានរៀបចំឲ្យមានសិក្ខាសាលាពិសេសមួយគឺ«គូសប្លង់ជីវិត ក្រោយពីសិស្សានុសិស្សបានបញ្ចប់ការប្រឡងបាក់ឌុប»របស់ខ្លួន។

សិក្ខាសាលានេះគឺបានរៀបចំធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២៦ ដោយបានចាប់ពីម៉ោង ៨ ព្រឹក ដល់ ១២: ថ្ងៃត្រង់ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុនហៅកាត់ថា (CJCC) ដោយបានចាប់ផ្តើដំណើរការចុះឈ្មោះ និងទទួលស្វាគមន៍អ្នកចូលរួមគឺចាប់ពីម៉ោង ៧:៣០ ព្រឹក។

ធម្មទានាចារ្យ កឹម អឿន នាយកវិទ្យាស្ថានCEO បានឲ្យដឹងថា សិក្ខាសាលានេះមានគោលបំណងផ្តល់ជាវេទិកាដែលមានភាពកក់ក្តៅ និងមានប្រយោជន៍សម្រាប់ប្អូនៗសិស្សានុសិស្ស និងមាតាបិតា ក្នុងការឆ្លុះបញ្ចាំងអំពីជំហានបន្ទាប់ បន្ទាប់ពីបញ្ចប់ការប្រឡង ព្រមទាំងទទួលបានការណែនាំពីអ្នកដឹកនាំ និងអ្នកជំនាញលើការស្គាល់ខ្លួនឯង ការជ្រើសរើសមុខជំនាញ ទិសដៅអាជីព ជំនាញដែលទីផ្សារការងារត្រូវការ ឱកាសសិក្សា និងការរៀបចំផែនការសកម្មភាពសម្រាប់រយៈពេលបន្ទាប់។

ធម្មទានាចារ្យ កឹម អឿន បានបន្ថែមថា តាមរយៈប្រធានបទសំខាន់ៗដូចជា «ផ្ទះមានប្លង់ ដីមានប្លង់… ចុះជីវិតប្អូនៗមានប្លង់ហើយឬនៅ?», «ជ្រើសមុខជំនាញឱ្យត្រូវ៖ កុំជ្រើសតាមមិត្តភក្តិ ត្រូវជ្រើសតាមប្លង់ជីវិត» និង «ពីបាក់ឌុបទៅអាជីព៖ ជំនាញអ្វីខ្លះដែលទីផ្សារការងារត្រូវការ?» សិក្ខាសាលានឹងជួយឱ្យអ្នកចូលរួមយល់ថា ការបញ្ចប់ការប្រឡងមិនមែនជាចុងបញ្ចប់នៃដំណើរទេ ប៉ុន្តែជាចំណុចចាប់ផ្តើមសម្រាប់ការសម្រេចចិត្តថ្មីៗដែលត្រូវការព័ត៌មាន ការពិចារណា និងការរៀបចំផែនការឱ្យបានល្អ។

សិក្ខាសាលានេះ មានវត្តមានវាគ្មិនកិត្តិយសសំខាន់ៗ និងអ្នកដឹកនាំដែលមានបទពិសោធក្នុងវិស័យអប់រំ អាជីវកម្ម ការអភិវឌ្ឍសមត្ថភាព និងទីផ្សារការងារ ដែលរួមមានដូចជា៖ ឯកឧត្តមបណ្ឌិត អោម សេងបូរ៉ា ស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានCEO, លោកជំទាវ សូ សេរីវឌ្ឍនា, អគ្គនាយិកា ក្រុមហ៊ុន Life Education Co., Ltd.; លោក ភូ រ៉ាវ៉ាយ ជាស្ថាបនិក និងអគ្គនាយកស្កឡារ់ា និងឯកឧត្តម អ៊ុំ សារ៉ាវុធ ប្រធានសមាគមសហព័ន្ធភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជាហៅកាត់ថា(CTAFA)បានអញ្ជើញចូលរួមចែករំលែកផ្តល់នូវខ្លឹមសារ និងបទពិសោធសំខាន់ៗដេលជាគន្លឹះជុំវិញប្រធានបទខាងលើជូនទៅដល់អ្នកចូលរួម។

លោកគ្រូធំបណ្ឌិត អោម សេងបូរ៉ា ស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានCEO បានបញ្ជាក់ថា៖ ដើម្បីផ្សារភ្ជាប់ទៅនឹងប្រធានបទប្លង់ជីវិត ដំបូងបង្អស់ប្អូនៗត្រូវចាប់អារម្មណ៍ពីគុណភាពនៃមនុស្សជាមុនសិន។យើងដឹងហើយថានៅក្នុងពិភពលោកនេះគឺមានការបែងចែកកំរិតនៃការរស់នៅមានកំរិតទាប កំរិតមធ្យម និងកំរិតខ្ពស់។ផ្តើមចេញពីបានយល់ដឹងពីរឿងនេះហើយ តើគោលដៅជីវិតរបស់យើងម្នាក់ៗត្រូវធ្វើយ៉ាងដូចម្តេច? ត្រូវរៀបចំគូសប្លង់ជីវិតរបស់ប្ធូនៗម្នាក់ៗឲ្យស្ថិតនៅក្នុងកំរិតមួយណាសម្រាប់អនគតរបស់យើងទាំងអស់គ្នា។
ឯកឧត្តមអ៊ុំ សារ៉ាវុធ ប្រធានសមាគមសហព័ន្ធភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជាហៅកាត់ថា CTAFA ដែលត្រូវបានអញ្ជើញឲ្យចូលរួមជាវាគ្មិនកិត្តិយសនៅក្នុងសិក្ខាសាលា បានលើកឡើងថា៖ ប្អូនៗដែលទើបតែបានប្រឡងបាក់ឌុបបញ្ចប់នៅពេលថ្មីៗនេះ អាចចាត់ទុកបានថា៖ មានសំណាងល្អជាងអ្នកជំនាន់មុនទៅទៀត។សំណាងនៅទីនេះចង់និយាយថា យើងមានគ្រឹះស្ថានឧត្តមសិក្សាទាំងរដ្ឋ ទាំងឯកជន មានកម្មវិធីអាហារូបករណ៍ មានអ្នកជួយណែនាំផ្លូវសម្រាប់ជ្រើសរើសក្នុងការបន្តសិក្សាស្វែងរកចំណេះដឹងដ៏រឹងមាំមួយដើម្បីចិញ្ចឹមជីវិតទៅអនាគត។
ឯកឧត្តមបានសង្កត់ធ្ងន់ថា៖ ប៉ុន្តែដើម្បីសម្រេចបាននូវគោលបំណងដ៏ត្រឹមត្រូវនោះ យើងទាំងអស់គ្នាជាពិសេសប្អូនៗដែលទើបប្រឡងបាក់ឌុបរួចត្រូវតែគូសប្លង់ជីវិតត្រឹមត្រូវ ពោលគឺត្រូវកំណត់គោលដៅច្បាស់លាស់ពិតប្រាកដមួយ។ហើយយើងត្រូវតែធ្វើសកម្មភាពទៅតាមផែនការដោយត្រង់ទៅចំទិសដៅដែលយើងបានកំណត់រួចហើយ ទើបយើងនឹងអាចទទួលបាននូវគុណប្រយោជន៍ឆាប់រហ័ស។ផ្ទុយទៅវិញបើយើងមិនបានគូសប្លង់ជីវិតឬកំណត់ពីទិសដៅឲ្យបានច្បាស់លាស់នោះទេយើងនឹងខាតបង់ពេលវេលាឥតប្រយោជន៍ ហើយយើងនឹងមិនអាចសម្រេចបាននូវអនាគតដ៏ត្រចះត្រចង់ដែលយើងម្នាក់ៗប៉ងប្រាថ្នាចង់បានឡើយ៕

