ដោយ៖ សិរីមតី

ភ្នំពេញ៖គិតត្រឹមដំណាច់ខែកក្កដា ឆ្នាំ២០២៦ កម្ពុជាមានរោងចក្រដែលបានចុះបញ្ជី និងកំពុងដំណើរការចំនួន ៣៣៥៧ រោងចក្រ ដោយផ្តល់ការងារជាង ១,៣៥ លានកន្លែង ក្នុងនោះស្ត្រីមានជាង ៧០%។នេះបើតាមការឱ្យដឹងរបស់ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

នៅក្នុងពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិ (CIMIF 2026) ពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់ និងវាយនភណ្ឌកម្ពុជាអន្តរជាតិ (CTG 2026) និងពិព័រណ៍ឧស្សាហកម្មប្លាស្ទិក កៅស៊ូ ការបោះពុម្ព និងការវេចខ្ចប់កម្ពុជាអន្តរជាតិ លើកទី១០នៅថ្ងៃនេះឯកឧត្តម រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានឱ្យដឹងថា៖ទុនវិនិយោគសរុបក្នុងវិស័យឧស្សាហកម្មធុនធ្ងន់មានប្រមាណ ២៨,០៨ ប៊ីលានដុល្លារអាមេរិក កើនឡើងជាង ២៩% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ២០២៦ តម្លៃផលិតកម្មឧស្សាហកម្មមានជាង ៩,៨ ប៊ីលានដុល្លារអាមេរិក ក្នុងនោះផលិតផលសម្រាប់នាំចេញមានតម្លៃប្រមាណ ៧,៣ ប៊ីលានដុល្លារអាមេរិក។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានជំរុញឱ្យសហគ្រាសកម្ពុជាចាប់យកបច្ចេកវិទ្យាទំនើប ដើម្បីបង្កើនផលិតភាព លើកកម្ពស់គុណភាពផលិតផល និងពង្រឹងសមត្ថភាពប្រកួតប្រជែង។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា៖ «បញ្ញាសិប្បនិម្មិត (AI) ស្វ័យប្រវត្តិកម្មក្នុងខ្សែច្រវាក់ផលិតកម្ម បច្ចេកវិទ្យារ៉ូបូត បច្ចេកវិទ្យាឌីជីថល និងផលិតកម្មឆ្លាតវៃ កំពុងក្លាយជាកត្តាកំណត់សមត្ថភាពប្រកួតប្រជែងរបស់ប្រទេសនីមួយៗ។ សម្រាប់ការប្រកួតប្រជែងសកល កម្ពុជាមិនអាចនៅក្រៅសង្វៀននេះបានទេ។ យើងត្រូវចាប់យកបច្ចេកវិទ្យាថ្មីៗ ដើម្បីបង្កើនផលិតភាព កាត់បន្ថយថ្លៃដើម លើកកម្ពស់គុណភាពផលិតផល និងពង្រឹងភាពប្រកួតប្រជែងសហគ្រាសរបស់យើង»។

ឯកឧត្តម ហែម វណ្ណឌី ក៏បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការធ្វើពិពិធកម្មឧស្សាហកម្ម បន្ថែមលើពីមូលដ្ឋានឧស្សាហកម្មប្រពៃណី តាមរយៈការពង្រីកសមត្ថភាពឧស្សាហកម្មក្នុងវិស័យយានយន្ត និងគ្រឿងបន្លាស់រថយន្ត ការកែច្នៃម្ហូបអាហារ អេឡិចត្រូនិក សារធាតុគីមី គ្រឿងសង្ហារិម និងឧស្សាហកម្មកម្មន្តសាលផ្សេងៗ៕

