ប្រែសម្រួល៖ សហការី

នាវាដឹកប្រេងមួយគ្រឿងដែលប្រើប្រាស់ទង់ជាតិកាមេរូន និងជាកម្មសិទ្ធិរបស់ “កងនាវាសម្ងាត់” (shadow fleet) របស់រុស្ស៊ី បានកំពុងលេចធ្លាយប្រេងចូលទៅក្នុងតំបន់អភិរក្សសមុទ្រនៅឯឆ្នេរសមុទ្រប្រទេសអូម៉ង់ ចាប់តាំងពីចុងខែកក្កដាមកម្ល៉េះ ដែលបង្កជាហានិភ័យនៃគ្រោះមហន្តរាយផ្នែកបរិស្ថានពិភពលោក។

ទីភ្នាក់ងារព័ត៌មានរដ្ឋអូម៉ង់ (Oman News Agency) បានរាយការណ៍នៅថ្ងៃទី ១០ ខែសីហាថា អាជ្ញាធរអូម៉ង់បានចាប់ផ្តើម “វិធានការឆ្លើយតបដ៏ទូលំទូលាយ” ដើម្បីគ្រប់គ្រងនាវាឈ្មោះ Caroline Bezengi នេះ និងកាត់បន្ថយផលប៉ះពាល់លើប្រព័ន្ធអេកូឡូស៊ីសមុទ្រ ក៏ដូចជាសុវត្ថិភាពនៃការធ្វើនាវាចរណ៍។

នាវានេះត្រូវបានដាក់ទណ្ឌកម្មដោយអ៊ុយក្រែន សហភាពអឺរ៉ុប ចក្រភពអង់គ្លេស កាណាដា និងស្វីស ដោយវាត្រូវបានចាត់ទុកថាជាផ្នែកមួយនៃនាវាប្រហែល ១.៤០០ គ្រឿងដែលមានសភាពចាស់ទ្រុឌទ្រោម និងមានហានិភ័យខ្ពស់ គ្មានការធានារ៉ាប់រង និងចុះបញ្ជីនៅប្រទេសទីបី ដែលបានជួយរុស្ស៊ីក្នុងការគេចវេះពីទណ្ឌកម្មរបស់បស្ចិមលោក។
ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា នាវាដឹកប្រេងនេះបានជាប់គាំងនៅក្បែរកោះ Al-Qibliyyah អស់រយៈពេលជាងមួយខែមកហើយ ហើយមានហេតុការណ៍ផ្ទុះបានកើតឡើងនៅថ្ងៃទី ៦ ខែមិថុនា។ ទិន្នន័យចុងក្រោយពីគេហទំព័រតាមដាននាវា Marine Traffic បង្ហាញថា នាវា Caroline Bezengi នៅតែស្ថិតក្នុងតំបន់នោះនៅត្រឹមថ្ងៃទី ១១ ខែមិថុនា។មិនទាន់មានភាគីណាមួយចេញមុខទទួលខុសត្រូវចំពោះហេតុការណ៍នេះនៅឡើយទេ។
អង្គការក្រៅរដ្ឋាភិបាលផ្នែកបរិស្ថាន Greenpeace បានប៉ាន់ប្រមាណថា កប៉ាល់នោះផ្ទុកប្រេងចំនួន ៨០០,០០០បារ៉ែល ដែលបានកំពប់ចូលទៅក្នុងតំបន់អភិរក្សសមុទ្រអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសអូម៉ង់ ទីភ្នាក់ងារបរិស្ថានរបស់ប្រទេសនេះបានឱ្យដឹងថា ស្រទាប់ប្រេងដែលកំពប់បានរីករាលដាលគ្របដណ្តប់លើផ្ទៃដីទំហំ ៣៩០គីឡូម៉ែត្រការ៉េ ប្រហែល(១៥០ម៉ាយការ៉េ) ដោយលាតសន្ធឹងពីកោះ Hallaniyat ឆ្ពោះទៅកាន់ឆ្នេរសមុទ្រដីគោក។
អង្គការ Greenpeace បានផ្តល់ការប៉ាន់ប្រមាណខ្ពស់ជាងនេះ ដោយរាយការណ៍ថា តំបន់ដែលរងផលប៉ះពាល់បានកើនឡើងពីទំហំ ៤៥គីឡូម៉ែត្រការ៉េ ប្រហែល(១៧ម៉ាយការ៉េ) នៅថ្ងៃទី២៦ ខែកក្កដា ទៅជា ៦០០គីឡូម៉ែត្រការ៉េ (២៣០ម៉ាយការ៉េ) គិតត្រឹមថ្ងៃទី៤ ខែសីហា។
លោកស្រី Nina Noelle អ្នកជំនាញផ្នែកគ្រោះមហន្តរាយបរិស្ថានមកពីអង្គការ Greenpeace ប្រចាំប្រទេសអាល្លឺម៉ង់ បានមានប្រសាសន៍ថា៖ «នេះគឺជាការកើនឡើងយ៉ាងគំហុក ដែលបង្ហាញពីការធ្លាក់ចុះនៃស្ថានភាពរបស់នាវា»។
លោកស្រី Hanen Keskes សកម្មជនរបស់អង្គការ Greenpeace បានព្រមានថា៖ «សត្វអណ្តើកសមុទ្រពឹងផ្អែកលើឆ្នេរខ្សាច់នៃកោះទាំងនេះសម្រាប់ការធ្វើសំបុក និងការទម្លាក់ពង ខណៈដែលប្រភេទសត្វស្លាបសមុទ្រជាច្រើនក៏ពឹងផ្អែកលើកោះទាំងនេះជាទីកន្លែងបង្កាត់ពូជដ៏សំខាន់ផងដែរ។ ដែនទឹកជុំវិញតំបន់នោះក៏ជាជម្រករបស់ត្រីបាឡែនប្រភេទ Arabian Sea humpback whale ដែលកម្រជួបប្រទះផងដែរ»។
លោក Abdullah bin Ali Al-Omari ប្រធានទីភ្នាក់ងារបរិស្ថានរបស់ប្រទេសអូម៉ង់ បានប្រាប់ទូរទស្សន៍ Oman TV News កាលពីថ្ងៃទី ៩ ខែសីហាថា «ផែនការជាតិសម្រាប់ដោះស្រាយករណីកំពប់ប្រេង» ត្រូវបានដាក់ឱ្យដំណើរការ ហើយវិធានការកាត់បន្ថយផលប៉ះពាល់រួមមាន «ការបិទជួសជុលរន្ធនានា ការព្យាយាមធ្វើឱ្យនាវាមានលំនឹងឡើងវិញ និងការចុះមុជទឹកដើម្បីពិនិត្យមើលស្ថានភាពសុវត្ថិភាពនៃធុងផ្ទុកប្រេងនៅក្រោមទឹក»។
ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បណ្តាប្រទេសនៅអឺរ៉ុបបានបង្កើនការត្រួតពិនិត្យ និងការស្ទាក់ចាប់នាវាដែលស្ថិតក្នុងក្រុមនាវាដឹកជញ្ជូនសម្ងាត់ (shadow fleet) ដោយសារតែមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីបញ្ហាបរិស្ថាន។
«នាវាស្រមោលគឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន ហើយមិនអើពើនឹងច្បាប់សុវត្ថិភាព» នេះបើតាមសម្ដីរបស់លោកស្រី Anitta Hipper អ្នកនាំពាក្យសហភាពអឺរ៉ុបសម្រាប់គោលនយោបាយការបរទេស និងសន្តិសុខ បានប្រាប់កាសែត Kyiv Independent។
ឆ្មាំសមុទ្រស៊ុយអែតក៏បានព្រមានផងដែរថា «កង្វះសុវត្ថិភាព ការថែទាំ និងសមត្ថភាព គឺជាការគំរាមកំហែងដល់បរិស្ថាន និងចរាចរណ៍ផ្លូវសមុទ្រផ្សេងទៀត»។
សហភាពអឺរ៉ុបក៏បានពង្រីកវិសាលភាពនៃប្រតិបត្តិការកងទ័ពជើងទឹករបស់ខ្លួន Atalanta ក្នុងខែកក្កដា ដើម្បីស្ទាក់ចាប់នាវាស្រមោលនៅក្នុងមហាសមុទ្រឥណ្ឌា មានន័យថា ប្លុកនេះអាចស្ទាក់ចាប់នាវាដែលសង្ស័យនៅជិតប្រទេសអូម៉ង់នាពេលអនាគត មុនពេលពួកគេបង្កការខូចខាត៕/

