ព័ត៌មានជាតិ

ព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតង ឆ្នាំ២០២៦ នៅខេត្តស្ទឹងត្រែង ទាក់ទាញអ្នកចូលរួមជាង ១២.០០០នាក់

ដោយ៖ សុខុម

ស្ទឹងត្រែង៖ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តស្ទឹងត្រែង បានសហការរៀបចំ «ព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតង ឆ្នាំ២០២៦» ក្រោមមូលបទ «សក្តានុពលអេកូទេសចរណ៍នៅតំបន់ភូមិភាគឦសាន ក្នុងរដូវកាលបៃតង ឆ្នាំ២០២៦» ដោយបានទាក់ទាញភ្ញៀវទេសចរ និងអ្នកចូលរួមសរុបចំនួន ១២.០៥៨នាក់ ក្នុងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦។

ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងលើកកម្ពស់សក្តានុពលទេសចរណ៍ធម្មជាតិ អេកូទេសចរណ៍ និងផលិតផលទេសចរណ៍នៅតំបន់ភូមិភាគឦសាន ព្រមទាំងជំរុញការធ្វើដំណើរទេសចរណ៍ក្នុងរដូវកាលបៃតង និងរួមចំណែកបង្កើនសកម្មភាពសេដ្ឋកិច្ចក្នុងមូលដ្ឋាន។

ក្នុងឱកាសនេះ មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានចូលរួមរៀបចំ និងបង្ហាញសកម្មភាពទេសចរណ៍ជាច្រើន រួមមានសកម្មភាព «រត់ដើម្បីសត្វផ្សោតទន្លេមេគង្គ» ដែលមានគោលបំណងផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ធម្មជាតិ និងអេកូទេសចរណ៍នៅតាមដងទន្លេមេគង្គ ព្រមទាំងលើកកម្ពស់ការយល់ដឹងអំពីការអភិរក្សធនធានធម្មជាតិ និងសត្វផ្សោតទន្លេមេគង្គ។

ព្រឹត្តិការណ៍ដ៏អធិកអធមនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដោយមានការចូលរួមពី ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងក្រុមអ្នកផលិតមាតិកាជាច្រើននាក់ ដែលបានចូលរួមផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ និងភាពទាក់ទាញនៃព្រឹត្តិការណ៍នេះ។

ជាមួយគ្នានេះ លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានបញ្ជាក់ថា បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍ អ្នកចូលរួមសរុបមានចំនួន ១២.០៥៨នាក់ ក្នុងនោះរួមមាន៖
ភ្ញៀវជាតិ៖ ១២.០២៨នាក់, ភ្ញៀវបរទេស ៣០នាក់។

តួលេខនេះបង្ហាញពីការចាប់អារម្មណ៍ និងការគាំទ្ររបស់ភ្ញៀវទេសចរ និងសាធារណជនចំពោះព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតង ព្រមទាំងបង្ហាញពីសក្តានុពលរបស់ខេត្តស្ទឹងត្រែង ក្នុងការអភិវឌ្ឍទេសចរណ៍ធម្មជាតិ អេកូទេសចរណ៍ និងទេសចរណ៍ប្រកបដោយចីរភាព។

ព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតង ឆ្នាំ២០២៦ ក៏ជាឱកាសសំខាន់មួយក្នុងការភ្ជាប់តំបន់ទេសចរណ៍ សហគមន៍ និងផលិតផលក្នុងស្រុកជាមួយទីផ្សារទេសចរណ៍ ដើម្បីបង្កើនភាពទាក់ទាញរបស់ខេត្តស្ទឹងត្រែង និងតំបន់ភូមិភាគឦសាន ឱ្យកាន់តែមានភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕