ដោយ៖ លន ស្រស់

ភ្នំពេញ៖ ស្របតាមបរិវត្តកម្មឌីជីថលរបស់អគ្គនាយកដ្ឋានពន្ធដារ មុខងារ ស្នើសុំអាជ្ញាបណ្ណភ្នាក់ងារសេវាកម្មពន្ធដារ នៃប្រព័ន្ធគ្រប់គ្រងវិញ្ញាបនបត្រពន្ធដារ ត្រូវបានដាក់ឲ្យប្រើប្រាស់ក្នុងគោលបំណងផ្តល់ភាពងាយ ស្រួល និងឆាប់រហ័សប្រកបដោយតម្លាភាព គណនេយ្យភាពក្នុងការស្នើសុំបន្តសុពលភាព ព្យួរ ឬធ្វើបច្ចុប្បន្នភាពអាជ្ញាបណ្ណភ្នាក់ងារសេវាកម្មពន្ធដារ ។
បុគ្គលស្នើសុំអាចដាក់ពាក្យស្នើសុំ “ អាជ្ញាបណ្ណភ្នាក់ងារសេវាកម្មពន្ធដារ “ តាមប្រព័ន្ធគ្រប់គ្រងការស្នើសុំវិញ្ញាបនបត្រពន្ធដារ តាមជំហានដូចតទៅ៖
ជំហានទី១៖ ចូលទៅកាន់គេហទំព័ររបស់អគ្គនាយកដ្ឋានពន្ធដារដែលមានអាសយដ្ឋាន WWW.tax.gov.kh ជ្រើសរើសសេវាកម្មអេឡិចត្រូនិកពន្ធដារ បន្ទាប់មកជ្រើសរើស “ ប្រព័ន្ធគ្រប់គ្រងវិញ្ញាបនបត្រពន្ធដារ “ ដោយប្រើប្រាស់គណនីដែលមានស្រាប់ដែលបានប្រើប្រាស់សម្រាប់ចូលប្រព័ន្ធផ្សេងៗទៀតរបស់អគ្គនាយកដ្ឋានពន្ធដារ ឬចុច “ បង្កើតគណនីថ្មី “ សម្រាប់អ្នកដែលមិនធ្លាប់ចូលប្រើប្រាស់ប្រព័ន្ធ។
ជំហានទី២ ៖ ជ្រើសរើសមុខងារ “ ស្នើសុំអាជ្ញាបណ្ណភ្នាក់ងារសេវាកម្មពន្ធដារ “ រួចជ្រើសរើសប្រភេទនៃការស្នើសុំ ( ស្នើសុំថ្មី បន្តសុពលភាព ព្យួរឬធ្វើបច្ចុប្បន្នភាពអាជ្ញាបណ្ណ) បន្ទាប់មកបំពេញនិងពិនិត្យព័ត៌មានអ្នកស្នើសុំ ព័ត៌មានសហគ្រាសស្នើសុំ ព័ត៌មានផ្សេងទៀតដែលប្រព័ន្ធតម្រូវតាមប្រភេទស្នើសុំ និងព័ត៌មានបុគ្គលិកឲ្យបានត្រឹមត្រូវ។
បញ្ជាក់៖ សម្រាប់ព័ត៌មានបុគ្គលិក សូមបំពេញតែព័ត៌មានបុគ្គលិកដែលទទួលបន្ទុកផ្តល់សេវាកម្មពាក់ព័ន្ធនឹងពន្ធដារតែប៉ុណ្ណោះ ។
ជំហានទី៣ ៖ បង់កម្រៃសេវាអាជ្ញាបណ្ណភ្នាក់ងារសេវាកម្មពន្ធដារ និងដាក់ពាក្យស្នើសុំ៖
_ ករណីស្នើសុំអាជ្ញាបណ្ណថ្មី ឬបន្តសុពលភាព សូមចុច “ បង់កម្រៃសេវាភ្នាក់ងារសេវាកម្មពន្ធដារ និងដាក់ស្នើ “ ដើម្បីបង់ប្រាក់កម្រៃសេវាអាជ្ញាបណ្ណ ក្រោយពីបង់ប្រាក់កម្រៃសេវារួចប្រព័ន្ធនឹងបញ្ជូនការស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារដោយស្វ័យប្រវត្តិ
_ ករណីស្នើសុំព្យួរអាជ្ញាបណ្ណ ឬបច្ចុប្បន្នភាព សូមចុច “ ដាក់ស្នើ “ តែម្តងដោយមិនតម្រូវឲ្យបង់ប្រាក់កម្រៃសេវាលើការព្យួរអាជ្ញាបណ្ណ ឬបច្ចុប្បន្នភាពនោះទេ ។
ក្រោយទទួលបានពាក្យស្នើសុំ អគ្គនាយកដ្ឋានពន្ធដារនឹងពិនិត្យសម្រេចក្នុងរយៈពេល៧ថ្ងៃនៃថ្ងៃធ្វើការ ដោយជូនដំណឹងតាមរយៈសារអេឡិចត្រូនិក ឬលោកអ្នកអាចពិនិត្យក្នុងប្រព័ន្ធផ្ទាល់តែម្តង។ ក្នុងករណី អគ្គនាយកដ្ឋានពន្ធដារ អនុញ្ញាតតាមការស្នើសុំ លោកអ្នកអាចបោះពុម្ភអាជ្ញាបណ្ណភ្នាក់ងារសេវាកម្មពន្ធដារ ឬលិខិតអនុញ្ញាតចេញពីប្រព័ន្ធដោយខ្លួនឯងបាន ៕
អត្ថបទនិងរូបភាព៖ ព្រឹត្តិបត្រព័ត៌មានអគ្គនាយកដ្ឋានពន្ធដារ

