ដោយ÷សុខុម
សៀមរាប÷ ឃាត.កម្មសម្លា.ប់នារីម្នាក់ក្នុងបន្ទប់ជួលមួយនៅរាជធានីភ្នុំពេញកាលពីកន្លងទៅមកដល់ថ្ងៃទី២៨មិថុនា២០២៤ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការស្រាវជ្រាវបំបែកសំណុំរឿងចាប់ជនសង្ស័យបាននៅខេត្តសៀមរាប។
សូមរំលឹកថា កាលពីយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ មានករណីឃាតកម្មសម្លា.ប់ នៅចំណុចបន្ទប់ជួលគ្មានលេខជាន់ទី១ ទីតាំងលេខ២៣ ផ្លូវលេខ២៨៧ ភូមិ១១ ក្រុម៤១ សង្កាត់បឹងកក់១ ខណ្ឌទួលគោគ រាជធានីភ្នំពេញ។ក្រោយពីបើកការស្រាវជ្រាវ សមត្ថកិច្ចកំណត់មុខសញ្ញាឃាតកជាសង្សាររបស់ជនរងគ្រោះ។
សមត្ថកិច្ចបាននិយាយថា ក្រោយកើតហេតុ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការស្រាវជ្រាវជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងតំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប។
លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលខេត្តសៀមរាប កំណត់បានទីតាំងលាក់ខ្លួន និងឈានដល់ការចាប់ខ្លួននៅយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចមុខវិទ្យាល័យអង្គរ ក្រុងសៀមរាប ខេត្តសៀមរាប។
ជនសង្ស័យឈ្មោះ ចាន់ ដាលីន អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកភោជនីយដ្ឋាន ស៊ីក នេតឈ័រ កូហ្វីលអេនផាប ទីលំនៅស្នាក់នៅបន្ទប់កើតហេតុខាងលើ និងទីលំនៅកំណើតនៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ ដោយឡែក សពជនរងគ្រោះឈ្មោះ សួន មករា ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែ មុខរបរបុគ្គលិកភោជនីយដ្ឋាន ស៊ីក នេតឈ័រ កូហ្វីលអេនផាប ទីលំនៅស្នាក់នៅបន្ទប់កើតហេតុខាងលើ។
ជនសង្ស័យបានសារភាពថា មូលហេតុដែលខ្លួនច្របាច់កសម្លាប់នារីដែលជាសង្សារ ព្រោះតែរឿងប្រច័ណ្ឌ។
ក្រោយឃាត់ខ្លួន កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ជនដៃដល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសួរនាំ និងកសាងសំណុំរឿងតាមនីតិវិធី៕