សន្ដិសុខសង្គម

សមត្ថកិច្ចនៅមិនទាន់ចាប់ខ្លួនបានអ្នកបើកបររថយន្តដឹកខ្សាច់បុកមន្ត្រីពន្ធនាគារម្នាក់ស្លាប់តាមដងផ្លូវនៅឡើយ

ដោយ÷សុខុម
ភ្នំពេញ ៖ មកដល់ថ្ងៃទី៨ ឧសភា ២០២៤ សមត្ថកិច្ចនៅមិនទាន់ចាប់ខ្លួនអ្នកបើកបររថយន្តដឹកខ្សាច់បុកម៉ូតូបណ្ដាលឱ្យមន្ត្រីពន្ធនាគារខេត្តកណ្តាលម្នាក់ស្លាប់នៅឡើយ។

ហេតុការណ៍នេះ បានកើតឡើងកាលពីយប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ នៅទល់មុខច្រកចូលដេប៉ូខ្សាច់មួយកន្លែង តាមបណ្ដោយផ្លូវ៣៦៩ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានបញ្ជាក់នៅក្រោយហេតុការណ៍ថា ជនរងគ្រោះឈ្មោះ សួង សុភ័ក្រ ភេទប្រុស អាយុ៥៥ឆ្នាំ ជាមន្ត្រីអនុរក្សថ្នាក់លេខ២ ឋានៈ ប្រធានផ្នែក នៃពន្ធនាគារខេត្តកណ្ដាល មានស្រុកកំណើតនៅភូមិអន្លង់រមៀតខាងជើង ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា ៖ គេបានឃើញជនរងគ្រោះជិះម៉ូតូម៉ាក ZUSUKI VIVA ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CI-3080 ចេញពីផ្ទះទៅម្ដុំព្រែកប្រា ក្នុងគោលបំណងទៅប្រចាំការនៅពន្ធនាគារខេត្តកណ្ដាល។នៅពេលធ្វើដំណើរតាមបណ្ដោយផ្លូវ៣៦៩ ទិសដៅពីជើងទៅត្បូងដល់ចំណុចកើតហេតុ ក៏ស្រាប់រថយន្តប្រភេទបែនដឹកខ្សាច់ម៉ាក DAEWOO ពណ៌ទឹកក្រូច ពាក់ផ្លាកលេខ ភ្នំពេញ 3F-8731 ធ្វើដំណើរតាមបណ្ដោយផ្លូវ ៣៦៩ ក្នុងទិសដៅពីត្បូងទៅជើងបញ្ច្រាសទិសគ្នា ហើយបួងចង្កូតបត់ចូលដេប៉ូខ្សាច់ជ្រុលបុកនិងកិនអូសម៉ូតូទាំងមនុស្សពីក្រោមរថយន្តជនរងគ្រោះកៀបជាប់ក្រោមកង់រថយន្តខាងក្រោយស្លាប់យ៉ាងអាណោចអាធ័ម ។ពេលនោះអ្នកបើកបររថយន្តបើកទ្វារចុះរត់គេចខ្លួន ទុករថយន្តកិនជាប់មនុស្សនិងម៉ូតូនៅកន្លែងកើតហេតុ ។

ក្រោយមកកម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌច្បារអំពៅ ចុះទៅពិនិត្យនិងទាក់ទងសាច់ញាតិ ឱ្យមកកន្លែងកើតហេតុដើម្បីទទួលសព។ចំណែកមធ្យោបាយរថយន្តនិងម៉ូតូសមត្ថកិច្ចជំនាញយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីច្បាប់ ៕