សន្ដិសុខសង្គម

ផឹកស្រាថ្នាំ ទាស់សម្ដី ឈានដល់មានស្លាប់ របួសនិងចូលគុក

ដោយ៖ បន្ទាយ

បន្ទាយមានជ័យ៖ កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ  នឹម កុយ (ហៅម៉ាប់)  ភេទប្រុស អាយុ៤២ឆ្នាំ ទីលំនៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ករណីហិង្សាដោយចេតនា ស្ថានទម្ងន់ទោសដោយសារបានសម្លាប់ជនរងគ្រោះ។

នេះបើតាមលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងកាលពីថ្ងៃទី០៦ខែឧសភា ។

សូមរំលឹកថា កាលពីវេលាម៉ោង១២និង៥៥នាទី ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឈានដល់ឃាត់ខ្លួនជនសង្ស័យ បន្ទាប់ពីពួកគេប្រព្រឹត្តកាលពីវេលាម៉ោង១៧និង២០នាទី ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចទល់មុខក្លឹបកម្សាន្ត ស្តា ស៊ីធី ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

យោងពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ  សេង វាសនា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។

ដើមបណ្តឹងបានឱ្យដឹងបន្តថា កាលពីថ្ងៃកើតហេតុ  ពួកគេមានគ្នាចំនួន០៥នាក់ រួមជាមួយនិងឈ្មោះ  សាក់  (ជនរងគ្រោះដែលស្លាប់)  បាននាំគ្នាទៅអង្គុយផឹកស្រាថ្នាំនៅផ្ទះរបស់ឈ្មោះទូច ។

បន្ទាប់មក បាននាំគ្នាទៅផឹកបន្តនៅវាលស្មៅទល់មុខក្លឹបកម្សាន្តស្តា ស៊ីធី ដែលជាកន្លែងដែលពួកខ្លួនរើសអេតចាយ ។ខណ:ពេលនោះជនដៃដល់ឈ្មោះ  ម៉ាប់ (នឹម កុយ) បានជិះកង់មកដល់កន្លែងជនរងគ្រោះអង្គុយ  និងបានសុំផឹកជាមួយគ្នា  ។

តមក ជនរងគ្រោះឈ្មោះសាក់(ស្លាប់)  និងជនដៃដល់បានទាស់ពាក្យសម្ដីគ្នា ។ជនសង្ស័យបានដើរទៅយកញញួរពីក្នុងការុងរើសអេតចាយ វាយត្រូវក្បាលពីក្រោយជាច្រើនញញួរទៅលើជនរងគ្រោះឈ្មោះ  សាក់  ត្រូវចំក្បាលជាច្រើនញញួរបណ្តាលឲ្យស្លាប់ភ្លាមៗក្នុងថ្លុកឈាម។

ចំណែកដើមបណ្តឹង ឈ្មោះ  សេង វាសន ក៏ត្រូវជនដៃដល់វាយត្រូវចំនួន០២ញញួរចំក្បាលបណ្តាលឱ្យរងរបួសធ្ងន់ផងដែរ។

ក្រោយពីទទួលបានព័ត៌មាន កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ រហូតកំណត់មុខសញ្ញាជនសង្ស័យ ឈានដល់ការឃាត់ខ្លួន  ព្រមទាំងវត្ថុតាងញញួរដែកថ្នាំងអំពៅកែច្នៃ ចំនួន០១ដើម  នាំមកមូលដ្ឋានក្រុងប៉ោយប៉ែត។

ជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានយកញញួរវាយទៅលើជនរងគ្រោះពិតប្រាកដមែន ដោយសារស្រវឹងនិងទាស់សម្ដីគ្នាតិចតួច ។

លោកវរសេនីយ៍ឯក ម៉ែន  ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យទទួលការងារស្រាវជ្រាវ  និងបង្ក្រាបបទល្មើស បានឱ្យដឹងថា  ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ។

កម្លាំងការិយាល័យព្រហ្មទណ្ឌ  កងរាជអាវុធហត្ថខេត្ត បានបញ្ជូនទៅសាលាដំបូងខេត្តហើយនៅរសៀលទី០៦ ខែឧសភា ឆ្នាំ ២០២៤ ដើម្បីអនុវត្តតាមនីតិវិធី  ៕