សន្ដិសុខសង្គម

ភ្លៀងកក់ខែ លាយឡំខ្យល់កន្ត្រាក់លើ៣ឃុំនៅស្រុកថ្មពួក បង្កប៉ះពាល់និងខូចខាតផ្ទះពលរដ្ឋ៥២ខ្នង ,ធ្ងន់១៧ខ្នង

ដោយ  ៖ បន្ទាយ

បន្ទាយមានជ័យ ៖ ភ្លៀងកក់ខែ លាយខ្យល់កន្ត្រាក់លើ៣ឃុំនៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បង្កប៉ះពាល់និងខូចខាតផ្ទះពលរដ្ឋ៥២ខ្នង, ធ្ងន់១៧ខ្នង ប៉ុន្តែមិនមានមនុស្សរងរបួសឬស្លាប់នោះឡើយ។

គ្រោះធម្មជាតិនេះបានកើតឡើងពីម៉ោង៣និង៣០នាទីដល់ម៉ោង៤និង១០នាទីល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ ។

លោកលាវ គុណ មេឃុំថ្មពួកបានប្រាប់សារព័ត៌មាន Cambodia Flash News (CFN) នាថ្ងៃទី០៦ ខែឧសភាថា៖ ភ្លៀងកក់ខែតិច(រលឹម)លើកដំបូង លាយឡំខ្យល់កន្ត្រាក់ខ្លាំងនោះ សម្រាប់ឃុំថ្មពួកបង្កឲ្យប៉ះពាល់និងខូចខាតផ្ទះសំបែងពលរដ្ឋចំនួន៤៣ខ្នង ។ក្នុងនោះខូចខាតធ្ងន់ធ្ងរ(រលំឬដួលពីជើងតាង) ចំនួន១២ខ្នង ។

ក្រុមការងារចុះជួយមូលដ្ឋាន កងកម្លាំងទាំង៣ប្រភេទបានពិនិត្យ សង្រ្គោះទាំងយប់ ដូចជារុករកក្រែងលោមានមនុស្សរងគ្រោះ និងជួយរុះរើសំណង់ខ្លះដើម្បីសម្រួលទីជម្រកស្នាក់នៅបណ្តោះអាសន្នជូនពលរដ្ឋ។

ចំណែកលោកហេង សុភក្តិ មេឃុំបន្ទាយឆ្មារប្រាប់សារព័ត៌មាននាថ្ងៃទី០៦ខែឧសភាថា៖  គ្រោះធម្មជាតិនៅដំណាលគ្នានោះ នៅភូមិដងរែកឃុំបន្ទាយឆ្មារ រងផលប៉ះពាល់និងខូចខាតផ្ទះពលរដ្ឋ៤ខ្នង ។ក្នុងនោះ៣ខ្នង ខូចធ្ងន់។រីឯនៅឃុំគំរូ ខូចខាតផ្ទះពលរដ្ឋចំនួន៥ខ្នង ក្នុងនោះខូចធ្ងន់២ខ្នង ។

លុះព្រឹកថ្ងៃទី០៦ខែឧសភា  ក្រុមការងារថ្នាក់ខេត្ត ស្រុកនិងកងកម្លាំងទាំង៣បានចេញទីជួយអន្តរាគមន៍រុះរើនិងជួយជួសជុលផ្ទះជូនពលរដ្ឋជាបន្តបន្ទាប់ ។ដោយសម្ភារ សំណង់ ស័ង្កសី គឺក្រុមការងារបានរៃអង្គាសគ្នា៕