អន្តរជាតិ

សភាអាមេរិកនឹងអនុម័តច្បាប់ថវិកា ៩៥ពាន់លានដុល្លារនៅថ្ងៃសៅរ៍សម្រាប់អ៊ុយក្រែន អ៊ីស្រាអែល និងតៃវ៉ាន់

ប្រែសម្រួល៖ស-សម្បត្តិ
សភាអាមេរិកបានគ្រោងនឹងបោះឆ្នោតអនុម័តលើច្បាប់ថវិកានៅចុងសប្តាហ៍នេះដែលជាចញ្ចប់ជំនួយយោធាអាមេរិកចំនួន ៩៥ ពាន់លានដុល្លារសម្រាប់ផ្តល់ឲ្យអ៊ុយក្រែន អ៊ីស្រាអែល និងតៃវ៉ាន់ ក៏ដូចជាមូលនិធិមនុស្សធម៌ផ្សេងៗទៀត បន្ទាប់ពីគណបក្សប្រជាធិបតេយ្យបានជួយគណបក្សសាធារណរដ្ឋយកឈ្នះលើកិច្ចខិតខំប្រឹងប្រែងរបស់សមាជិកស្តាំនិយមដើម្បីរារាំងជំនួយនេះ។

សភាជាន់ទាបបានអនុម័តច្បាប់ថវិការសរុបមួយនេះក្នុងសម្លេងភាគច្រើនយ៉ាងលើសលុបកាលពីថ្ងៃសុក្រ ដើម្បីជម្រះផ្លូវសម្រាប់ការអនុម័តលើកញ្ជប់ថវិកាចំនួនបួនដាច់ដោយឡែកៗពីគ្នានៅក្នុងថ្ងៃសៅរ៏ដែលជាការអនុម័តលើកចុងក្រោយនៃច្បាប់សន្តិសុខជាតិចំនួនបួនដាច់ដោយឡែកៗពីគ្នា។

សម្លេងគាំទ្រសរុប ៣១៦-៩៤ រួមមានសម្លេង “គាំទ្រ” ពី គណបក្សប្រជាធិបតេយ្យ ១៦៥និង ១៥១មកពី គណបក្សសាធារណរដ្ឋ ខណៈដែលគណបក្សប្រជាធិបតេយ្យចំនួន ៣៩ និង ៥៥ មកពីគណបក្សសាធារណរដ្ឋបានប្រឆាំងនឹងច្បាប់នេះ។
ច្បាប់ថវិកាដែលនឹងត្រូវបោះឆ្នោតនៅថ្ងសៅរ៍ត្រូវបានកំណត់ទុក ៦០.៨៤ ពាន់លានដុល្លារសម្រាប់អ៊ុយក្រែនដោយជិត ៨០% នៃចំនួននោះនឹងមានការបំពេញបន្ថែមនូវគ្រាប់កាំភ្លើងធំរបស់អាមេរិក។ ច្បាប់ផ្តល់មូលនិធិ ២៦.៣៨ ពាន់លានដុល្លារសម្រាប់អ៊ីស្រាអែល ជាមួយនឹង ៩ ពាន់លានដុល្លារនៃចំនួននោះសម្រាប់ជំនួយមនុស្សធម៌នៅក្នុងតំបន់ដែលហែកហួរដោយសង្រ្គាមនៅទូទាំងពិភពលោក។ ៨,១២ ពាន់លានដុល្លារសម្រាប់ឥណ្ឌូប៉ាស៊ីហ្វិក ដែលប្រហែលពាក់កណ្តាលត្រូវបានទុកសម្រាប់តៃវ៉ាន់។

លោកប្រធានាធិបតី Biden បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា “ខ្ញុំគាំទ្រចំពោះកញ្ចប់នេះ ដើម្បីទទួលបានការគាំទ្រដ៏សំខាន់ដល់អ៊ីស្រាអែល និងអ៊ុយក្រែន ព្រមទាំងការផ្តល់ជំនួយមនុស្សធម៌ដែលត្រូវការយ៉ាងខ្លាំងដល់ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា និងពង្រឹងសន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក” ។

“សភាត្រូវតែអនុម័តកញ្ចប់នេះនៅសប្តាហ៍នេះ ហើយព្រឹទ្ធសភាគួរតែធ្វើតាមយ៉ាងឆាប់រហ័ស។ខ្ញុំនឹងចុះហត្ថលេខាលើច្បាប់នេះភ្លាមៗ ដើម្បីផ្ញើសារទៅកាន់ពិភពលោក៖ យើងឈរជាមួយមិត្តរបស់យើង ហើយយើងនឹងមិនអនុញ្ញាតឲ្យអ៊ីរ៉ង់ ឬរុស្ស៊ីទទួលបានជោគជ័យនោះទេ”។

មេដឹកនាំសំឡេងភាគច្រើនព្រឹទ្ធសភាលោក Chuck Schumer (D-NY) និងមេដឹកនាំសំឡេងភាគតិចព្រឹទ្ធសភាលោក Mitch McConnell (R-Ky.) អ្នកទាំងពីរបានដាក់សម្ពាធឲ្យប្រធានសភាលោក Mike Johnson អនុម័តច្បាប់ថវិកាចំនួន ៩៥ ពាន់លានដុល្លារដែលត្រូវបានអនុម័តដោយព្រឹទ្ធសភាកាលពីខែកុម្ភៈ។
ប៉ុន្តែច្បាប់នោះបានផ្តល់មូលនិធិបន្ថែមទាំងអស់នៅក្នុងច្បាប់តែមួយ ហើយសមាជិកសភាគណបក្សសាធារណរដ្ឋបានធ្វើការបន្ថែមមួយចំនួនទៅក្នុងកញ្ចប់របស់ពួកគេ ដែលនឹងតម្រូវឲ្យមានការអនុម័តពីព្រឹទ្ធសភា ប្រសិនបើច្បាប់នេះត្រូវបានអនុម័តនៅថ្ងៃសៅរ៍។

ប្រធានសភាលោក Johnson (R-La.) បាននិយាយនៅក្នុងកម្មវិធី “Mark Levin Show” កាលពីយប់ថ្ងៃព្រហស្បតិ៍ថា “យើងបានបំបែកភាពទាល់ច្រកឲ្យទៅជាបំណែកដាច់ដោយឡែកៗ ដូច្នេះនៅក្នុងសភា មនុស្សគ្រប់គ្នាអាចបោះឆ្នោតឡើង ឬចុះក្រោមគឺអាស្រ័យទៅលើសិទ្ធិរបស់ពួកគេ” ។

“យើងក៏អាចច្នៃប្រឌិតវាឲ្យទៅជាកញ្ចប់សម្រាប់ប្រាក់កម្ចី សម្រាប់អ៊ុយក្រែនផងដែរនោះគឺជាអ្វីដែល អតីតប្រធានាធិបតី Trump បានបំផុសគំនិតនេះឡើង។ យើងសូមបង្វែរបញ្ហាជំនួយសម្រាប់អ៊ុយក្រែនឲ្យទៅជាកញ្ចប់សម្រាប់កម្ចីជំនួសអំណោយពីព្រោះការផ្តល់មូលនិធិដល់អ៊ុយក្រែនគឺជារឿងដែលទាក់ទងនឹងរដ្ឋាភិបាលអ៊ុយក្រែន។

សម្រាប់ការអនុម័តច្បាប់ដទៃទៀតរួមមានបន្ថែមទណ្ឌកម្មលើរុស្ស៊ី និងការបង្កក និងយកមកវិញនូវទ្រព្យសម្បត្តិអធិបតេយ្យភាពរបស់ខ្លួនចំនួន ៥ ពាន់លានដុល្លារ ដើម្បីផ្តល់ជាប្រយោជន៍ដល់អ៊ុយក្រែន។

ការដាក់ទណ្ឌកម្មបន្ថែមទៀតនៅក្នុងច្បាប់នេះនឹងត្រូវសម្រេចដាក់លើវិស័យដឹកជញ្ជូនប្រេងរបស់អ៊ីរ៉ង់ និងអ្នកដែលគាំទ្រក្រុមភេរវកររបស់សាធារណរដ្ឋឥស្លាម ដូចជាក្រុមហាម៉ាស់ ដែលបានវាយប្រហារអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា និងបានសម្លាប់មនុស្សប្រហែល ១,២០០ នាក់ រួមទាំងពលរដ្ឋអាមេរិកចំនួន ៣៣ នាក់។
ប្រទេសចិនក៏នឹងត្រូវរងទណ្ឌកម្មបន្ថែមផងដែរ ហើយក្រុមហ៊ុនរដ្ឋ ByteDance បានបង្ខំឲ្យដកកម្មសិទ្ធិរបស់ខ្លួនពីកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ពេញនិយម TikTok និងត្រូវចាត់ឲ្យចូលជាធរមានឡើងវិញចំពោះច្បាប់ដែលបានអនុម័តកាលពីខែមុន។
ចលនាដ៏កម្ររបស់គណបក្សសម្លេងភាគតិចក្នុងការឈានទៅបន្តនីតិវិធីនេះ គឺបានបញ្ជាក់ពីសារៈសំខាន់នៃការធានានូវជំនួយបរទេសរបស់សមាជិកសភាអាមេរិកក្នុងគណបក្សទាំងពីរ ហើយគ្រោះថ្នាក់ដែលលោក Johnson (R-La.) ប្រឈមមុខនោះគឺក្រុមស្តាំនិយមរបស់គាត់ដែលបានគម្រាមបណ្តេញគាត់ចេញពីប្រធានសភា។
ប្រធានសភាកំពុងប្រឈមមុខនឹងចលនាដ៏មានសក្ដានុពលមួយដែលបានទាមទារដកតំណែងគាត់ក្រោមការដឹកនាំរបស់អ្នកតំណាងស្តាំនិយមជ្រុលលោកស្រី Marjorie Taylor Greene (R-Ga.)។

លោក Johnson (R-La.) បានប្រាប់ភ្នាក់ងារយកព័ត៌មានកាលពីថ្ងៃពុធថា “ខ្ញុំយល់ឃើញថាវាគឺជារឿងត្រឹមត្រូវប្រសិនបើខ្ញុំធ្វើការដោយភ័យខ្លាចមានការបណ្តេញខ្ញុំចេញពីតំណែងនោះខ្ញុំនឹងមិនអាចធ្វើការងាររបស់ខ្ញុំបានទេ”។

គាត់បាននិយាយថា “ប្រវត្តិសាស្រ្តវានឹងវិនិច្ឆយយើងសម្រាប់អ្វីដែលយើងធ្វើនេះគឺជាពេលវេលាដ៏សំខាន់” ។ “ខ្ញុំពិតជាជឿលើ Intel និងព័ត៌មានសង្ខេបដែលយើងទទួលបាន ខ្ញុំជឿថា ប្រធានាធិបតីចិន ស៊ី ជីនពីង និង ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន និងអ៊ីរ៉ង់ពិតជាត្រូវបានរារាំងមិនឲ្យធ្វើអំពើអាក្រក់។

“ខ្ញុំគិតថា លោក វ្ល៉ាឌីមៀ ពូទីន នឹងបន្តដើរកាត់អឺរ៉ុប ប្រសិនបើគាត់ត្រូវបានអនុញ្ញាត។ ខ្ញុំគិតថាគាត់ប្រហែលជាទៅបាល់កង់បន្ទាប់ ខ្ញុំគិតថា គាត់ប្រហែលជាមានការប្រទូស្តរ៉ាយជាមួយប៉ូឡូញ ឬសម្ព័ន្ធមិត្តណាតូណាមួយរបស់យើង” ។
“និយាយដោយត្រង់ៗ ខ្ញុំចង់បញ្ជូនគ្រាប់កាំភ្លើងទៅអ៊ុយក្រែន ជាជាងទុកឲ្យកូនក្មេងអាមេរិកបាញ់លេង”។

គណបក្សប្រជាធិបតេយ្យក៏បានជួយជំរុញច្បាប់ថវិកាចេញពីគណៈកម្មាធិការច្បាប់សភាកាលពីយប់ថ្ងៃព្រហស្បតិ៍ជុំវិញការជំទាស់របស់លោកស្រី Massie និងសមាជិកសភា Chip Roy (R-Texas) និង Ralph Norman (R-SC)។

សមាជិកភាគច្រើនរបស់ក្រុមប្រឆាំងនៅក្នុងសភាលើសេចក្តីព្រៀងច្បាប់សន្តិសុខជាតិបានផ្តល់អាទិភាពដល់ជំនួយបរទេសតិចតួចហើយផ្តោតលើវិស័យសន្តិសុខតាមព្រំដែនរបស់សហរដ្ឋអាមេរិកច្រើនជាង ខណៈដែលចំនួនជនចំណាកស្រុកខុសច្បាប់ចូលសហរដ្ឋអាមេរិកដោយខុសច្បាប់បានបង្កឲ្យមានសភាពស្មុគស្មាញយ៉ាងខ្លាំង។

អ្នកផ្សេងទៀតបានប្រឆាំងទាំងស្រុងនូវជំនួយដល់អ៊ុយក្រែន ដោយអះអាងថា ជំនួយបន្ថែមនឹងអូសបន្លាយជម្លោះដែលពួកគេយល់ថាត្រូវតែឈានទៅរកតុចរចាសន្តិភាពជាមួយរុស្ស៊ី៕
ប្រភព៖ NEW YORK POST