សេដ្ឋកិច្ច

ការប្រគំតន្ត្រីមេត្រីភាពបរិស្ថាន និងធម្មជាតិ ជាការប្រគំតន្ត្រីចុងក្រោយក្នុងឱកាសអបអរខួប ៣០ ឆ្នាំរបស់ណាហ្គាវើលដ៍

ដោយ៖ សិរីមតី

ភ្នំពេញ ៖ សាទរដល់សម្រស់ធម្មជាតិ និងអំណាចនៃតន្ត្រីនៅក្នុង “ការប្រគំតន្ត្រីមេត្រីភាពបរិស្ថាន និងធម្មជាតិ” ដែលជាការប្រគំតន្ត្រីដ៏ធំចុងក្រោយក្នុងឱកាសអបអរខួប ៣០ ឆ្នាំរបស់ណាហ្គាវើលដ៍។ ផ្តល់ជូនដោយវង់តន្ត្រីយុវជនអង្គរ (ANYO) និងក្រុមតន្ត្រីភ្នំពេញ (PPCE) ព្រឹត្តិការណ៍សិល្បៈដ៏អស្ចារ្យនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ និងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ។

សូមអញ្ជើញទៅទស្សនាដោយសេរី “ការប្រគំតន្ត្រីមេត្រីភាពបរិស្ថាន និងធម្មជាតិ” ផ្តល់ជូនដោយវង់តន្ត្រីយុវជនអង្គរ និងក្រុមតន្ត្រីភ្នំពេញដែលរៀបរាប់អំពីការប្តេជ្ញាចិត្តគាំពារភពផែនដី និងទំនាក់ទំនងរវាងមនុស្សជាតិ និងធម្មជាតិនៅណាហ្គាវើលដ៍

ផ្តល់ជូនក្រុមភ្លេង និងចម្រៀងដ៏ល្បីល្បាញទាំងពីរខាងលើ ការប្រគំតន្ត្រីរយៈពេល ៩០ នាទីនេះ នឹងផ្តល់ជូនដល់ទស្សនិកជននូវឈុតចំនួន ៣ គឺ ការសរសើរអំពីសម្រស់ធម្មជាតិនៃភពផែនដី ការឆ្លុះបញ្ចាំងអំពីផលវិបាកនៃសកម្មភាពរបស់មនុស្ស និងការអំពាវនាវ និងសាមគ្គីភាពដើម្បីការពារបរិស្ថានឱ្យមាននិរន្តរភាព។ ការសម្តែងនេះមានលាយឡំជាមួយតន្ត្រីអូខេស្ត្រា បទភ្លេង ចង្វាក់បែបក្លាស៊ីក និងចង្វាក់ប៉ុបអមដោយការបញ្ចាំងទស្សនីយភាពដ៏រស់រវើក។

ការប្រគំតន្ត្រីទី១ នៅថ្ងៃទី៣០ ខែឧសភា ផ្តល់ជូនសម្រាប់សិស្សានុសិស្សមកពីសាលារៀនសាធារណៈ និងអង្គការដែលបានចូលរួមក្នុងកម្មវិធីសង្គម និងការងារទំនួលខុសត្រូវសង្គមរបស់ណាហ្គាវើលដ៍បេះដូងសប្បុរស។ ចំណែកឯសាធារណជនអាចចូលរួមទស្សនាដោយសេរីក្នុងការប្រគំតន្ត្រីទី២ នៅថ្ងៃទី៣១ ខែឧសភា វេលាម៉ោង ៥ ល្ងាចដែលសំបុត្រឥតគិតថ្លៃមានផ្តល់ជូនចាប់ពីថ្ងៃទី២៦ ខែឧសភា នៅបញ្ជរណាហ្គាវើលដ៍រីវ៉តកន្លែងទទួលភ្ញៀវសណ្ឋាគារណាហ្គាវើលដ៍ទី២។

ទស្សនាម៉ូដសម្លៀកបំពាក់ដ៏ទាក់ទាញនៅឯ “ពិព័រណ៍តម្បាញកេរដំណែលខ្មែរ” ច្នៃពីសំណល់ក្រណាត់ហូលផាមួងខ្មែរដោយអ្នករចនាម៉ូដខ្មែរ ៧ នាក់មកពី ReMade in Cambodia

អ្នកសម្តែងនឹងបង្ហាញពីទេពកោសល្យ និងគោលបំណងរួមនៃការលើកតម្កើងសិល្បៈរបស់ពួកគេនៅលើឆាកសម្រាប់ទស្សនិកជនទស្សនាកម្សាន្ត។ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៦ វង់តន្ត្រីយុវជនអង្គរមានតន្ត្រីករ-តន្ត្រីការិនីប្រមាណ ៧០ នាក់ដែលភាគច្រើនគឺជានិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ ដឹកនាំដោយលោកស្រី ទេព គន្ធារ៉េត និងប្រធានក្រុមភ្លេង លោក រ៉ម ដារ៉ាវង្ស ក្រុមតន្ត្រីនេះទទួលបានការចាប់អារម្មណ៍ និងគាំទ្រយ៉ាងខ្លាំងពីទស្សនិកជនជាតិ និងអន្តរជាតិ។

ចូលរួមសម្តែងផងនោះ គឺ PPCE ជាក្រុមតន្ត្រីសហគមន៍បង្កើតឡើងក្នុងឆ្នាំ២០១៦ ដែលមានអ្នកចម្រៀងខ្មែរ និងបរទេសចែករំលែកសេចក្តីស្រឡាញ់ចំពោះសិល្បៈ និងបង្កើតឥទ្ធិពលវិជ្ជមានសម្រាប់សង្គម។ សម្តែងក្រោមពាក្យស្លោក “យើងរីកចម្រើនដោយសារយើងលើកតម្កើងអ្នកដទៃ” ក្រុម PPCE ជួយផ្គត់ផ្គង់ដល់អង្គការក្រៅរដ្ឋាភិបាលកម្ពុជាតាមរយៈការប្រគំតន្ត្រីរបស់ខ្លួនជាពិសេសផ្តោតទៅលើអង្គការដែលពង្រីកលទ្ធភាពការអប់រំសម្រាប់កុមារដែលមានជីវភាពខ្វះខាត។ បទចម្រៀង និងចង្វាក់ភ្លេងដ៏ពីរោះរបស់ពួកគេនឹងផ្តល់ពិសោធន៍ដ៏រីករាយមួយកម្រិតទៀតសម្រាប់ទស្សនិកជន។

ទស្សនា និងឈ្វេងយល់ពីភូមិវប្បធម៌ខ្មែរដែលត្រូវបានតុបតែងបែបសម័យអតីតកាល ព្រមទាំងជាវ និងគាំទ្រដល់ផលិតផលសិប្បកម្មរបស់ខ្មែរនៅណាហ្គាវើលដ៍

គួរបញ្ជាក់ថា ណាហ្គាវើលដ៍បានរៀបចំព្រឹត្តិការណ៍សិល្បៈធំៗចំនួន ៤ ជាផ្នែកមួយនៃការអបអរខួប ៣០ ឆ្នាំរបស់ខ្លួនពីថ្ងៃទី១ រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ដែលក្នុងនោះមានការសម្តែងចំនួន ៣ ផ្តល់ជូនសាធារណជនទស្សនាដោយសេរី។ ការសម្តែងទាំងនេះមានការចូលរួមដោយអ្នកសិល្បៈជាតិ និងជួយលើកតម្កើងដល់កេរដំណែលវប្បធម៌ដ៏មានតម្លៃរបស់ខ្មែរដែលជាការប្តេជ្ញាចិត្តយូរអង្វែងរបស់ណាហ្គាវើលដ៍ក្នុងការគាំទ្រដល់សិល្បៈជាតិ និងការផ្សារភ្ជាប់ជាមួយសហគមន៍។ ការប្រគំតន្ត្រីមេត្រីភាពបរិស្ថាន និងធម្មជាតិ គឺជាការសម្តែងចុងក្រោយនៃព្រឹត្តិការណ៍សិល្បៈធំៗទាំង ៤ ក្នុងឱកាសអបអរគម្រប់ខួបណាហ្គាវើលដ៍។

ជាផ្នែកមួយនៃបទពិសោធន៍វប្បធម៌ សាធារណជន និងអតិថិជនទាំងអស់អាចរីករាយជាមួយការបញ្ចុះតម្លៃ ២០% ទៅលើប៊ុហ្វេពេលល្ងាចបែបខ្មែរនៅភោជនីយដ្ឋាន 2Pangea ដោយគ្រាន់តែបង្ហាញសំបុត្ររបស់ពួកគេប៉ុណ្ណោះ ឬពួកគេអាចអញ្ជើញទៅភូមិវប្បធម៌ខ្មែរដែលមានលក់ម្ហូបខ្មែរ និងភេសជ្ជៈដ៏សម្បូរបែបរួមទាំងផលិតផលសិប្បកម្មដែលជាម៉ាកល្បីៗដ៏ពេញនិយមរបស់ខ្មែរផងដែរ។ បន្ទាប់ពីពិសាម្ហូបរួច ពួកគេអាចអញ្ជើញទៅទស្សនារូបសំណាកកែច្នៃឡើងវិញ និងពិព័រណ៍តម្បាញកេរដំណែលខ្មែរដែលមានតាំងបង្ហាញសម្លៀកបំពាក់ដែលមានរចនាបថខ្មែរនៅណាហ្គាវើលដ៍ទី១ និងណាហ្គាវើលដ៍ទី២។

សូមអញ្ជើញសាធារណជន និងអតិថិជនទាំងអស់ទៅកម្សាន្តជាមួយការប្រគំតន្ត្រីអបអរគម្រប់ខួប ៣០ ឆ្នាំរបស់ណាហ្គាវើលដ៍ដ៏ធំចុងក្រោយនេះ និងទទួលបានបទពិសោធន៍ដ៏សប្បាយរីករាយជាមួយក្រុមគ្រួសារ ឬមិត្តភក្តិ។ សម្រាប់ព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍ ឬការផ្តល់ជូនផ្សេងៗ សូមចូលទៅកាន់គេហទំព័រ www.NagaWorld.com ឬតាមដានកម្មវិធីកម្សាន្តផ្សេងៗជាមួយនឹងពាក្យ #NagaWorld30 ។

ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទ Suite និង Deluxe ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹបកម្សាន្តជាង ២០ កន្លែង មណ្ឌលស្ប៉ាប្រណីត ២ សាលមហោស្រព NABA ដែលមាន ២.០០០ កៅអីនៅណាហ្គាវើលដ៍ទី២ ផ្សារទំនិញរួចពន្ធប្រតិបត្តិការដោយក្រុមហ៊ុន China Duty Free Group ដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជាដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តដ៏សម្បូរបែបព្រមទាំងសាលសម្រាប់រៀបចំការប្រជុំ និងកម្មវិធីឈានមុខគេ។

សម្រាប់សំណួរអំពីការផ្សព្វផ្សាយ ឬរូបភាព សូមទាក់ទងទៅកាន់ ៖ media@nagaworld.com