កីឡា

ជ័យជម្នះរបស់ក្រុម Palace ក្នុងវគ្គផ្ដាច់ព្រ័ត្រ FA Cup លើក្រុម City គឺជាឱកាសមួយក្នុងចំណោមដប់ ជាការលើកឡើងរបស់លោក Glasner

ប្រែសម្រួល៖ តារា

ទីក្រុងឡុងដ៍៖ ជ័យជម្នះដ៏អស្ចារ្យរបស់ក្រុម Crystal Palace ក្នុងពានរង្វាន់ FA Cup លើក្រុម Manchester City នៅកីឡដ្ឋាន Wembley កាលពីថ្ងៃសៅរ៍ គឺជាឱកាសតែមួយក្នុងចំណោមដប់ប៉ុណ្ណោះ ដែលនេះជាការលើកឡើងរបស់លោក Oliver Glasner ដែលបានក្លាយជាគ្រូបង្វឹកដំបូងគេបង្អស់ក្នុងប្រវត្តិសាស្ត្រក្លិបនៅទីក្រុងឡុងដ៍នេះ ដែលបាននាំមកនូវពានរង្វាន់ធំៗ។

គ្រាប់បាល់វ៉លេរបស់ Eberechi Eze នៅនាទីទី១៦ បានក្លាយជាគ្រាប់បាល់សម្រេចជ័យជម្នះ ខណៈដែលក្រុម Palace ដែលមានការគាំទ្រយ៉ាងខ្លាំងពីអ្នកគាំទ្ររបស់ពួកគេដែលស្រេកឃ្លានភាពជោគជ័យ បានសងសឹកសម្រាប់ការបរាជ័យក្នុងវគ្គផ្ដាច់ព្រ័ត្រ FA Cup ពីរលើកមុនក្នុងឆ្នាំ១៩៩០ និងឆ្នាំ២០១៦។

ខុសពីការបង្ហាញខ្លួនដ៏រឹងមាំរបស់ពួកគេប្រឆាំងនឹងក្រុម Aston Villa ដែលជាក្រុមវគ្គរបួនផ្ដាច់ព្រ័ត្រនៃពាន Champions League នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រុម Palace បានគ្រប់គ្រងបាល់បានតែ២១ភាគរយប៉ុណ្ណោះ បើប្រៀបធៀបនឹងក្រុមរបស់លោក Pep Guardiola ប៉ុន្តែពួកគេបានការពារយ៉ាងអស្ចារ្យដើម្បីរក្សាការនាំមុខដែលផ្ដល់ឱ្យពួកគេដោយការវាយបក​ដ៏ល្អរបស់ Eze ពីការបញ្ជូនបាល់របស់ Daniel Munoz។

“ខ្ញុំមិនអាចជឿបានទេ។ ប្រសិនបើអ្នកលេងហ្គេមនេះ១០ដង យើងនឹងឈ្នះតែម្ដងប៉ុណ្ណោះ ហើយវាបានកើតឡើងថ្ងៃនេះ” នេះជាការលើកឡើងរបស់លោក Glasner ដែលបានជំនួសលោក Roy Hodgson កាលពី១៥ខែមុន ហើយឥឡូវនេះគាត់គឺជាគ្រូបង្វឹកជនជាតិអូទ្រីសដំបូងគេដែលឈ្នះពាន FA Cup។

“យើងបានស៊ុតគ្រាប់បាល់នៅពេលដែលយើងនៅវាលកីឡារបស់ពួកគេលើកដំបូង ហើយបន្ទាប់មកយើងបានការពារដោយប្រើគ្រប់ផ្នែកនៃរាងកាយ ហើយនិងជាមួយនឹងអ្នកចាំទីដ៏អស្ចារ្យ ស្មារតីដ៏អស្ចារ្យ និងភាពរួបរួមគ្នា។”

“ខ្ញុំពិតជាមានមោទនភាពចំពោះក្រុម និងបុគ្គលិក។ សូមអបអរសាទរ។ កិត្តិយសទាំងអស់សម្រាប់ពួកគេ។”

លោក Glasner ដែលអាជីពកីឡាករវ័យក្មេងរបស់គាត់ជាមួយនឹងក្លឹប SV Ried របស់ប្រទេសអូទ្រីស ត្រូវបានបញ្ចប់ក្រោយពេលគាត់រងពីជំងឺហូរឈាមខួរក្បាលក្នុងឆ្នាំ២០១១ បានដឹកនាំក្រុម Eintracht Frankfurt ឈ្នះពានរង្វាន់ Europa League ក្នុងឆ្នាំ២០២២។

គាត់នឹងដឹកនាំក្រុម Palace ក្នុងការប្រកួតដូចគ្នានៅរដូវកាលក្រោយ ដែលជាការចូលរួមលើកដំបូងរបស់ពួកគេក្នុងការប្រកួតអឺរ៉ុបដ៏សំខាន់មួយ។

“ខ្ញុំមានអារម្មណ៍នេះអំឡុងពេលរដូវកាលថា អ្នកអាចសម្រេចបានរឿងដ៏អស្ចារ្យជាមួយនឹងក្រុមកីឡាករនេះ” គ្រូបង្វឹកវ័យ៥០ឆ្នាំរូបនេះបាននិយាយ។ “យើងចង់សរសេរប្រវត្តិសាស្ត្រ។ ខ្ញុំគិតថាឥឡូវនេះយើងពិតជាបានសរសេរជំពូកដ៏ធំមួយក្នុងប្រវត្តិសាស្ត្រ។ ឆ្នាំក្រោយ យើងនឹងចាប់ផ្តើមជំពូកថ្មីមួយ។”

ឈ្មោះរបស់លោក Glasner ត្រូវបានច្រៀងដោយអ្នកគាំទ្រក្រុម Palace ក្រោយពេលកញ្ចែឥតគ្រាប់បាល់ចុងក្រោយ ហើយគាត់បានសរសើរចំពោះការអត់ធ្មត់ដែលពួកគេបានបង្ហាញនៅពេលដែលក្រុម Palace ជួបការលំបាកនៅដើមរដូវកាល។

បន្ទាប់ពីការប្រកួត Premier League ចំនួន៨ ពួកគេមិនមានការឈ្នះឡើយ ហើយមានតែបីពិន្ទុប៉ុណ្ណោះ ប៉ុន្តែពួកគេមិនបានងាកមើលក្រោយឡើយតាំងពីពេលនោះមក ហើយដំណើររបស់ពួកគេឆ្ពោះទៅរកភាពរុងរឿងក្នុងពាន FA Cup ដែលពួកគេរងគ្រាប់បាល់តែមួយគត់ក្នុងវគ្គទាំងប្រាំមួយ បានបញ្ជាក់ពេញលេញអំពីជំនឿដែលបង្ហាញចំពោះលោក Glasner ដោយប្រធានក្រុម Palace លោក Steve Parish។ ក្រុម Palace ក៏បានស្មើកំណត់ត្រាពិន្ទុរបស់ពួកគេក្នុង Premier League ដោយនៅសល់ការប្រកួតពីរដងទៀត។

“យើងមានកីឡាករដែលមានទេពកោសល្យ ហើយជាពិសេសមានចរិតលក្ខណៈល្អ និងភាពរួបរួមដ៏អស្ចារ្យ ក្រមសីលធម៌ការងារដ៏ល្អ ក៏ដូចជាបរិយាកាសនិងបរិដ្ឋានដ៏អស្ចារ្យ នេះខ្ញុំគិតថាជាមូលដ្ឋានគ្រឹះសម្រាប់ការសម្រេចបាននូវរឿងដែលប្រហែលជាមិនអាចទៅរួច” គាត់បាននិយាយ។

“កីឡាករទាំងអស់ ពួកគេមិនដែលបាត់បង់ជំនឿចំពោះខ្ញុំនិងក្រុមគ្រូបង្វឹកទេ។”

និយាយអំពីអ្នកគាំទ្ររបស់ក្រុម Palace ដែលបានអបអរសាទរយ៉ាងអូរអរនិងយូរនៅក្នុងកីឡដ្ឋាន ហើយប្រាកដជាបានចេញទៅក្រុងឡុងដ៍ខាងត្បូងដើម្បីលាបពណ៌ខៀវនិងក្រហម លោក Glasner បានបន្ថែមថា៖ “ថ្ងៃនេះគឺជាថ្ងៃរបស់ក្រុម Crystal Palace។ វាគឺជាថ្ងៃសម្រាប់អ្នកគាំទ្ររបស់យើង។ ប្រហែលជានឹងមានការឈឺក្បាលខ្លះនៅថ្ងៃស្អែក! នេះជាអ្វីដែលពួកគេសមនឹងទទួលបាន ព្រោះពួកគេតែងតែនៅជាមួយយើង។”

លោក Parish ដែលមានអារម្មណ៍រំភើប បាននិយាយថា ជ័យជម្នះរបស់ក្រុម Palace គឺជារឿងដ៏អស្ចារ្យសម្រាប់ពានរង្វាន់នេះ។ “ខ្ញុំមានមោទនភាពណាស់។ ក្រុម អ្នកគាំទ្រ ខ្ញុំពិតជាជឿថាយើងនឹងឈ្នះ។ នោះហើយជាអ្វីដែលលោក Oliver បានធ្វើ។ គាត់បានធ្វើឱ្យយើងទាំងអស់គ្នាជឿ ហើយអ្នកអាចមើលឃើញវានៅចុងបញ្ចប់៕”

ប្រភព៖ Reuters