អន្តរជាតិ

យន្តហោះគ្មានមនុស្សបើក(Drone ) របស់អ៊ុយក្រែនវាយប្រហារឃ្លាំងស្តុកគ្រាប់រុស្ស៊ីនៅឧបទ្វីបគ្រីម៉ៀដែលត្រូវបានរុស្ស៊ីកាន់កាប់

ប្រែសម្រួល៖ ស-សម្បត្តិ

យោងតាមប្រភពមួយបានឲ្យដឹងថា ក្រុមយន្តហោះគ្មានមនុស្សបើក(drone)របស់សេវាសន្តិសុខអ៊ុយក្រែនបានវាយប្រហារឃ្លាំងស្តុកគ្រាប់ដែលប្រើប្រាស់ដោយក្រុមការពារឆ្នេរសមុទ្រលេខ ១២៦ របស់រុស្ស៊ី នៅក្បែរភូមិភេរីវ៉ាលណេក្នុងតំបន់គ្រីម៉ៃដែលរុស្ស៊ីកាន់កាប់ ដែលបណ្តាលឱ្យមានការផ្ទុះនិងអគ្គិភ័យដ៏ធំមួយ។ ប្រភពសន្តិសុខមួយបានប្រាប់សារព័ត៌មាន Kyiv Independent នៅថ្ងៃទី១៧ ខែឧសភា។

ឃ្លាំងស្តុកដែលស្ថិតនៅក្បែរផ្លូវហាយវ៉េសំខាន់មួយរវាងទីក្រុងស៊ីមហ្វេរ៉ូប៉ុលនិងអាលូស្តា ត្រូវបានគេរាយការណ៍ថាមានផ្ទុកសម្ភារយោធា គ្រាប់រំសេវ និងកន្លែងផ្ទុកប្រេងឥន្ធនៈ។ អ្នករស់នៅក្នុងតំបន់បានរៀបរាប់ពីផ្សែងក្រាស់ដែលហុយចេញពីបរិវេណយោធា។

“សេវាសន្តិសុខអ៊ុយក្រែននៅតែបន្តវាយប្រហារយ៉ាងមានប្រសិទ្ធភាពលើគោលដៅយោធាស្របច្បាប់នៅក្នុងតំបន់គ្រីម៉ៀដែលត្រូវបានកាន់កាប់ដោយរុស្ស៊ី។ កិច្ចខិតខំប្រឹងប្រែងក្នុងការបំផ្លាញសមត្ថភាពយោធា (របស់រុស្ស៊ី) នឹងបន្តទៀត” ប្រភពនោះបាននិយាយ។

ការវាយប្រហារនោះបានបណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ និងធ្វើឱ្យកងកម្លាំងរុស្ស៊ីរារាំងចរាចរណ៍តាមផ្លូវហាយវ៉េស៊ីមហ្វេរ៉ូប៉ុល-អាលូស្តា ដែលឆ្លងកាត់ជិតតំបន់ដែលរងផលប៉ះពាល់នោះ។ ក៏មានរបាយការណ៍ផងដែរថាមានបុគ្គលិកយោធារុស្ស៊ីត្រូវបានស្លាប់ក្នុងការផ្ទុះ ប្រភពបានអះអាង។

រុស្ស៊ីមិនបានធ្វើអត្ថាធិប្បាយជាផ្លូវការអំពីឧប្បត្តិហេតុនេះទេ។ Kyiv Independent មិនអាចផ្ទៀងផ្ទាត់ការអះអាងទាំងនេះដោយឯករាជ្យបានទេ។

អ៊ុយក្រែនបានបង្កើនការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកឆ្ងាយៗ និងប្រតិបត្តិការបំផ្លិចបំផ្លាញនៅក្នុងតំបន់គ្រីម៉ៀដែលត្រូវបានកាន់កាប់ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធយោធានិងមជ្ឈមណ្ឌលភស្តុភារយោធារបស់រុស្ស៊ី។

លោកប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានប្រកាសកាលពីថ្ងៃទី៧ ខែមេសាថា អ៊ុយក្រែនកំពុងបង្កើនផលិតកម្មលើ “បណ្តាយន្តហោះគ្មានមនុស្សបើកបរគ្រប់ប្រភេទ ចាប់ពី Mavics រហូតដល់យន្តហោះគ្មានមនុស្សបើកបរឆ្ងាយៗ” ក៏ដូចជាប្រព័ន្ធមនុស្សយន្តដែលដំណើរការលើដីផងដែរ។

អ៊ុយក្រែននិងរុស្ស៊ីបានបង្កើនការពឹងផ្អែកលើការប្រើប្រាស់យន្តហោះគ្មានមនុស្សបើកបរក្នុងសង្គ្រាម ដោយដាក់ពង្រាយយន្តហោះគ្មានមនុស្សបើកបរផ្លូវអាកាស ផ្លូវសមុទ្រ និងផ្លូវគោកសម្រាប់ប្រតិបត្តិការស៊ើបការណ៍និងវាយប្រហារ។ លោក ហ្សេលេនស្គី ក៏បានកត់សម្គាល់ពីភាពរីកចម្រើនក្នុងសមត្ថភាពរបស់អ៊ុយក្រែនសម្រាប់ “ការវាយប្រហារជ្រៅ” – ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកបរឆ្ងាយៗ ដែលកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធយោធារបស់រុស្ស៊ីនៅកន្លែងឆ្ងាយៗពីខ្សែប្រយុទ្ធ៕

ប្រភព៖ Kyiv independent