ព័ត៌មានជាតិ

ផ្តើមស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់DBST ចំនួន៣ខ្ស ប្រវែងសរុប៩. ៩៦៨ម៉ែត្រទទឹង៧ម៉ែត្រជាអំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

ដោយ : បន្ទាយ

បន្ទាយមានជ័យ : ពិធីបើកការដ្ឋានការងារលើកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ DBST ចំនួន៣ខ្សែ ប្រវែងសរុប ៩.៩៦៨ម៉ែត្រ ទទឹង៧ម៉ែត្រ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋស្ថិតនៅភូមិអូរអំពិល ភូមិទួលប្រាសាទ ភូមិបឹងជង្រុកតេជោ ឈ្នះ ឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

យោងមន្ទីរនិងក្រសួងអភិវឌ្ឍន៍ជនបទអោយដឹងកាលពីថ្ងៃទី១៥ខែឧសភាឆ្នាំ២០២៥ ថា: ក្នុងកម្មវិធីបើកការដ្ឋានបានអញ្ជើញពិធីជាអធិបតីភាព លោកប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ តំណាងលោកឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ក៏មានការចូលរួមពីលោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោករដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឧត្តមសេនីយ៍ទោ សុខ ចាន់ឡា តំណាងកងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប រួមនឹងមានការចូលរួមពីសំណាក់មន្ត្រីរាជការ អាជ្ញាធរ កងកម្លាំង គ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានជាច្រើន។

លោក ប៊ុន ច័ន្ទវណ្ណៈបានបន្តថា រាជរដ្ឋាភិបាលបច្ចុប្បន្ន ក្រោមការដឹកនាំដ៏ត្រឹមត្រូវឈ្លាសវៃ និងប្រកបដោយសមត្ថភាព និងចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងបន្តខិតខំអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យឱ្យកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត ដោយបានដាក់ចេញនូវ “យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១” ដែលបានកំណត់ អាទិភាពគន្លឹះ៥។


ដោយឡែកពាក់ព័ន្ធនឹងវិស័យអភិវឌ្ឍជនបទត្រង់មុំទី៣ នៃបញ្ចកោណទី៤ បានបញ្ជាក់ច្បាស់អំពីការលើកស្ទួយ និងលើកកម្ពស់ការអភិវឌ្ឍជនបទតាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទ ការលើកកម្រិតគុណភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ។
ជាពិសេសការ កសាងផ្លូវជនបទតភ្ជាប់ទៅកសិដ្ឋាន ផ្លូវខេត្ត និងផ្លូវជាតិ ឱ្យក្លាយទៅជាជនបទសមាហរណកម្ម ការកែលម្អលក្ខខណ្ឌជីវភាពរបស់សហគមន៍ ជនបទការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ និងការអភិវឌ្ឍសហគមន៍ជនបទ។

ផ្លូវក្រាលកៅស៊ូដែលត្រូវបេីកការដ្ឋាន មានកម្រាស់ពីរជាន់ DBST ចំនួន ៣ខ្សែប្រវែងសរុប៩. ៩៦៨ម៉ែត្រ ទទឹង៧ម៉ែត្រ ចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយក្រួស ទទឹងម្ខាងៗ ១ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ និងសាងសង់លូគ្រប់ប្រភេទចំនួន១២ កន្លែង ផ្លាកសញ្ញាចរាចរណ៍ចំនួន៦២ផ្លាក គំនូសចរាចរណ៍ចំនួន៣៤៩០ម៉ែត្រការ៉េ និងផ្លាកឈ្មោះផ្លូវចំនួន ៦កន្លែង ៕