សន្ដិសុខសង្គម

សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក/ UYFC) សង្កាត់ ក្រុង ខេត្តនៅបន្ទាយមានជ័យចូលរួមរំលែកទុក្ខគ្រួសារពលរករខ្មែរស្លាប់ដោយរញ្ជួយដីនៅទីក្រុងបាងកក

ដោយ៖ បន្ទាយ

បន្ទាយមានជ័យ  ៖ លោក អ៊ូ លីវិន អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុងសិរីសោភ័ណ តំណាងលោក សំបាន់ ដាណែល ប្រធានស.ស.យ.ក. ក្រុងសិរីសោភ័ណ បានដឹកនាំសមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក./ UYFC)   សង្កាត់ម្កាក់ ចូលរួមរំលែកទុក្ខ និងសម្របសម្រួលពិធីបុណ្យសពលោក សាន់ សឿន និងអ្នកស្រី សុខ គឹមសី បានទទួលមរណភាព ដោយឧបទ្ទវហេតុគ្រោះរញ្ជួយដីរលំអគារ នៅប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ។

ក្នុងនោះដែរ មានការចូលរួមពីលោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត តំណាងលោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោក ស្រេង សុផល អភិបាលនៃគណៈអភិបាលក្រុងសិរីសោភ័ណ និងមានការចូលរួមពីអាជ្ញាធរសង្កាត់ និងប្រជាពលរដ្ឋផងដែរ ស្ថិតនៅភូមិតាម៉ា សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ។

សពនៅយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ បានបញ្ជូនមកតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងបានដឹកបន្តយកមកគេហដ្ឋាននៃសព ត្រូវបានលោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្តបន្ទាយមានជ័យ លោក ស្រេង សុផល អភិបាលរងក្រុងសិរីសោភ័ណ និងក្រុមការងារព្រមទាំងក្រុមគ្រួសារសាច់ញាតិ បងប្អូនប្រជាពលរដ្ឋជាច្រើនកុះករនៅរង់ចាំទទួលសពធ្វើបុណ្យតាមប្រពៃណីទំនៀមទម្លាប់ខ្មែរ។

ក្នុងឱកាសនោះលោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ បានអោយដឹងថា៖ សពពលករខ្មែរដែលស្លាប់ដោយអគារបាក់សង្កត់រញ្ជួយដីនៅប្រទេសថៃ មានឈ្មោះ ១,សាន សឿន អាយុ៣៨ឆ្នាំ(ប្តីមានមុខរបរជាងសំណង់) ២,សុខ គីមសី ភេទស្រីអាយុ៣១ឆ្នាំ(ប្រពន្ធជាកម្មករសំណង់) រស់នៅភូមិតាម៉ា សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ។

មានសាកសពពលករខ្មែរចំនួន៣នាក់ហើយដែលត្រូវបានអាជ្ញាធរថៃដឹកបញ្ជូនតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥បានបញ្ជូនសាកសពជនរងគ្រោះឈ្មោះ មាស សាវ៉ាង ភេទប្រុសអាយុ២៥ឆ្នាំ(មុខរបរជាងសំណង់)រស់នៅភូមិបល្ល័ង្គ ឃុំតាគង់ ស្រុកម៉ាឡៃ ។ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ បានបញ្ជូនសាកសពជនរងគ្រោះ២នាក់ប្តីប្រពន្ធ១.ឈ្មោះ សាន សឿន អាយុ៣៨ឆ្នាំ(ប្តីមានមុខរបរជាងសំណង់)២.ឈ្មោះ សុខ គីមសី ភេទស្រីអាយុ៣១ឆ្នាំ(ប្រពន្ធជាកម្មករសំណង់)រស់នៅភូមិតាម៉ា សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ដែលមានកូនប្រុសម្នាក់អាយុ១១ឆ្នាំហើយធ្វើការនៅប្រទេសថៃជាង៦ឆ្នាំហើយ៕