អន្តរជាតិ

ត្រាំរំពឹងថាគ្មានវឌ្ឍនភាពក្នុងការចរចាសន្តិភាពរវាងរុស្ស៊ី-អ៊ុយក្រែនទេរហូតដល់គាត់ជួបជាមួយពូទីន

ប្រែសម្រួល៖ស-សម្បត្តិ

ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃទី១៥ ខែឧសភា ថាការចរចាសន្តិភាពរវាងរុស្ស៊ីនិងអ៊ុយក្រែននឹងមិនមានការរីកចម្រើនទេ រហូតដល់គាត់ជួបជាមួយប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន នេះបើយោងតាមសារព័ត៌មាន Reuters។

“គ្មានអ្វីនឹងកើតឡើងទេ រហូតដល់ពូទីននិងខ្ញុំបានជួបគ្នា” ប្រធានាធិបតីអាមេរិកបានប្រាប់អ្នកកាសែតនៅលើយន្តហោះ Air Force One មុនពេលចុះចតនៅទីក្រុងឌូបៃ ក្នុងដំណើរទស្សនកិច្ចនៅមជ្ឈិមបូព៌ារបស់លោក។

ពូទីនបានបដិសេធការអំពាវនាវរបស់ប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ឱ្យជួបផ្ទាល់នៅទីក្រុងអ៊ីស្តង់ប៊ុលនៅថ្ងៃទី១៥ ខែឧសភា ដើម្បីពិភាក្សាអំពីការបញ្ឈប់បាញ់ ទោះបីជាម៉ូស្គូខ្លួនឯងបានស្នើឱ្យបន្តការចរចាក៏ដោយ។ ជំនួសមកវិញ រុស្ស៊ីបានបញ្ជូនគណៈប្រតិភូជំនួយការជាន់ទាបនិងរដ្ឋមន្ត្រីរងដែលត្រូវបានបដិសេធដោយអ៊ុយក្រែនថាជា “ការក្លែងបន្លំ”។

ត្រាំបានស្នើពីមុនថា គាត់អាចនឹងចូលរួមការចរចានៅថ្ងៃទី១៦ ខែឧសភា ប្រសិនបើមានការរីកចម្រើន ប៉ុន្តែបានបន្ទាបសារៈសំខាន់នៃអវត្តមានរបស់ពូទីននៅថ្ងៃដំបូងនៃការចរចា ដោយនិយាយថា “ហេតុអ្វីគាត់ត្រូវទៅ ប្រសិនបើខ្ញុំមិនទៅ?”

ទោះបីជាមានការបញ្ជាក់ចុងក្រោយរបស់គាត់ក៏ដោយ ត្រាំពីមុនបានសម្តែងភាពសុទិដ្ឋិនិយមអំពីការចរចារំពឹងទុកនៅប្រទេសតួកគី។ មន្ត្រីជាន់ខ្ពស់របស់រដ្ឋបាលសហរដ្ឋអាមេរិក រួមទាំងរដ្ឋមន្ត្រីក្រសួងការបរទេស ម៉ាកូ រូប៊ីអូ ត្រូវបានរំពឹងថានឹងចូលរួមការពិភាក្សានៅទីក្រុងអ៊ីស្តង់ប៊ុលនៅថ្ងៃទី១៦ ខែឧសភា។

ប្រធានាធិបតីអាមេរិកបានអួតជាញឹកញាប់អំពីទំនាក់ទំនងដ៏កក់ក្តៅរបស់គាត់ជាមួយមេដឹកនាំរុស្ស៊ី ទោះបីជាពួកគេទាំងពីរមិនបានជួបគ្នាតាំងពីត្រាំត្រឡប់មកកាន់តំណែងនៅខែមករាឆ្នាំនេះ។

ត្រាំបានទទួលយកសម្តីរិះគន់កាន់តែច្រើនចំពោះគ្រឹមឡាំងថ្មីៗនេះ ក្នុងបរិបទនៃកិច្ចខិតខំប្រឹងប្រែងសន្តិភាពដែលបានជាប់គាំង។ សេតវិមានថ្មីក៏បានប្រើប្រាស់សម្លេងរិះគន់ចំពោះអ៊ុយក្រែនញឹកញាប់ដែរ ជាពិសេសក្នុងពេលប្រជុំដ៏តានតឹងរវាងត្រាំនិងហ្សេឡេនស្គីនៅសេតវិមាននៅខែកុម្ភៈ។

មេដឹកនាំទាំងពីរបានជួបគ្នាជាលើកទីពីរនៅនៅពេលបុណ្យសពសម្តេចប៉ាប ហ្វ្រង់ស៊ីស កាលពីខែមេសា ដែលត្រូវបានពណ៌នាដោយភាគីទាំងពីរក្នុងលក្ខណៈកាន់តែវិជ្ជមាន៕