ប្រែសម្រួល៖ ស-សម្បត្តិ
ទីក្រុងម៉ូស្គូ និងទីក្រុងហាណូយបានព្រមព្រៀងគ្នាចរចា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរនៅវៀតណាម ដែលប្រទេសទាំងពីរបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃទី១១ ខែឧសភា។

“ការអភិវឌ្ឍរោងចក្រទាំងនេះដោយប្រើបច្ចេកវិទ្យាទំនើប នឹងអនុលោមយ៉ាងតឹងរឹងទៅតាមបទបញ្ញត្តិស្តីពីសុវត្ថិភាពនុយក្លេអ៊ែរ និងរស្មី និងសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម” សេចក្តីថ្លែងការណ៍បានបញ្ជាក់ យោងតាមសេចក្តីរាយការណ៍របស់ Reuters។
វៀតណាម និងរុស្ស៊ីមានទំនាក់ទំនងជិតស្និទ្ធយូរមកហើយ ដែលចាប់ផ្តើមតាំងពីសម័យសហភាពសូវៀតគាំទ្រវៀតណាមខាងជើង និងកងកម្លាំងអាយ៉ងរបស់ខ្លួនក្នុងសង្គ្រាមវៀតណាម។ ក្រុងហាណូយបានរក្សាជំហរអព្យាក្រឹតរហូតមកទល់ពេលនេះចំពោះសង្គ្រាមប្រឆាំងអ៊ុយក្រែនរបស់រុស្ស៊ី។
កិច្ចព្រមព្រៀងនេះកើតឡើងនៅពេលដែលអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡាម បានទៅទស្សនាទីក្រុងម៉ូស្គូសម្រាប់ការប្រារព្ធពិធីទិវាជ័យជម្នះរបស់ប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន។
ដោយវៀតណាមប្តេជ្ញាគាំទ្រសេដ្ឋកិច្ចរបស់ខ្លួនដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ប្រទេសនេះប្តេជ្ញាបង្កើនសមត្ថភាពផលិតថាមពលរបស់ខ្លួនតាមរយៈការប្រើប្រាស់ថាមពលនុយក្លេអ៊ែរ។ ក្នុងការស្វែងរកពិពិធកម្មភាពជាដៃគូសេដ្ឋកិច្ចរបស់ខ្លួន ក្រុងហាណូយបាននិយាយពីមុនថា វានឹងស្វែងរកដៃគូបរទេសផ្សេងៗដើម្បីសាងសង់រោងចក្រថាមពល រួមមានសហរដ្ឋអាមេរិក បារាំង កូរ៉េខាងត្បូង និងជប៉ុន យោងតាមសេចក្តីរាយការណ៍របស់ Reuters។
ប្រទេសនេះបាននិយាយពីមុនថា វាមានគោលដៅផ្តល់ការផលិតថាមពលនុយក្លេអ៊ែរជាមួយនឹងរោងចក្រដំបូងរបស់ខ្លួនដែលនឹងបើកដំណើរការរវាងឆ្នាំ ២០៣០ និង ២០៣៥។
សេចក្តីថ្លែងការណ៍រួមរវាងក្រឹមឡាំង និងក្រុងហាណូយក៏បានកត់សម្គាល់ផងដែរថា រុស្ស៊ីនឹងពង្រីកការនាំចេញប្រេងឆៅ និងឧស្ម័នធម្មជាតិរាវ (LNG) ទៅវៀតណាម ខណៈដែលក្រុមហ៊ុនប្រេងវៀតណាមនឹងមានវត្តមានធំជាងមុននៅក្នុងប្រទេសរុស្ស៊ីក្នុងពេលខាងមុខ។
ក្នុងអំឡុងការឈ្លានពានគ្រប់ទ្រង់ទ្រាយមកលើអ៊ុយក្រែន រុស្ស៊ីបានស្វែងរកដៃគូពាណិជ្ជកម្មថ្មីៗដែលមានឆន្ទៈទទួលយកការនាំចេញប្រេង និង LNG របស់រុស្ស៊ី ខណៈដែលសម្ព័ន្ធមិត្តលោកខាងលិចបន្តធ្វើឱ្យសេដ្ឋកិច្ចរុស្ស៊ីធ្លាក់ចុះតាមរយៈការដាក់ទណ្ឌកម្មសេដ្ឋកិច្ច។
នៅថ្ងៃទី១ ខែមករា អ៊ុយក្រែនបានបញ្ចប់ការឆ្លងកាត់ឧស្ម័នធម្មជាតិរុស្ស៊ីតាមរយៈទឹកដីរបស់ខ្លួន ដោយកាត់ផ្តាច់ការចូលទៅកាន់ទីផ្សារអឺរ៉ុប។
លោក ពូទីន បានទស្សនាក្រុងហាណូយកាលពីខែមិថុនា ឆ្នាំ២០២៤ នៅពេលដែលប្រទេសទាំងពីរបានព្រមព្រៀងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររបស់ពួកគេ និងចុះហត្ថលេខាលើឯកសារជាង ១០ រួមទាំងអនុស្សរណៈនៃការយោគយល់ស្តីពីកាលវិភាគសម្រាប់ការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យានុយក្លេអ៊ែរមួយនៅវៀតណាម៕
