ប្រែសម្រួល៖ស-សម្បត្តិ

រុស្ស៊ីបានបើកការវាយប្រហារដោយដ្រូននៅទូទាំងប្រទេសអ៊ុយក្រែននាព្រឹកថ្ងៃទី១១ ខែឧសភា ដែលបណ្តាលឱ្យមនុស្សម្នាក់របួសនៅក្នុងតំបន់គីវ និងខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅក្នុងតំបន់ជាច្រើន ប្រភពមកពីមន្ត្រីអ៊ុយក្រែន។
ការវាយប្រហារនេះបានចាប់ផ្តើមប្រមាណម៉ោង ២ ព្រឹកថ្ងៃទី១១ ខែឧសភា ដោយកងកម្លាំងរុស្ស៊ីបានប្រើប្រាស់ដ្រូនវាយប្រហារប្រភេទ Shahed ចំនួន ១០៨ គ្រឿង និងដ្រូនបំភាន់ពីទិសដៅជាច្រើន នេះបើតាមការបញ្ជាក់របស់កងទ័ពអាកាសអ៊ុយក្រែន។
ប្រព័ន្ធការពារតាមអាកាសរបស់អ៊ុយក្រែន រួមទាំងអង្គភាពអាកាសចរណ៍ កងកម្លាំងមីស៊ីល អង្គភាពសង្គ្រាមអេឡិចត្រូនិក និងក្រុមកាំភ្លើងចល័ត បានទប់ស្កាត់ដ្រូន Shahed ចំនួន ៦០ គ្រឿងនៅទូទាំងតំបន់ខាងកើត ខាងជើង ខាងត្បូង និងកណ្តាលនៃប្រទេស។ ដ្រូនបំភាន់ចំនួន ៤១ គ្រឿងទៀតបានបាត់ពីរ៉ាដា ប៉ុន្តែមិនបានបង្កការខូចខាតទេ។
នៅក្នុងតំបន់គីវ បុរសអាយុ ៧០ ឆ្នាំម្នាក់នៅស្រុកប្រូវ៉ារី បានរងប្រតិកម្មស្ត្រេសធ្ងន់ធ្ងរអំឡុងពេលវាយប្រហារ និងកំពុងទទួលការថែទាំផ្នែកវេជ្ជសាស្ត្រ នេះបើតាមអាជ្ញាធរក្នុងតំបន់។ ផ្ទះរដូវក្តៅមួយត្រូវបានខូចខាតក្នុងការវាយប្រហារ និងផ្ទះឯកជនចំនួន៥ខ្នងត្រូវបានប៉ះពាល់នៅស្រុកអូប៊ូខីវ ដែលស្ថិតនៅភាគខាងត្បូងនៃរាជធានីគីវ។ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗមិនត្រូវបានប៉ះពាល់ទេ។
នៅក្នុងតំបន់ស៊ូមី កងកម្លាំងរុស្ស៊ីបានអនុវត្តការវាយប្រហារជាង១០០ លើកលើការតាំងទីលំនៅ៣១កន្លែងក្នុងសហគមន៍១៤ក្នុងរយៈពេលមួយថ្ងៃកន្លងមក។ ការវាយប្រហារទាំងនោះរួមមានគ្រាប់បែកផ្លោងអាកាសជិត១០គ្រឿង ការវាយប្រហារដោយដ្រូន FPV ចំនួន៣០ ការទម្លាក់គ្រាប់បែកដៃពីដ្រូនប្រមាណ៣០ និងការផ្ទុះប្រព័ន្ធកាំជ្រួចបាញ់គ្រាប់ច្រើនកំពូលជាង៧០លើក នេះបើតាមមន្ត្រីក្នុងតំបន់រាយការណ៍។ លើសពីនេះ ឧទ្ធម្ភាគចក្ររបស់រុស្ស៊ីបានបាញ់កាំជ្រួចចំនួន១០គ្រឿង។
ខណៈពេលដែលមិនមានអ្នកស្លាប់ឬរបួសត្រូវបានរាយការណ៍នៅស៊ូមី រចនាសម្ព័ន្ធស៊ីវិលជាច្រើនត្រូវបានខូចខាតឬបំផ្លាញ រួមទាំងអគារមិនមែនលំនៅដ្ឋាន និងផ្ទះឯកជន។
ការវាយប្រហារនេះកើតឡើងនៅពេលដែលរុស្ស៊ីបានអញ្ជើញអ៊ុយក្រែនឱ្យចូលរួមក្នុងការចរចាផ្ទាល់នៅអ៊ីស្តង់ប៊ុលចាប់ផ្តើមនៅថ្ងៃទី១៥ ខែឧសភា។ ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានបដិសេធសំណើបញ្ឈប់បាញ់ ដោយថ្លែងថា “រុស្ស៊ីត្រៀមខ្លួនរួចរាល់សម្រាប់ការចរចាដោយគ្មានលក្ខខណ្ឌជាមុន”។
ពូទីនបានប្រកាសឯកតោភាគីនូវការបញ្ឈប់បាញ់បណ្ដោះអាសន្នក្នុងកិត្តិយសនៃទិវាជ័យជម្នះ – ដែលរុស្ស៊ីប្រារព្ធនៅថ្ងៃទី៩ ខែឧសភា – ចាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃទី៨ ខែឧសភា រហូតដល់ពាក់កណ្តាលអធ្រាត្រនៅថ្ងៃទី១១ ខែឧសភា។ ទោះបីជាមានការឈប់បាញ់រយៈពេលបីថ្ងៃនេះក៏ដោយ ការវាយប្រហាររបស់រុស្ស៊ីប្រឆាំងនឹងពលរដ្ឋស៊ីវិលអ៊ុយក្រែន និងប្រតិបត្តិការយោធានៅតាមបន្ទាត់សមរភូមិខាងមុខនៅតែបន្ត។
ប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេឡេនស្គី និងថ្នាក់ដឹកនាំអឺរ៉ុបនៅថ្ងៃទី១០ ខែឧសភា បានទាមទារឱ្យរុស្ស៊ីយល់ព្រមលើការបញ្ឈប់បាញ់រយៈពេល៣០ថ្ងៃដោយគ្មានលក្ខខណ្ឌចាប់ផ្តើមនៅថ្ងៃទី១២ ខែឧសភា។ សំណើនេះត្រូវបានគាំទ្រដោយប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ។ ប្រសិនបើរុស្ស៊ីបដិសេធសំណើនេះ អឺរ៉ុបនិងសហរដ្ឋអាមេរិកកំពុងគំរាមនឹងឆ្លើយតបដោយការបង្កើនទណ្ឌកម្ម។
លោក ឌីមីទ្រី ភេសកូវ អ្នកនាំពាក្យរបស់ក្រឹមឡាំង បាននិយាយកាលពីពេលមុនថា រុស្ស៊ីត្រូវការ “គិតអំពី” សំណើបញ្ឈប់បាញ់ និង “ប្រឆាំងនឹងការសង្កត់សង្កិនគ្រប់ប្រភេទ”៕
ប្រភព៖ Kyiv independent
