អន្តរជាតិ

អាមេរិកអនុម័តការផ្ទេរគ្រាប់រ៉ុកែ្កតចម្ងាយឆ្ងាយចំនួន១២៥គ្រាប់ និងគ្រាប់មីស៊ីលប៉ាទ្រីយ៉ុតចំនួន១០០គ្រាប់ពីអាល្លឺម៉ង់ទៅឲ្យអ៊ុយក្រែន

ប្រែសម្រួល៖ស-សម្បត្តិ

សារព័ត៌មាន New York Times (NYT) បានរាយការណ៍នៅថ្ងៃទី១០ ខែឧសភាសហរដ្ឋអាមេរិកបានអនុម័តការផ្ទេរគ្រាប់រ៉ុកែ្កតអាទីលើរីចម្ងាយឆ្ងាយចំនួន១២៥គ្រាប់ និងគ្រាប់មីស៊ីលការពារតាមអាកាសប៉ាទ្រីយ៉ុតចំនួន១០០គ្រាប់ពីអាល្លឺម៉ង់ទៅកាន់អ៊ុយក្រែន។

អាវុធផលិតនៅអាមេរិកមិនអាចនាំចេញបានទេ សូម្បីតែប្រទេសដែលជាម្ចាស់កម្មសិទ្ធិក៏ដោយ ដោយគ្មានការអនុម័តពីរដ្ឋាភិបាលសហរដ្ឋអាមេរិក។

មន្ត្រីសភាអាមេរិកម្នាក់បានប្រកាសនៅថ្ងៃទី៩ ខែឧសភាថា វ៉ាស៊ីនតោនបានផ្តល់ការអនុញ្ញាតឱ្យអាល្លឺម៉ង់ផ្ទេរអាវុធទៅកាន់ទីក្រុងគីវ ដូចដែល( NYT) បានរាយការណ៍។ ការដឹកជញ្ជូននេះរួមមានគ្រាប់រ៉ុកែ្កតអាទីលើរីចម្ងាយឆ្ងាយចំនួន១២៥គ្រាប់ និងគ្រាប់មីស៊ីលការពារតាមអាកាសប៉ាទ្រីយ៉ុតចំនួន១០០គ្រាប់។

ប្រព័ន្ធការពារតាមអាកាសប៉ាទ្រីយ៉ុតត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយចំពោះសមត្ថភាពរកឃើញ តាមដាន និងទប់ស្កាត់យន្តហោះ គ្រាប់មីស៊ីលគ្រុយ និងគ្រាប់មីស៊ីលបាលីស្ទិកដែលមានភាពជាក់លាក់ខ្ពស់។ អ៊ុយក្រែនត្រូវបានរាយការណ៍ថាមានប្រព័ន្ធប៉ាទ្រីយ៉ុតតែប្រាំបីគ្រឿងប៉ុណ្ណោះ ដែលពីរគ្រឿងក្នុងចំណោមនោះមិនកំពុងដំណើរការនាពេលបច្ចុប្បន្ន។ ប្រព័ន្ធប៉ាទ្រីយ៉ុតបន្ថែមមួយទៀតកំពុងទៅកាន់អ៊ុយក្រែនពីអ៊ីស្រាអែល ដែលជាផ្នែកនៃការប្តេជ្ញាចិត្តដែលបានរៀបចំពីមុន ដូចដែល( NYT) បានរាយការណ៍នៅថ្ងៃទី៤ ខែឧសភា។

ទីក្រុងគីវកំពុងប្រឈមនឹងការខ្វះខាតគ្រាប់ប៉ាទ្រីយ៉ុត ប៉ុន្តែព័ត៌មានលម្អិតអំពីស្តុកគ្រាប់មីស៊ីលមិនត្រូវបានបង្ហាញដោយសារហេតុផលសន្តិសុខ។ ប្រធានាធិបតី វ៉ូឡូឌីមៀរ សេឡេនស្គី បានអំពាវនាវដដែលៗទៅកាន់សហរដ្ឋអាមេរិកនិងដៃគូអន្តរជាតិឱ្យផ្តល់ប្រព័ន្ធប៉ាទ្រីយ៉ុតនិងគ្រាប់មីស៊ីលបន្ថែម ខណៈការវាយប្រហាររបស់រុស្ស៊ីទៅលើទីក្រុងអ៊ុយក្រែនកាន់តែខ្លាំងឡើង។

ការផលិតគ្រាប់មីស៊ីលប៉ាទ្រីយ៉ុតមានតម្លៃថ្លៃនិងស្មុគស្មាញ ដែលមានន័យថាការខ្វះខាតគឺជាបញ្ហាទូទាំងពិភពលោក។

យ៉ាងហោចណាស់ត្រូវការគ្រាប់មីស៊ីលប៉ាទ្រីយ៉ុតពីរគ្រាប់ដើម្បីទប់ស្កាត់គ្រាប់មីស៊ីលបាលីស្ទិកមួយគ្រាប់ នេះបើតាមអ្នកជំនាញផ្នែកអាកាសចរណ៍អ៊ុយក្រែន កុនស្តង់ទីន ក្រីវ៉ូឡាប បានប្រាប់កាសែត Kyiv Independent នៅថ្ងៃទី៦ ខែឧសភា។ រុស្ស៊ីបានពង្រីកការវាយប្រហារដោយគ្រាប់មីស៊ីលបាលីស្ទិកប្រឆាំងនឹងអ៊ុយក្រែន ដែលធ្វើឱ្យខែមេសាក្លាយជាខែដែលមានការស្លាប់ជនស៊ីវិលអ៊ុយក្រែនច្រើនជាងគេតាំងពីខែកញ្ញា ឆ្នាំ២០២៤។

អាល្លឺម៉ង់បានផ្តល់ការគាំទ្រការការពារតាមអាកាសដល់ទីក្រុងគីវ រួមទាំងគ្រាប់មីស៊ីលប៉ាទ្រីយ៉ុតនិងប្រព័ន្ធ IRIS-T នៅក្នុងកញ្ចប់ជំនួយយោធាកាលពីពេលមុន។ អធិការបតីអាល្លឺម៉ង់ដែលទើបជាប់ឆ្នោតថ្មី លោក ហ្រ្វីដ្រិច មឺរស បានមកដល់ទីក្រុងគីវនៅថ្ងៃទី១០ ខែឧសភា រួមជាមួយមេដឹកនាំអឺរ៉ុបផ្សេងទៀត ដើម្បីបញ្ជាក់ជាថ្មីអំពីការគាំទ្ររបស់អាល្លឺម៉ង់និងអឺរ៉ុបចំពោះអ៊ុយក្រែន និងការប្តេជ្ញាចិត្តក្នុងការធានាកិច្ចព្រមព្រៀងបទឈប់បាញ់៕

ប្រភព៖Kyiv independent