ប្រែសម្រួល៖រតនា

កិច្ចព្រមព្រៀងបញ្ឈប់បាញ់ដ៏ផុយស្រួយកំពុងបន្តរវាងឥណ្ឌា និងប៉ាគីស្ថាននៅថ្ងៃអាទិត្យ បន្ទាប់ពីការប្រយុទ្ធគ្នាពេញមួយយប់រវាងប្រទេសទាំងពីរដែលមានកម្លាំងនុយក្លេអ៊ែរ ខណៈប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ធ្រាំ បានមានប្រសាសន៍ថា លោកនឹងខិតខំជួយផ្តល់ដំណោះស្រាយទាក់ទងនឹងកាស្មៀរ។
ប្រទេសដែលជាសត្រូវចាស់បានធ្វើការបាញ់គ្នាយ៉ាងខ្លាំងរយៈពេលបួនថ្ងៃ ដែលជាការប្រយុទ្ធគ្នាដ៏អាក្រក់បំផុតក្នុងរយៈពេលជិតបីទសវត្សរ៍ ដោយមានការបាញ់មីស៊ីល និងដ្រូនទៅលើមូលដ្ឋានយោធារបស់គ្នាទៅវិញទៅមក និងមានមនុស្សស្លាប់រាប់សិបនាក់។
កិច្ចព្រមព្រៀងបញ្ឈប់បាញ់ត្រូវបានសម្រេចបន្ទាប់ពីការធ្វើការទូតនិងសម្ពាធពីសហរដ្ឋអាមេរិក ប៉ុន្តែក្នុងរយៈពេលប៉ុន្មានម៉ោងក្រោយមក ការបាញ់អាវុធធុនធ្ងន់ត្រូវបានឃើញនៅក្នុងកាស្មៀរឥណ្ឌា ដែលជាមជ្ឈមណ្ឌលនៃការប្រយុទ្ធភាគច្រើន។
ការផ្ទុះពីប្រព័ន្ធការពារផ្លូវអាកាសបានលាន់ឮនៅតាមទីក្រុងជិតព្រំដែនក្នុងពេលផ្អាកភ្លើង ដូចពីរយប់មុន ដោយយោងតាមអាជ្ញាធរ អ្នករស់នៅ និងសាក្សីរបស់រ៉យទ័រ។
នៅយប់ថ្ងៃសៅរ៍ ឥណ្ឌាបាននិយាយថា ប៉ាគីស្ថានបានរំលោភលើការយល់ព្រមឈប់បាញ់ ហើយកងកម្លាំងប្រដាប់អាវុធឥណ្ឌាត្រូវបានណែនាំឱ្យ “ដោះស្រាយយ៉ាងម៉ឺងម៉ាត់” ប្រសិនបើមានការបាញ់បន្តទៀត។
ឆ្លើយតបវិញ ប៉ាគីស្ថានបាននិយាយថា ខ្លួនប្តេជ្ញាចំពោះកិច្ចព្រមព្រៀងបញ្ឈប់បាញ់ និងស្តីបន្ទោសឥណ្ឌាចំពោះការរំលោភនានា។
ត្រឹមពេលថ្ងៃរះ ការប្រយុទ្ធគ្នា និងការផ្ទុះដែលបានរាយការណ៍ក្នុងពេលយប់បានស្ងប់នៅទាំងសងខាងព្រំដែន តាមការរាយការណ៍របស់សាក្សីរ៉យទ័រ។
ភ្លើងត្រូវបានផ្គត់ផ្គង់ឡើងវិញនៅតំបន់ជាច្រើនតាមទីក្រុងតាមព្រំដែនឥណ្ឌា បន្ទាប់ពីការផ្អាកភ្លើងកាលពីយប់មុន។
លោកត្រាំបានសរសើរមេដឹកនាំទាំងពីរប្រទេសចំពោះការយល់ព្រមឈប់ប្រើអំពើហិង្សា។
“ទោះបីជាមិនទាន់បានពិភាក្សាក៏ដោយ ខ្ញុំនឹងបង្កើនពាណិជ្ជកម្មឱ្យបានច្រើន ជាមួយប្រទេសដ៏អស្ចារ្យទាំងពីរនេះ។ លើសពីនេះ ខ្ញុំនឹងធ្វើការជាមួយអ្នកទាំងពីរដើម្បីមើលថាតើ… ដំណោះស្រាយអាចត្រូវបានរកឃើញទាក់ទងនឹងកាស្មៀរឬអត់” លោកត្រាំបានសរសេរនៅលើបណ្តាញ Truth Social។
នៅក្នុងទីក្រុងតាមព្រំដែនអាំម្រីតសា ដែលជាទីតាំងព្រះវិហារមាសជាទីគោរពរបស់ជនជាតិស៊ិក សញ្ញាអាសន្នដែលបានលាន់ឮនៅពេលព្រឹកដើម្បីបន្តសកម្មភាពធម្មតានាំមកនូវអារម្មណ៍ធូរស្បើយ ហើយមានមនុស្សត្រូវបានឃើញនៅតាមដងផ្លូវ។
ការប្រយុទ្ធគ្នាបានចាប់ផ្តើមកាលពីថ្ងៃពុធ ពីរសប្តាហ៍បន្ទាប់ពីមនុស្ស ២៦ នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារមួយដែលបានគោលដៅលើជនជាតិហិណ្ឌូនៅប៉ាហាល់ហ្គាម ក្នុងកាស្មៀរឥណ្ឌា។
“ចាប់តាំងពីថ្ងៃដែលភេរវករបានវាយប្រហារប្រជាជននៅប៉ាហាល់ហ្គាម យើងបានបិទហាងរបស់យើងឆាប់ៗ ហើយមានភាពមិនច្បាស់លាស់។ ខ្ញុំរីករាយដែលយ៉ាងហោចណាស់នឹងមិនមានការបង្ហូរឈាមនៅទាំងសងខាង” លោក សាត់វីរ ស៊ីង អាល់ហួវ៉ាលីយ៉ា អាយុ ៤៨ ឆ្នាំ ជាម្ចាស់ហាងនៅអាំម្រីតសាបានប្រាប់រ៉យទ័រ។
មន្ត្រីនៅប៉ាគីស្ថានបាននិយាយថា មានការបាញ់ខ្លះនៅភីមបែរ ក្នុងកាស្មៀរប៉ាគីស្ថានកាលពីយប់មិញ ប៉ុន្តែមិនមាននៅកន្លែងណាផ្សេងទៀតទេ ហើយក៏មិនមានជនរងគ្រោះដែរ។
ប្រទេសទាំងពីរ ដែលកើតចេញពីការគ្រប់គ្រងរបស់អង់គ្លេសក្នុងឆ្នាំ ១៩៤៧ បានធ្វើសង្រ្គាមបីដង ដែលពីរដងគឺលើតំបន់កាស្មៀរ។
ឥណ្ឌាដែលជាប្រទេសមានមនុស្សភាគច្រើនជាសាសនាហិណ្ឌូ និងប៉ាគីស្ថានដែលជាប្រទេសមូស្លីម ទាំងពីរគ្រប់គ្រងផ្នែកមួយនៃកាស្មៀរ ប៉ុន្តែទាមទារជាកម្មសិទ្ធិពេញលេញ។
ឥណ្ឌាស្តីបន្ទោសប៉ាគីស្ថានចំពោះបញ្ហាក្នុងផ្នែកកាស្មៀររបស់ខ្លួនដែលបានចាប់ផ្តើមក្នុងឆ្នាំ ១៩៨៩ និងបានសម្លាប់មនុស្សរាប់ម៉ឺននាក់។ ឥណ្ឌាក៏ស្តីបន្ទោសក្រុមជ្រុលនិយមឥស្លាមប៉ាគីស្ថានចំពោះការវាយប្រហារនៅកន្លែងផ្សេងទៀតក្នុងឥណ្ឌាផងដែរ។
ប៉ាគីស្ថាននិយាយថា ខ្លួនផ្តល់តែការគាំទ្រខាងសីលធម៌ នយោបាយ និងការទូតដល់ក្រុមបំបែកកាស្មៀរតែប៉ុណ្ណោះ។
ចំនួនអ្នកស្លាប់សរុបក្នុងការប៉ះទង្គិចថ្មីៗនេះបានឈានដល់ជិត ៧០ នាក់ តាមការនិយាយរបស់មន្ត្រី។
“ច្រើនជាងខ្ញុំ គ្រួសាររបស់ខ្ញុំមានក្តីសប្បាយព្រោះកូនៗនិងប្រពន្ធរបស់ខ្ញុំបានហៅទូរសព្ទមកខ្ញុំរៀងរាល់ម៉ោងដើម្បីពិនិត្យមើលខ្ញុំ។ សូមអរគុណព្រះជាម្ចាស់ដែលកិច្ចព្រមព្រៀងបញ្ឈប់បាញ់បានកើតឡើង” លោក ហ្គូរូម៉ាន ស៊ីង ជាអ្នកយាមនៅអាំម្រីតសាបានប្រាប់រ៉យទ័រ៕
ប្រភព៖ Reuters
