ប្រែសម្រួល៖ស-សម្បត្តិ

លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ “នឹងបន្តធ្វើការជាមួយភាគីទាំងពីរ” ដើម្បីបញ្ចប់សង្រ្គាមពេញលេញរបស់រុស្ស៊ីប្រឆាំងអ៊ុយក្រែន ដូចដែលលោកត្រាំបានថ្លែងក្នុងសារបណ្តាញសង្គមនៅថ្ងៃទី១១ ខែឧសភា។
សេចក្តីថ្លែងរបស់លោកត្រាំកើតមានឡើងបន្តិចបន្ទាប់ពីប្រទេសអ៊ុយក្រែននិងអឺរ៉ុបបានដាក់សំណើសម្រាប់ការឈប់បាញ់គ្នាដោយគ្មានលក្ខខណ្ឌរយៈពេល៣០ថ្ងៃចាប់ផ្តើមនៅថ្ងៃទី១២ ខែឧសភា។ លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន មិនបានយល់ព្រមជាមួយផែនការនេះទេ ប៉ុន្តែបានអញ្ជើញក្រុងគីវឱ្យបន្តការចរចាផ្ទាល់នៅក្រុងអ៊ីស្តង់ប៊ុលនាថ្ងៃទី១៥ ខែឧសភា។
“ថ្ងៃដ៏អស្ចារ្យសម្រាប់រុស្ស៊ីនិងអ៊ុយក្រែន!” លោកត្រាំបានសរសេរនៅលើគណនី Truth Social របស់លោក។
“សូមគិតអំពីមនុស្សរាប់សែននាក់ដែលនឹងបានជីវិតរស់ នៅពេលដែល ‘ការបង្ហូរឈាម’ ដែលមិនចេះចប់នេះ ត្រូវបានបញ្ចប់ដោយក្តីសង្ឃឹម… ខ្ញុំនឹងបន្តធ្វើការជាមួយភាគីទាំងពីរដើម្បីធានាថាវានឹងកើតឡើង។”
លោកត្រាំមិនបានលើកឡើងដោយផ្ទាល់អំពីសំណើឈប់បាញ់គ្នាឬការសន្ទនាដែលលោកពូទីនបានស្នើនៅក្រុងអ៊ីស្តង់ប៊ុលនោះទេ។ វាមិនច្បាស់ថាលោកកំពុងសំដៅលើអ្វីនោះទេនៅពេលលោកនិយាយអំពី “ថ្ងៃដ៏អស្ចារ្យសម្រាប់រុស្ស៊ីនិងអ៊ុយក្រែន។”
លោកត្រាំបាននិយាយជាមួយលោកប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេឡិនស្គី និងថ្នាក់ដឹកនាំអឺរ៉ុបដែលបានមកទស្សនកិច្ចតាមទូរសព្ទនៅថ្ងៃទី១០ ខែឧសភា ក្នុងការសន្ទនាមួយដែលត្រូវបានពិពណ៌នាថា “មានផលិតភាព”។ រដ្ឋបាលត្រាំបានគាំទ្រសំណើឈប់បាញ់គ្នារបស់អឺរ៉ុប-អ៊ុយក្រែន និងបានគំរាមដាក់ទណ្ឌកម្មប្រឆាំងនឹងទីក្រុងម៉ូស្គូ ប្រសិនបើមិនអនុវត្តតាម។
លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បានថ្លែងនៅថ្ងៃទី១១ ខែឧសភា ថាការសន្ទនាដែលបានស្នើឡើងដោយលោកពូទីនគឺជា “ជំហានដំបូង ប៉ុន្តែមិនទាន់គ្រប់គ្រាន់” ដោយបន្ថែមថាការឈប់បាញ់គ្នាដោយគ្មានលក្ខខណ្ឌមិនតម្រូវឱ្យមានការចរចាជាមុនទេ៕
ប្រភព៖ Kyiv independent
