អន្តរជាតិ

ពូទីនបដិសេធការឈប់បាញ់ ហើយអំពាវនាវឱ្យអ៊ុយក្រែនចាប់ផ្តើមការចរចាដោយផ្ទាល់នៅទីក្រុងអ៊ីស្តង់ប៊ុលនៅសប្តាហ៍ក្រោយ នៅពេលដែល “ការសម្រាកការប្រយុទ្ធ” នៃថ្ងៃជ័យជម្នះបានបញ្ចប់

ប្រែសម្រួល៖ រតនា

រុស្ស៊ីកំពុងអញ្ជើញអ៊ុយក្រែនឱ្យចូលរួមក្នុងការចរចាដោយផ្ទាល់នៅទីក្រុងអ៊ីស្តង់ប៊ុល ចាប់ផ្តើមនៅថ្ងៃទី១៥ ខែឧសភា ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បាននិយាយនៅថ្ងៃទី១១ ខែឧសភា ក្នុងសន្និសីទសារព័ត៌មានដែលសម្គាល់ការបញ្ចប់នៃពិធីអបអរថ្ងៃជ័យជម្នះរបស់ទីក្រុងម៉ូស្គូ។

“រុស្ស៊ីត្រៀមខ្លួនរួចរាល់សម្រាប់ការចរចាដោយគ្មានលក្ខខណ្ឌជាមុន” ពូទីនបាននិយាយ។

មិនមានការចរចាដោយផ្ទាល់រវាងរុស្ស៊ីនិងអ៊ុយក្រែនទេ ចាប់តាំងពីពេលក្រោយពីទីក្រុងម៉ូស្គូបានចាប់ផ្តើមលើកទ័ពការឈ្លានពានពេញលេញលើអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២។

ជាពិសេស ពូទីនមិនបានប្រកាសអំពីការពន្យារពេលនៃការសម្រាកការប្រយុទ្ធរយៈពេលបីថ្ងៃ ឬយល់ព្រមតាមសំណើរបស់អ៊ុយក្រែននិងអឺរ៉ុបសម្រាប់ការឈប់បាញ់គ្នាដោយគ្មានលក្ខខណ្ឌរយៈពេល៣០ថ្ងៃឡើយ។ កិច្ចព្រមព្រៀងបែបនេះអាចត្រូវបានចរចានៅក្នុងកិច្ចប្រជុំនៅអ៊ីស្តង់ប៊ុល លោកបាននិយាយ។

ពូទីនបានប្រកាសបទឈប់បាញ់បណ្តោះអាសន្នតែឯកតោភាគី ក្នុងគោលបំណងគោរពទិវាជ័យជម្នះ ដែលរុស្ស៊ីប្រារព្ធនៅថ្ងៃទី៩ ខែឧសភា ចាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃទី៨ ខែឧសភា រហូតដល់ពាក់កណ្តាលអធ្រាត្រនៅថ្ងៃទី១១ ខែឧសភា។ ទោះបីជាមានការសម្រាកការប្រយុទ្ធរយៈពេលបីថ្ងៃក៏ដោយ ការវាយប្រហាររបស់រុស្ស៊ីប្រឆាំងនឹងជនស៊ីវិលអ៊ុយក្រែន និងប្រតិបត្តិការប្រយុទ្ធនៅលើខ្សែប្រយុទ្ធផ្ទាល់នៅតែបន្តកើតមាន។

ក្នុងអំឡុងពេលនៃការថ្លែងរបស់លោក ពូទីនបានចោទប្រកាន់អ៊ុយក្រែនថាបានបង្កើនការវាយប្រហារប្រឆាំងនឹងរុស្ស៊ីនៅក្នុងថ្ងៃមុនពេល “ការសម្រាកការប្រយុទ្ធ” នៃថ្ងៃជ័យជម្នះ និងរំលោភបំពានលើការឈប់បាញ់គ្នារយៈពេលបីថ្ងៃច្រើនដង រួមទាំងការចាប់ផ្តើមការវាយលុកឆ្លងព្រំដែនចំនួនប្រាំដងចូលទៅក្នុងខេត្តឃឺសគ៍និងបែលហ្គូរ៉ត។

ការវាយលុកទាំងនេះ “គ្មានសារៈសំខាន់ផ្នែកយោធាទេ” លោកបានអះអាង។

ពូទីនក៏បាននិយាយផងដែរថា លោករំពឹងថានឹង​ “ស្តារទំនាក់ទំនងជាមួយរដ្ឋអឺរ៉ុប” ទោះបីជាមាន “ការនិយាយប្រឆាំងរុស្ស៊ី” របស់ពួកគេ និងការផ្តល់ “សារផ្តាច់មុខ” ទៅកាន់ទីក្រុងម៉ូស្គូ។

ប្រធានាធិបតី វ៉ូឡូឌីមៀរ សេឡេនស្គី និងមេដឹកនាំអឺរ៉ុបនៅថ្ងៃទី១០ ខែឧសភា បានទាមទារឱ្យរុស្ស៊ីយល់ព្រមឱ្យមានការឈប់បាញ់គ្នាដោយគ្មានលក្ខខណ្ឌរយៈពេល៣០ថ្ងៃ ចាប់ផ្តើមនៅថ្ងៃទី១២ ខែឧសភា។ សំណើនេះត្រូវបានគាំទ្រដោយប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ។ ប្រសិនបើរុស្ស៊ីបដិសេធសំណើនេះ អឺរ៉ុបនិងសហរដ្ឋអាមេរិកកំពុងគំរាមថានឹងឆ្លើយតបដោយបង្កើនទណ្ឌកម្ម។

អ្នកនាំពាក្យគ្រឹមឡាំង លោក ឌីមីទ្រី ភេសកូវ បាននិយាយកាលពីពេលមុនថា រុស្ស៊ីត្រូវ “គិតអំពី” សំណើឈប់បាញ់គ្នា និង “ប្រឆាំងនឹងគ្រប់ទម្រង់នៃសម្ពាធ”។

ពូទីនមិនបានយល់ព្រមចំពោះការឈប់បាញ់គ្នារយៈពេល៣០ថ្ងៃទេ ផ្ទុយទៅវិញ បានអញ្ជើញអ៊ុយក្រែនឱ្យចូលរួមការចរចាដោយផ្ទាល់ និងចោទប្រកាន់ទីក្រុងគីវពីការរំលោភបំពានការឈប់បាញ់គ្នា។ នៅខែមេសា នៅចុងបញ្ចប់នៃ “ការសម្រាកប៊ុណ្យអ៊ីស្ទើរ” រយៈពេលបីថ្ងៃរបស់រុស្ស៊ី ពូទីនក៏បានបដិសេធមិនពន្យារពេលការឈប់បាញ់គ្នាដែរ ហើយផ្ទុយទៅវិញបាននិយាយថា លោកបើកចំហសម្រាប់ការចរចាដោយផ្ទាល់ជាមួយអ៊ុយក្រែន។

‘ខ្ញុំមិនគិតថាពូទីននឹងយល់ព្រមចំពោះកិច្ចព្រមព្រៀងសន្តិភាពឡើយ’ – លោក វ៉ុលឃឺ និយាយអំពីការចរចាសន្តិភាពរវាងអ៊ុយក្រែននិងរុស្ស៊ី។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេ ឡាវរ៉ូវ បាននិយាយកាលពីថ្ងៃទី២៩ ខែមេសាថា សំណើឈប់បាញ់គ្នានៅថ្ងៃជ័យជម្នះរបស់ពូទីនគឺជា “ការចាប់ផ្តើមនៃការចរចាដោយផ្ទាល់” ទោះបីជាមន្ត្រីអ៊ុយក្រែនមិនបានផ្តល់យោបល់អំពីសេចក្តីថ្លែងការណ៍នេះក៏ដោយ។

អ៊ុយក្រែនបាននិយាយថា ខ្លួនត្រៀមខ្លួនរួចរាល់សម្រាប់ការចរចា ប៉ុន្តែសង្កត់ធ្ងន់ថា ដំណើរការសន្តិភាពណាមួយត្រូវតែរក្សាបូរណភាពទឹកដីនិងអធិបតេយ្យភាពរបស់អ៊ុយក្រែន ហើយថាបញ្ហាទឹកដីអាចត្រូវបានដោះស្រាយតែបន្ទាប់ពីការឈប់បាញ់គ្នាពេញលេញតែប៉ុណ្ណោះ។

ក្រុងគីវបានទទួលយកសំណើឈប់បាញ់គ្នាដោយគ្មានលក្ខខណ្ឌរយៈពេល៣០ថ្ងៃដែលគាំទ្រដោយសហរដ្ឋអាមេរិកកាលពីខែមីនា ប៉ុន្តែទីក្រុងម៉ូស្គូបានបដិសេធវា ដោយទាមទារឱ្យមានការបញ្ចប់ទាំងស្រុងនូវការគាំទ្រយោធាពីលោកខាងលិចដល់អ៊ុយក្រែន។

រុស្ស៊ីបានប្រកាសជាញឹកញាប់នូវការត្រៀមខ្លួនដ៏សំខាន់របស់ខ្លួនសម្រាប់ការចរចាសន្តិភាព ខណៈពេលដែលទន្ទឹមគ្នានោះជំរុញឱ្យមានការទាមទារអតិបរមានិយម។ ក្រុងគីវបានចាត់ទុកសេចក្តីប្រកាសទាំងនេះថាជាការសម្តែងឃោសនា ដោយកត់សម្គាល់ថា កងកម្លាំងរុស្ស៊ីបានបង្កើនការវាយប្រហាររបស់ពួកគេទៅលើទីក្រុងនិងទីប្រជុំជនអ៊ុយក្រែនតែប៉ុណ្ណោះ។

នៅពេលដែលមេដឹកនាំលោកខាងលិចជំរុញឱ្យមានការឈប់បាញ់គ្នាបន្ថែម រុស្ស៊ីបានផ្ញើសញ្ញាមួយចំនួនដែលបង្ហាញពីសក្តានុពលនៃការបង្កើនការវាយប្រហារ។

ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានការពារជាតិអ៊ុយក្រែន Militarnyi បានរាយការណ៍នៅថ្ងៃទី១០ ខែឧសភាថា រុស្ស៊ីកំពុងបិទលំហអាកាសរបស់ខ្លួនលើមជ្ឈមណ្ឌលបណ្តុះបណ្តាលយោធា និងបាញ់រ៉ុកកែត Kapustin Yar ពីថ្ងៃទី១២ដល់១៣ ខែឧសភា ដែលបង្កើតឱ្យមានការពិភាក្សាអំពីលទ្ធភាពនៃការបាញ់មីស៊ីល Oreshnik។

ការហាមប្រាមស្រដៀងគ្នានេះត្រូវបានដាក់ចេញមុនពេលការវាយប្រហារមីស៊ីលចម្ងាយមធ្យម Oreshnik ដំបូងរបស់រុស្ស៊ីទៅលើអ៊ុយក្រែន។

ស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងគីវក៏បានចេញការព្រមាននៅថ្ងៃទី៩ ខែឧសភាថា រុស្ស៊ីអាចចាប់ផ្តើមការវាយប្រហារ “ដែលសំខាន់ជាសក្តានុពល” នៅក្នុងថ្ងៃខាងមុខ ទោះជាយ៉ាងណាក៏ដោយ ពួកគេបានចេញការព្រមានស្រដៀងគ្នានេះពីមុន ជាផ្នែកនៃពិធីការសន្តិសុខស្តង់ដារ៕