កីឡា

ក្រុមអាវុធហត្ថរាជធានីភ្នំពេញ Vs ក្រុមក្រសួងសុខាភិបាល ក្នុងការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ “មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន” លើកទី១០ ឆ្នាំ២០២៥

ដោយ : បន្ទាយ

ភ្នំពេញ : លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ អមដោយ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាច្រើនរូបទៀត បានចូលរួមទស្សនាគាំទ្រក្រុមបាល់ទាត់។
គឺក្រុមកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ “មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន” លើកទី១០ ឆ្នាំ២០២៥ ដែលបានឈានដល់វគ្គ ១៦ក្រុម ចុងក្រោយ ប្រព្រឹត្តទៅ នៅទីលានបាល់ទាត់ កីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់)។ នេះបើតាមមន្ត្រីបានឲ្យដឹងនាល្ងាច ថ្ងៃទី០៧ខែឧសភា ឆ្នាំ២០២៥ ។

ក្រុមបាល់ទាត់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាក្រុមថ្មីថ្មោងមួយ ដែលទើបតែបានចូលរួមក្នុងការប្រកួតក្នុងពានរង្វាន់នេះចំនួន០២លើក បានជួបតទល់នឹង ក្រុមបាល់ទាត់ក្រសួងសុខាភិបាល ដែលជាក្រុមខ្លាំងនិងមានបទពិសោធចូលរួមទាំង១០លើក ហើយធ្លាប់ទទួលបានជាម្ចាស់ជើងឯកចំនួន ០៣ដង និងរងជើងឯកចំនួន ៤ដង ក្នុងពានរង្វាន់នេះ ថែមទៀតផង។

ជាលទ្ធផល ក្រុមបាល់ទាត់កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅតែមិនអាចបំបែកកំណត់ត្រាក្រុមខ្លាំងនៃក្រសួងសុខាភិបាល បានឡើយ ដោយទទួលរងបរាជ័យ២គ្រាប់ ទល់នឹង០ ។
ក្នុងនោះ វគ្គទី១ ស៊ុតចូល០១គ្រាប់ និងវគ្គទី២ ស៊ុតចូល ០១គ្រាប់ទៀត ដោយបាល់ពិន័យ១១ម៉ែត្រ។

សូមជម្រាបថា ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ “មិត្តភាពយុវជនអន្តរក្រសួង~ស្ថាប័ន” គឺជាវេទិកាកីឡា ត្រូវបានរៀបចំឡើងក្រោមគំនិតផ្តួចផ្តើមរបស់ លោកហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងស្មារតីសាមគ្គីភាព មិត្តភាព ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងយុវជននៅតាមក្រសួង និងស្ថាប័នរដ្ឋ ដែលនៅក្នុងឆ្នាំនេះ មានការចូលរួមពីសំណាក់ ក្រសួង~ស្ថាប័នចំនួន ៣៥៕