កីឡា

អាម៉ូរីមអ្នកចាត់ការទូទៅម៉េនឆេស្ទ័រ យូណៃធីដ បានប្រកាសថាគ្មានអ្វីក្រៅពីជ័យជម្នះក្នុងការប្រកួត Europa League ទេ

ប្រែសម្រួល៖តារា
ម៉េនឆេស្ទ័រ អង់គ្លេស៖ លោក Ruben Amorim គ្រូបង្វឹកក្លិបម៉េឆេស្ទ័រ យូណៃធីដ បានថ្លែងថា អ្វីដែលតិចជាងការឈ្នះពានរង្វាន់ Europa League នៅថ្ងៃទី២១ ខែឧសភា គឺមិនគ្រប់គ្រាន់ទេ ហើយថាការឈរនៅលេខពីរនឹងមិនមានន័យអ្វីទាំងអស់ ហើយអ្នកគាំទ្រក្លិបដែលរងទុក្ខយូរមកហើយ សមនឹងទទួលបានការប្រសើរជាងនេះ។

លោក Ruben Amorim គ្រូបង្វឹកក្លិបម៉េឆេស្ទ័រ យូណៃធីដ

Mason Mount ដែលជាកីឡាករបម្រុងរបស់ក្រុមម៉េនឆេស្ទ័រ យូណៃធីដ បានស៊ុតបញ្ចូលទីពីរគ្រាប់ ពេលដែលក្រុមរបស់គាត់យកឈ្នះក្រុម Athletic Bilbao ដោយលទ្ធផល ៤-១ ក្នុងជើងទីពីរនៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីថ្ងៃព្រហស្បតិ៍ ដែលធ្វើឱ្យពួកគេឈ្នះសរុប ៧-១ និងទទួលបានកៅអីក្នុងវគ្គផ្តាច់ព្រ័ត្រជាមួយក្រុម Tottenham Hotspur ក្នុងការប្រកួតរវាងក្រុមអង់គ្លេសទាំងពីរ។

ជ័យជម្នះក្នុងវគ្គផ្តាច់ព្រ័ត្រនឹងមិនគ្រាន់តែមានន័យថាបានកន្លែងប្រកួតក្នុងពាន Champions League នៅរដូវកាលក្រោយ និងការទទួលបានប្រាក់រង្វាន់ដ៏ច្រើនដែលមកជាមួយវាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសេចក្តីជឿជាក់ដែលត្រូវការជាចាំបាច់បន្ទាប់ពីរដូវកាលដ៏អាក្រក់ក្នុងការប្រកួត Premier League។

“លុយមិនមែនជាចំណុចសំខាន់បំផុតទេ សូម្បីតែពាន ការឈ្នះពានជាគ្រូបង្វឹក” លោក Amorim បានថ្លែង។ “វាជាអារម្មណ៍ដែលយើងអាចធ្វើអ្វីល្អៗបាន អារម្មណ៍ក្នុងការផ្តល់អ្វីមួយដល់អ្នកគាំទ្ររបស់យើង ជាពិសេសក្នុងរដូវកាលបែបនេះ។ ដូច្នេះ វាមិនមែនគ្រាន់តែជាការលេងក្នុងពាន Champions League នៅឆ្នាំក្រោយទេ។ វាគឺជាអារម្មណ៍ផងដែរថាយើងអាចផ្លាស់ប្តូរអ្វីៗបាន។”

ខណៈពេលដែលវគ្គផ្តាច់ព្រ័ត្រនៅក្នុងទីក្រុង Bilbao នៃប្រទេសអេស្ប៉ាញនឹងជាកិច្ចការធំបំផុតរបស់លោក Amorim ក្នុងនាមជាអ្នកដឹកនាំក្រុម យូណៃធីដ គាត់បានឈ្នះពានរង្វាន់ព័រទុយហ្គាល់ជាច្រើនរួចមកហើយ។

ពេលត្រូវបានសួរថាតើពានរង្វាន់ Europa League នឹងស្ថិតនៅលំដាប់ណា គ្រូបង្វឹកវ័យ ៤០ ឆ្នាំរូបនេះបាននិយាយថា៖ “គ្រូបង្វឹកគ្រប់រូបនឹងនិយាយថា ពានបន្ទាប់គឺសំខាន់បំផុត។ ប៉ុន្តែវានឹងជារឿងធំណាស់ ជាពិសេសបន្ទាប់ពីរដូវកាលនេះក្នុងការប្រកួត Premier League។”

“ក្រុមទាំងពីរនឹងលេងដូចជាទាំងអស់ឬគ្មាន ស្ថានភាពរបស់គ្រូបង្វឹក(ទាំងពីរ)គឺស្រដៀងគ្នាណាស់ យើងកំពុងជួបការលំបាកដូចគ្នា។”

Mount បានក្លាយជាកីឡាករជំនួសដំបូងគេដែលស៊ុតចូលពីរគ្រាប់ក្នុងការប្រកួតវគ្គជម្រុះ European សម្រាប់ក្រុម យូណៃធីដ ចាប់តាំងពី David Beckham ធ្វើបានក្នុងការប្រកួតជាមួយក្រុម Real Madrid នៅវគ្គ ១/៤ ផ្តាច់ព្រ័ត្រនៃពាន Champions League កាលពីខែមេសា ឆ្នាំ២០០៣។

នៅពេលដែល Mount បានស៊ុតបាល់ពេលអ្នកចាំទីចេញឆ្ងាយពីគោលរបស់ខ្លួននៅចុងម៉ោងបន្ថែម ហើយបានបាញ់ដូចរ៉ុក្កែតពីពាក់កណ្តាលទីលាន Athletic ដើម្បីស៊ុតគ្រាប់ទីពីររបស់គាត់ ទូរទស្សន៍បានចាប់បានរូបភាពលោក Amorim សើចដោយក្តីរីករាយ។

“មិនមែនគ្រាន់តែខ្ញុំទេ” លោក Amorim បាននិយាយ។ “បើអ្នកមើលទៅកៅអីបម្រុង នោះគឺជាអារម្មណ៍ល្អបំផុតសម្រាប់គ្រូបង្វឹក ពេលអ្នកមើលទៅកីឡាករផ្សេងទៀតនៅលើកៅអីបម្រុង ហើយពួកគេរីករាយខ្លាំងណាស់សម្រាប់ Mason Mount ព្រោះមនុស្សគ្រប់គ្នានៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់នោះឃើញ Mason Mount ធ្វើអ្វីគ្រប់យ៉ាងដែលគាត់អាចធ្វើបានដើម្បីឱ្យអាចចូលលេងបាន។”

“មិត្តរួមក្រុមរបស់គាត់សប្បាយចិត្តខ្លាំងណាស់សម្រាប់គាត់៕”
ប្រភព៖ Reuters