ព័ត៌មានជាតិ

អង្គាសបានជំនួយសប្បុរសគិតជាប្រាក់២១៦.៦៥៩ដុល្លារនិងអង្ករ១០តោន ក្នុងពិធីខួបទី​១៦២​ទិវា​ពិភពលោក​កាកបាទក្រហម ឆ្នាំ២០២៥​នៅខេត្តបន្ទាយមានជ័យ​

ដោយ : បន្ទាយ

បន្ទាយមានជ័យ : អង្គាសបានជំនួយសប្បុរសគិតជាប្រាក់ចំនួន២១៦. ៦៥៩ដុល្លារអាមេរិកនិងអង្ករ១០តោន ក្នុងពីធីអបអរសាទរ​ខួបទី​១៦២​ទិវា​ពិភពលោក​កាកបាទក្រហម​ អឌ្ឍចន្ទក្រហមឆ្នាំ២០២៥​នៅខេត្តបន្ទាយមានជ័យ​ ដែលរៀបចំធ្វើឡើងនៅសាលប្រជុំ ក សាលាខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី៨ខែឧសភាឆ្នាំ២០២៥ ។

ពិធីនោះ មានលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ បបានអញ្ជើញជាអធិបតីភាពនិងចូលរួមដោយលោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ- ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យនិងឥស្សរជនសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង ព្រះសង្ឃ អាជីវករ ប្រជាពលរដ្ឋ សប្បុរសជនយ៉ាងច្រើនកុះករ ។

លោក ​ អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ- ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបានមានប្រសាសន៍ថា : កាកបាទក្រហមកម្ពុជា​ ជាជំនួយការឲ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌​ ប៉ុន្តែស្ថាប័នមួយនេះមិនបានប្រើប្រាស់កញ្ចប់ថវិការបស់រាជរដ្ឋាភិបាល​ ដូចជាស្ថាប័ននានានោះឡើយ ពោលគឺធនធានជាថវិកាសម្រាប់ចំណាយប្រតិបត្តិការការងារតាមសាខាកាកបាទក្រហមកម្ពុជានីមួយៗ​ គឺពឹងផ្អែកទាំងស្រុងពីការចូលរួមបង់ប្រាក់សមាជិកភាព​ ប្រចាំឆ្នាំនិងការបរិច្ចាគពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ។

ក្នុងនោះមានព្រះសង្ឃ​ មន្ត្រីរាជការស៊ីវិល​ តាមបណ្ដាមន្ទីរអង្គភាពនានា​ និងកងកម្លាំងប្រដាប់អាវុធសិស្សនិស្សិត​ ពាណិជ្ជករ​ អាជីវករវិស័យឯកជន​ ទាំងប្រជាពលរដ្ឋនៅក្នុងខេត្ត​ និងក្រៅខេត្តដែលមានសមានចិត្តនិងឧត្តមគតិខ្ពស់បានបរិច្ចាគថវិកា សម្ភារជូនសាខាកាកបាទក្រហមខេត្ត។

លោក ឌិត ទីណា បានមានប្រសាសន៍សម្ដែងនូវអំណរគុណនូវទឹកចិត្តសប្បុរស។លោកបន្តថា មានតាមរយៈការអំពាវនាវការដាក់ប្រអប់វិភាគទានដើម្បីកៀរគរថវិកាសម្រាប់ធ្វើជាទុនក្នុងការបំពេញបេសកកម្មមនុស្សធម៌ជួយជនរងគ្រោះនិងងាយរងគ្រោះប្រកបដោយ បរិយាប័ន្ន ៕