សន្ដិសុខសង្គម

បង្ក្រាបករណីដឹកជញ្ជូនសាច់ជ្រូក ៦០០គីឡូក្រាមដែលឈ្មួញនាំចូលពីក្រៅប្រទេសខុសច្បាប់

ដោយ៖ ព្រះអង្គខ្មៅ

បាត់ដំបង÷ កម្លាំងគណ:បញ្ជាការឯកភាពបានឆ្មក់ចុះពិនិត្យ និងបង្ក្រាបសាច់ជ្រូកស្រស់ចំនួន ៦០០គីឡូក្រាម ខណ:ឈ្មួញនាំចូលពីក្រៅប្រទេសមិនមានច្បាប់អនុញ្ញាត។

នគរបាលការិយាល័យជំនាញបានប្រាប់ឲ្យដឹងថា÷ ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំដោយលោកវរសេនីយ៍ឯក យី យក់សាន សហការជាមួយនឹងមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត, មន្ត្រីការពារអ្នកប្រើប្រាស់កិច្ចការប្រតួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ( ក.ប.ប ) សាខាខេត្តបាត់ដំបង នៅថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២៥ ថ្មីៗកន្លងមកនេះបានចុះឆ្មក់ត្រួតពិនិត្យលើកំណាត់ជាតិលេខ ៥ បានរកឃើញបទល្មើសខាងលើតែម្តងនៅត្រង់ភូមិសាស្ត្រភូមិពុកឆ្មារ ឃុំអន្លង់វិល ស្រុកសង្កែ។

យុទ្ធនាការដូចភ្លៀងរលឹមនេះកម្លាំងចម្រុះបានត្រួតពិនិត្យ និងឃាត់រថយន្តមួយគ្រឿងម៉ាកស៊ីណា ពណ៌ស ឆ្នាំ២០០៤ ពាក់ផ្លាកលេខ ភ្នំពេញ ២AU – ៧៩១៨ មានផ្ទុកសាច់ជ្រូកទម្ងន់ចំនួន ៦០០គីឡូក្រាមដែលឈ្មួញនាំចូលទីផ្សារក្រុងបាត់ដំបង ដោយមិនមានច្បាប់អនុញ្ញាត។

ករណីដដែលនេះវត្ថុតាងល្មើសត្រូវបានកម្លាំងជំនាញនាំយកទៅដុតកម្ទេចចោល រីឯមធ្យាបាយដឹកជញ្ជូនបានចាត់ចែងតាមនីតិវិធី៕