បច្ចេកវិទ្យា

OpenAI គ្រោងកាត់បន្ថយចំណែកប្រាក់ចំណូលរបស់ Microsoft បន្ទាប់ពីការរៀបចំរចនាសម្ព័ន្ធឡើងវិញ

ប្រែសម្រួល៖ លន ស្រស់

OpenAI បានប្រាប់វិនិយោគិនថា ក្រុមហ៊ុននឹងចែករំលែកចំណែកតូចជាងមុននៃប្រាក់ចំណូលជាមួយអ្នកគាំទ្រសំខាន់ Microsoft នៅពេលដែលខ្លួនបន្តដំណើរការរៀបចំរចនាសម្ព័ន្ធឡើងវិញ នេះបើតាមរបាយការណ៍របស់ The Information កាលពីថ្ងៃអង្គារ(ទី៦ឧសភា)។

ក្រុមហ៊ុនបង្កើត ChatGPT បានកាត់បន្ថយផែនការរៀបចំរចនាសម្ព័ន្ធឡើងវិញដ៏សំខាន់មួយ ដោយក្រុមហ៊ុនមេមិនរកប្រាក់ចំណេញនៅតែរក្សាការគ្រប់គ្រង ក្នុងចលនាមួយដែលទំនងជានឹងកំណត់អំណាចរបស់លោក Sam Altman នាយកប្រតិបត្តិលើក្រុមហ៊ុន។

នៅក្នុងការព្យាករណ៍ហិរញ្ញវត្ថុដែលបានចែករំលែកជាមួយវិនិយោគិន OpenAI បាននិយាយថា ភាគរយនៃចំណូលដែលចែករំលែកជាមួយ Microsoft នឹងធ្លាក់ចុះយ៉ាងហោចណាស់ពាក់កណ្តាលត្រឹមចុងទសវត្សរ៍នេះ របាយការណ៍បានឱ្យដឹង។

នៅក្នុងកិច្ចព្រមព្រៀងដែលមានស្រាប់ OpenAI បានយល់ព្រមចែករំលែក ២០ ភាគរយនៃចំណូលរបស់ខ្លួនជាមួយ Microsoft រហូតដល់ឆ្នាំ ២០៣០ នេះបើតាម The Information។

OpenAI បានប្រាប់វិនិយោគិនបច្ចុប្បន្ន និងអនាគតមួយចំនួនថា ខ្លួននឹងចែករំលែកតែ ១០ ភាគរយនៃចំណូលជាមួយដៃគូពាណិជ្ជកម្មរួមទាំង Microsoft ត្រឹមឆ្នាំ ២០៣០ របាយការណ៍បាននិយាយ ដោយយោងតាមឯកសារឯកជន ដោយបន្ថែមថា Microsoft ចង់បានការចូលប្រើប្រាស់បច្ចេកវិទ្យារបស់ OpenAI ហួសពីឆ្នាំ ២០៣០។

កាលពីខែមករា Microsoft បានផ្លាស់ប្តូរលក្ខខណ្ឌសំខាន់ៗមួយចំនួននៃកិច្ចព្រមព្រៀងជាមួយ OpenAI បន្ទាប់ពីសហគ្រាសរួមរបស់ខ្លួនជាមួយ Oracle និងក្រុមហ៊ុន SoftBank Group របស់ជប៉ុន ដើម្បីសាងសង់មជ្ឈមណ្ឌលទិន្នន័យបញ្ញាសិប្បនិម្មិតថ្មីៗរហូតដល់ ៥០០ ពាន់លានដុល្លារនៅសហរដ្ឋអាមេរិក។

Microsoft បាននិយាយថា ខ្លួនមាន “កិច្ចព្រមព្រៀងចែករំលែកចំណូលដែលហូរទៅទាំងពីរផ្លូវ” ជាមួយ OpenAI ដោយធាតុសំខាន់ៗនៃភាពជាដៃគូនេះនៅតែបន្តសម្រាប់រយៈពេលនៃកុងត្រារហូតដល់ឆ្នាំ ២០៣០។

“យើងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយ Microsoft ហើយរំពឹងថានឹងបញ្ចប់ព័ត៌មានលម្អិតនៃការបង្កើនដើមទុនឡើងវិញនេះនាពេលអនាគតដ៏ខ្លី” អ្នកនាំពាក្យ OpenAI បានប្រាប់ The Information។

OpenAI និង Microsoft មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់ Reuters ក្រៅម៉ោងធ្វើការធម្មតាទេ៕

ប្រភព៖ Reuters