ប្រែសម្រួល៖សហការី

អ៊ុយក្រែនបានស្នើឱ្យបង្កើតតំបន់គ្មានយោធាមួយ ដែលត្រូវគ្រប់គ្រងរួមគ្នាដោយទីក្រុងគីវ និងម៉ូស្គូ នេះបើតាមការថ្លែងរបស់លោក Keith Kellogg ឯកអគ្គរដ្ឋទូតពិសេសរបស់សហរដ្ឋអាមេរិកប្រចាំអ៊ុយក្រែន នៅក្នុងបទសម្ភាសន៍ជាមួយ Fox News កាលពីថ្ងៃទី៦ ខែឧសភា។
លោក Kellogg បានពណ៌នាអំពីសំណើនេះថាជាតំបន់មួយ ដែលភាគីទាំងពីរត្រូវដកថយចម្ងាយ ១៥ គីឡូម៉ែត្រ ដើម្បីបង្កើតតំបន់មួយមានទំហំ ៣០ គីឡូម៉ែត្រ ដែលនឹងត្រូវត្រួតពិនិត្យដោយអ្នកសង្កេតការណ៍មកពីប្រទេសទីបី។
លោកបានបន្ថែមថា ការរៀបចំនេះអាចដើរទន្ទឹមគ្នាជាមួយនឹងបទឈប់បាញ់ “នៅនឹងកន្លែង” មានន័យថាភាគីទាំងពីរនឹងរក្សាការគ្រប់គ្រងលើទឹកដីដែលពួកគេកាន់កាប់នាពេលបច្ចុប្បន្ន។
សំណើនេះផ្ទុយពីការទាមទាររបស់ប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន ដែលទាមទារឱ្យកងកម្លាំងអ៊ុយក្រែនដកចេញពីតំបន់ដូនេតស្ក៍ លូហ្គេនស្ក៍ សាប៉ូរីស្យា និងខែសុន។
រុស្ស៊ីបានអះអាងថា បានឧបសម្ព័ន្ធតំបន់ទាំងបួននេះក្នុងអំឡុងពេលនៃការឈ្លានពានទ្រង់ទ្រាយធំរបស់ខ្លួននៅឆ្នាំ ២០២២ ប៉ុន្តែមិនទាន់គ្រប់គ្រងទាំងស្រុងនូវតំបន់ទាំងនោះទេ។
លោក Kellogg បានថ្លែងថា ឧបសគ្គចម្បងក្នុងការឈានដល់កិច្ចព្រមព្រៀងគឺការបដិសេធរបស់លោក ពូទីន ក្នុងការទទួលយកបទឈប់បាញ់។
“ខ្ញុំគិតថាយើងជិតឈានដល់កិច្ចព្រមព្រៀងហើយ។ បុរសម្នាក់ដែលអាចសម្រេចបាន ខ្ញុំជឿថាគឺប្រធានាធិបតី (ដូណាល់) ត្រាំ ដរាបណាលោកពូទីនយល់ព្រម។ ហើយនោះគឺជាឧបសគ្គមួយក្នុងចំណោមឧបសគ្គរបស់យើងក្នុងការរីកចម្រើន – ដែលប្រធានាធិបតីរុស្ស៊ីនាពេលបច្ចុប្បន្នមិនយល់ព្រមជាមួយវា” នេះបើតាមការថ្លែងរបស់លោក Kellogg។
ឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់លោក Kellogg អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ម៉ូស្គូមិនបានទទួលសំណើណាមួយពីក្រុងគីវពាក់ព័ន្ធនឹងការបង្កើតតំបន់គ្មានយោធានៅតាមបន្ទាត់សមរភូមិនោះទេ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៊ី TASS។
ម៉ូស្គូបានរាយការណ៍អំពីការទាមទារច្រើនហួសនៅក្នុងកិច្ចចរចាឈប់បាញ់ និងបានបដិសេធសំណើបទឈប់បាញ់រយៈពេល ៣០ ថ្ងៃរបស់សហរដ្ឋអាមេរិក ដែលក្រុងគីវបានទទួលយកកាលពីថ្ងៃទី១១ ខែមីនា។
“អ្នកទទួលបានបទឈប់បាញ់រយៈពេល ៣០ ថ្ងៃ។ វានឹងត្រូវបានពន្យារពេល។ ហើយវាពិតជាពិបាកណាស់ក្នុងការធ្វើបែបនេះ នៅពេលអ្នកជាបុគ្គលិកយោធា… ដើម្បីចាប់ផ្តើមជម្លោះឡើងវិញ។ ហើយខ្ញុំមិនគិតថាពួកគេនឹងធ្វើនោះទេ” លោក Kellogg បានបន្ថែម។
ចាប់តាំងពីចូលកាន់តំណែងនៅខែមករា ឆ្នាំ ២០២៥ លោក ត្រាំ មិនបានអនុម័តជំនួយយោធាថ្មីណាមួយរបស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែនទេ។ ការសន្យារបស់លោកក្នុងការបញ្ចប់សង្គ្រាមក្នុងរយៈពេល ២៤ ម៉ោង មិនបានផ្តល់លទ្ធផលបន្ទាប់ពីបានចូលកាន់តំណែងជាង ១០០ ថ្ងៃ។
ទោះបីជាមានការខកចិត្តចំពោះការបដិសេធរបស់ម៉ូស្គូក្នុងការកាត់បន្ថយភាពតានតឹងក៏ដោយ រដ្ឋបាលលោក ត្រាំ មិនបានដាក់ទណ្ឌកម្មថ្មីៗ ឬចាត់វិធានការផ្សេងទៀតដើម្បីដាក់សម្ពាធលើវិមានក្រឹមឡាំងទេ។
រដ្ឋមន្ត្រីការបរទេស Marco Rubio និងលោក ត្រាំ ធ្លាប់បានព្រមានថា សហរដ្ឋអាមេរិកនឹងដកខ្លួនចេញពីកិច្ចខិតខំព្យាយាមសម្របសម្រួល ប្រសិនបើកិច្ចចរចាបានជាប់គាំង៕
