ប្រែសម្រួល៖រតនា

អ្នកកាន់អំណាចផ្ដាច់ការឈេឈេន រ៉ាមហ្សាន កាឌីរ៉ូវ បានសុំប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន អំពីការលាលែងពីតំណែងជាប្រមុខសាធារណរដ្ឋឈេឈេន ដោយលោកបានប្រាប់ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋឈេឈេន Today កាលពីថ្ងៃទី៦ ខែឧសភា។
កាឌីរ៉ូវ បានគ្រប់គ្រងឈេឈេនតាំងពីឆ្នាំ២០០៧។ ក្រោមការដឹកនាំរបស់គាត់ សាធារណរដ្ឋឈេឈេនបានក្លាយជាតំបន់មួយក្នុងចំណោមតំបន់គ្រោះថ្នាក់បំផុតនៅលើពិភពលោក ដែលល្បីខាងការធ្វើឱ្យមនុស្សបាត់ខ្លួនដោយបង្ខំ ការធ្វើទារុណកម្ម និងការសម្លាប់ក្រៅច្បាប់។
សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចផ្សេងទៀតបានដាក់ទណ្ឌកម្មប្រឆាំងនឹងកាឌីរ៉ូវ និងគ្រួសាររបស់គាត់ ដោយសារការរំលោភសិទ្ធិមនុស្សនៅឈេឈេន។
“ខ្ញុំក៏បានឮពាក្យចចាមអារ៉ាមទាំងនោះ (អំពីការលាលែង) ដែរ។ គេនិយាយគ្រប់បែបយ៉ាង។ ផ្ទុយទៅវិញ ខ្ញុំកំពុងស្នើសុំឱ្យត្រូវបានដកចេញពីតំណែងរបស់ខ្ញុំ” កាឌីរ៉ូវបាននិយាយ។ “ខ្ញុំសង្ឃឹមថាសំណើរបស់ខ្ញុំនឹងត្រូវបានគាំទ្រ។”
កាឌីរ៉ូវបានបញ្ជាក់ថា ការសម្រេចចិត្តថាតើគាត់នឹងត្រូវបានដកចេញឬអត់នោះ គឺនៅលើពូទីនឥឡូវនេះ។
សេចក្តីថ្លែងការណ៍របស់កាឌីរ៉ូវធ្វើឡើងក្នុងពេលដែលមានព័ត៌មានថា ជំងឺរបស់អ្នកកាន់អំណាចផ្ដាច់ការឈេឈេននេះ គឺជំងឺរលាកលំពែងក្រពះ កំពុងរីករាលដាលយ៉ាងឆាប់រហ័ស ហើយគាត់បានតែងតាំងកូនប្រុសអនីតិជនរបស់គាត់ឈ្មោះ អាដាម ជាអ្នកស្នងតំណែងរបស់គាត់ យោងតាមប្រភពព័ត៌មានឯករាជ្យរុស្ស៊ី Novaya Gazeta Europe។
នេះមិនមែនជាលើកដំបូងទេដែលកាឌីរ៉ូវបានស្នើសុំលាលែងពីតំណែង។ គាត់បានធ្វើសេចក្តីថ្លែងការណ៍ស្រដៀងគ្នានេះនៅឆ្នាំ២០១៦ ឆ្នាំ២០១៧ និងឆ្នាំ២០២២ យោងតាមប្រភពព័ត៌មានឯករាជ្យរុស្ស៊ី Astra។ ក្នុងករណីមុនៗ ការលាលែងរបស់គាត់មិនត្រូវបានអនុម័តទេ៕
ប្រភព៖ Kyiv independent
