ដោយ: ព្រះអង្គខ្មៅ

បាត់ដំបង÷ សមត្ថកិច្ចឆ្មក់ចុះឆែក និងបង្ក្រាបដកហូតត្រីបង្កកចំនួន ២៥០០គីឡូក្រាម ខណ:ឈ្មួញដឹកជញ្ជូនដោយរថយន្តចេញពីប្រទេសថៃ ប្រុងនាំចូលទីផ្សារក្រុងបាត់ដំបងខុសច្បាប់។
នគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដឹកនាំដោយលោកវរសេនីយ៍ឯក យី យក់សាន ក្រោមកិច្ចសហការរវាងកម្លាំងកងរាជអាវុធហត្ថ មូលដ្ឋានស្រុកបវេល ជាមួយមន្រ្តីខណ្ឌរដ្ឋបាលជលផលខេត្ត នៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៥ ថ្មីៗកន្លងមកនេះបានចុះស្ទាក់ និងពិនិត្យលើរថយន្តដឹកទំនិញទ្រុងបិតជិតមួយគ្រឿងក្រោយដាក់ការសង្ស័យមានដឹកជញ្ជូនត្រីប្រាក្លាសេ និងបង្កកមិនមានច្បាប់អនុញ្ញាតិនាំចេញពីប្រទេសថៃ។
ប្រភពដដែលបន្តថា÷ ការចុះពិនិត្យ និងបង្ក្រាប ធ្វើឡើងត្រង់ដងផ្លូវស្ថិតនៅចំណុចភូមិអន្លង់រៃ ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង ក្នុងនោះឃាត់ខ្លួនអ្នកបើកបរម្នាក់ ( មិនស្គាល់ឈ្មោះ ) រថយន្តមួយគ្រឿងម៉ាក Hyundai ពណ៌បៃតង ផលិតឆ្នាំ ២០០៥ ពាក់ស្លាកលេខ ភ្នំពេញ ៣G-៤៧៣២។
ប្រតិបត្តិការខាងលើនេះសមត្ថកិច្ចចម្រុះស្ថាប័នបានរកឃើញត្រីប្រភេទ ត្រីប្រាក្លាសេទម្ងន់ប្រមាណ ២០០០គីឡូក្រាម ជាមួយនឹងត្រីកន្ធរបង្កកទម្ងន់ ៥០០គីឡូក្រាមផងដែរ។
ចំពោះមុខវត្ថុតាងត្រី មមធ្យោបាយព្រមទាំងអ្នកបេីកបរម្នាក់ ត្រូវមន្រ្តីជំនាញរដ្ឋបាលជលផល ខេត្តបាត់ដំបង កំពុងអនុវត្តតាមនីតិវិធី៕
