សេដ្ឋកិច្ច

តម្លៃប្រេងធ្លាក់ចុះ ២% ដោយសារ OPEC+ បង្កើនការផលិតលឿន ទន្ទឹមនឹងភាពលើសតម្រូវការ

ប្រែសម្រួល៖សហការី

ឡុងដ៍៖ តម្លៃប្រេងបានធ្លាក់ចុះជាង ២% នៅថ្ងៃចន្ទ បន្ទាប់ពីក្រុម OPEC+ បានសម្រេចចិត្តនៅចុងសប្តាហ៍បន្តបង្កើនល្បឿននៃការផលិតប្រេង ដែលបង្កឱ្យមានការព្រួយបារម្ភអំពីការផ្គត់ផ្គង់បន្ថែមចូលក្នុងទីផ្សារដែលមានភាពមិនច្បាស់លាស់នៃតម្រូវការ។

កិច្ចសន្យាប្រេង Brent បានធ្លាក់ចុះ $១,២៧ ឬ ២,០៧% មកនៅត្រឹម $៦០,០២ ក្នុងមួយបារ៉េល នៅម៉ោង ០៨:០២ GMT ខណៈដែលប្រេងឆៅអាមេរិក West Texas Intermediate មានតម្លៃ $៥៦,៩៦ ក្នុងមួយបារ៉េល ធ្លាក់ចុះ $១,៣៣ ឬ ២,២៨%។

កិច្ចសន្យាទាំងពីរបានធ្លាក់ដល់កម្រិតទាបបំផុតចាប់តាំងពីថ្ងៃទី ៩ ខែមេសា នៅពេលទីផ្សារបើកនៅថ្ងៃចន្ទ បន្ទាប់ពីក្រុម OPEC+ បានឯកភាពបង្កើនល្បឿនការផលិតប្រេងជាលើកទីពីរជាប់គ្នា ដោយបង្កើនផលិតកម្មនៅខែមិថុនាចំនួន ៤១១,០០០ បារ៉េលក្នុងមួយថ្ងៃ (bpd)។

ការបង្កើនក្នុងខែមិថុនាពីប្រទេសផលិតទាំង៨ក្នុងក្រុម OPEC+ នឹងធ្វើឱ្យការបង្កើនសរុបរួមគ្នាសម្រាប់ខែមេសា ឧសភា និងមិថុនា ឡើងដល់ ៩៦០,០០០ bpd ដែលតំណាងឱ្យការដោះលែង ៤៤% នៃការកាត់បន្ថយផ្សេងៗចំនួន ២,២ លានបារ៉េលក្នុងមួយថ្ងៃដែលបានព្រមព្រៀងគ្នាចាប់តាំងពីឆ្នាំ ២០២២ យោងតាមការគណនារបស់ Reuters។

ក្រុមនេះអាចនឹងដោះលែងការកាត់បន្ថយដោយស្ម័គ្រចិត្តទាំងស្រុងត្រឹមចុងខែតុលា ប្រសិនបើសមាជិកមិនកែលម្អការអនុវត្តតាមកូតាផលិតកម្មរបស់ពួកគេ ប្រភពពី OPEC+ បានប្រាប់ Reuters។

ប្រភពពី OPEC+ បាននិយាយថា អារ៉ាប៊ីសាអូឌីតកំពុងជំរុញឱ្យ OPEC+ បង្កើនល្បឿនការដោះលែងការកាត់បន្ថយផលិតកម្មពីមុន ដើម្បីដាក់ទណ្ឌកម្មសមាជិករួម គឺអ៊ីរ៉ាក់និងកាហ្សាក់ស្ថាន សម្រាប់ការអនុវត្តមិនបានល្អតាមកូតាផលិតកម្មរបស់ពួកគេ។

“ការបង្កើនផលិតកម្ម ដែលបង្កឡើងដោយអារ៉ាប៊ីសាអូឌីត គឺពាក់ព័ន្ធនឹងការប្រឈមនឹងការផ្គត់ផ្គង់ប្រេងក្រៅប្រភពប្រពៃណីរបស់អាមេរិក និងការដាក់ទណ្ឌកម្មសមាជិកដែលបានទទួលផលប្រយោជន៍ពីតម្លៃខ្ពស់ ខណៈពេលមិនគោរពតាមកម្រិតផលិតកម្មរបស់ពួកគេ” នេះបើតាមការលើកឡើងរបស់អ្នកវិភាគធនាគារ Saxo លោក Ole Hansen។

“ការបន្ថែមបារ៉េលក្នុងពេលដែលសេដ្ឋកិច្ចកំពុងធ្លាក់ចុះ នឹងធ្វើឱ្យតម្លៃធ្ងន់ រហូតដល់យើងមានរូបភាពច្បាស់លាស់អំពីផលប៉ះពាល់នៃតម្រូវការ។”

ការរំពឹងថានឹងមានការផ្គត់ផ្គង់ត្រឡប់មកទីផ្សារវិញ បានធ្វើឱ្យប៉ះពាល់ដល់កិច្ចសន្យាអនាគតនៃប្រេង Brent ដែលបង្ហាញពីទីផ្សារទន់ខ្សោយនៅពេលខាងមុខ។

ភាពខុសគ្នារវាងកិច្ចសន្យារយៈពេលខ្លីរបស់ Brent និងកិច្ចសន្យាសម្រាប់ការបញ្ជូនក្នុងរយៈពេល៦ខែ គឺ១០សេនក្នុងមួយបារ៉េល ធ្លាក់ចុះពី៤៧សេនក្នុងវគ្គមុន។ គំលាតនេះបានប្តូរទៅជាអវិជ្ជមានមួយរយៈ ដែលគេហៅថារចនាសម្ព័ន្ធ ‘contango’ ជាលើកដំបូងចាប់តាំងពីខែធ្នូ ឆ្នាំ២០២៣ កាលពីដើមវគ្គ។

Barclays និង ING ក៏បានបន្ថយការព្យាករណ៍តម្លៃប្រេង Brent របស់ពួកគេផងដែរ បន្ទាប់ពីការសម្រេចចិត្តរបស់ OPEC+។

Barclays បានកាត់បន្ថយការព្យាករណ៍ Brent ចំនួន $៤ មកនៅត្រឹម $៦៦ ក្នុងមួយបារ៉េលសម្រាប់ឆ្នាំ២០២៥ និងចំនួន $២ មកនៅត្រឹម $៦០ សម្រាប់ឆ្នាំ២០២៦ ខណៈដែល ING រំពឹងថាប្រេង Brent នឹងមានតម្លៃមធ្យម $៦៥ នៅឆ្នាំនេះ ធ្លាក់ចុះពី $៧០ ពីមុន។

“ទីផ្សារប្រេងបានប្រឈមនឹងភាពមិនប្រាកដប្រជាខ្លាំងនៃតម្រូវការ ក្នុងបរិបទហានិភ័យនៃពន្ធនាំចូល។ ការផ្លាស់ប្តូរគោលនយោបាយរបស់ OPEC+ នេះ បន្ថែមភាពមិនប្រាកដប្រជាលើផ្នែកផ្គត់ផ្គង់” នេះបើតាមការលើកឡើងរបស់ក្រុមអ្នកវិភាគ ING ដឹកនាំដោយលោក Warren Patterson៕

ប្រភព៖ Reuters