ប្រែសម្រួល៖សហការី

ក្រសួងការពារជាតិរុស្ស៊ីបានអះអាងកាលពីថ្ងៃទី២ ខែឧសភា ថាការការពារផ្លូវអាកាសរុស្ស៊ីបានទប់ស្កាត់ដ្រូនអ៊ុយក្រែនចំនួន៨៩គ្រឿងនៅលើឧបទ្វីបគ្រីម៉េដែលខ្លួនកំពុងកាន់កាប់ និងដ្រូន២៣គ្រឿងផ្សេងទៀតនៅលើឈូងសមុទ្រខ្មៅ។
បណ្តាញតេលេក្រាម Crimean Wind ដែលគាំទ្រអ៊ុយក្រែនបានរាយការណ៍ពីការផ្ទុះនៅទីតាំងសំខាន់ៗជាច្រើននៅទូទាំងឧបទ្វីប រួមទាំងសេវ៉ាស្តូផុល, ដ្ហ្សេនកយ, សាគី, ណូវូហ្វេដូរីវកា និងកាឆា – ជាទីតាំងដែលមានមូលដ្ឋានទ័ពអាកាសរុស្ស៊ី។
មូលដ្ឋានទ័ពអាកាសសាគី និងកាឆា ត្រូវបានប្រើប្រាស់ដោយរុស្ស៊ីដើម្បីគ្រប់គ្រងលំហអាកាសលើឈូងសមុទ្រខ្មៅ និងដើម្បីបាញ់ប្រហារលើទឹកដីអ៊ុយក្រែន។ វីដេអូដែលត្រូវបានចេញផ្សាយដោយ Crimean Wind បានបង្ហាញពីការផ្ទុះជាច្រើនលើក និងអគ្គិភ័យនៅជិតភូមិអ៊ូហ្លូវ៉េ ដែលនៅជិតមូលដ្ឋានទ័ពអាកាសកាឆា។
អ៊ូហ្លូវ៉េស្ថិតនៅប្រមាណ១គីឡូម៉ែត្រ (០,៦ម៉ាយ) ពីឆ្នេរសមុទ្រនៃឈូងកាឡាមីត និងប្រហែល២៥គីឡូម៉ែត្រ (១៥ម៉ាយ) នៅភាគនិរតីនៃក្រុងស៊ីមហ្វេរ៉ូប៉ុល។
មីខាអ៊ីល រ៉ាហ្សវ៉ូហ្សាយេវ មេដឹកនាំដែលត្រូវបានតែងតាំងដោយរុស្ស៊ីនៅក្នុងសេវ៉ាស្តូផុល បានបញ្ជាក់តាមរយៈតេលេក្រាមថា “សំឡេងខ្លាំងៗ” គឺបណ្តាលមកពីកងកម្លាំងរុស្ស៊ីបានទប់ស្កាត់ការប៉ុនប៉ងវាយប្រហារដោយដ្រូន។
គាត់បានអះអាងថាដ្រូនចំនួន៧គ្រឿងត្រូវបានបំផ្លាញនៅលើសមុទ្រនៅចម្ងាយគួរឱ្យកត់សម្គាល់ពីឆ្នេរ។
“កងទ័ពជើងទឹក សហការជាមួយកម្លាំងការពារផ្លូវអាកាស កំពុងទប់ទល់នឹងការវាយប្រហាររួមគ្នាដ៏ធំមួយ” គាត់បានសរសេរ ដោយអះអាងថាគ្មានការខូចខាតហេដ្ឋារចនាសម្ព័ន្ធនៅក្នុងសេវ៉ាស្តូផុល ឬទឹកអាណាខេត្តរបស់ខ្លួនទេ។
អ៊ុយក្រែនមិនបានធ្វើអត្ថាធិប្បាយជាផ្លូវការលើការវាយប្រហារដែលត្រូវបានរាយការណ៍នោះទេ ហើយ Kyiv Independent មិនអាចផ្ទៀងផ្ទាត់ការអះអាងទាំងនេះដោយឯករាជ្យបានទេ។
អ៊ុយក្រែនបានអនុវត្តការវាយប្រហារដោយជោគជ័យជាច្រើនលើកប្រឆាំងនឹងគោលដៅរុស្ស៊ីនៅក្នុងឧបទ្វីបគ្រីម៉េ ដែលកំពុងត្រូវបានកាន់កាប់ និងតំបន់ជុំវិញ ដែលបានធ្វើឱ្យកងទ័ពជើងទឹកសមុទ្រខ្មៅរបស់រុស្ស៊ីត្រូវចុះខ្សោយយ៉ាងខ្លាំង៕
ប្រភព៖ Kyiv Independent
