ដោយ៖ កំចាយ

កំពត÷ យុវជនម្នាក់បានស្លាប់ ចំណែកម្នាក់ទៀតរងរបួសធ្ងន់បន្ទាប់ពីជិះម៉ូតូឌុបគ្នារួចជ្រុលបុកពីក្រោយរថយន្តកំពុងចតត្រង់ទីងងឹតលើដងផ្លូវដោយពុំមានដាក់សញ្ញាសម្គាល់។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជិត៧យប់ថ្ងៃទី២ ខែឧសភា ឆ្នាំ ២០២៥ លេីកំណាត់ផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិព្រែកក្រែង សង្កាត់ព្រែកត្នោត ក្រុងបូកគោ។
មន្ត្រីនគរបាលចរាចរណ៍ក្រុងបូកគោបានប្រាប់ឲ្យដឹងថា យុវជនដែលបានស្លាប់ក្នុងករណីខាងលើឈ្មោះ កូយ ឌីណា អាយុ ២១ឆ្នាំ មានទីលំនៅភូមិដំណាក់ត្រាច ឃុំកណ្ដោល ស្រុកទឹកឈូ ខេត្តកំពត។ ចំណែកយុវជនរងរបួសឈ្មោះ ឆើយ សុខខៀវ អាយុ ២២ឆ្នាំ រស់នៅភូមិកំពង់សំរោងខាងជើង ឃុំកំពង់សំរោង ស្រុកទឹកឈូ ខេត្តកំពត។
សមត្ថកិច្ចបានរៀបរាប់ថា កាលពីវេលាម៉ោង៦ និង៤០នាទីល្ងាចថ្ងៃទី២ ខែឧសភា មានករណីគ្រោះថ្នាក់ចរាចររវាងរថយន្ត និងម៉ូតូពេលធ្វើដំណើរស្របទិសគ្នា។ មុនគ្រោះថ្នាក់កើតឡើង គេឃើញរថយន្តម៉ាកTRAGO ក្បាលពណ៌ស កន្ទុយពណ៌ខៀវលាយក្រហម ពាក់ផ្លាកលេខភ្នំពេញ3C-2474 សណ្ដោងរ៉ឺម៉កផ្លាកលេខភ្នំពេញ4A-2364 ធ្វើដំណើរលើផ្លូវជាតិលេខ៣ក្នុងទិសដៅពីលិចទៅកើត។ លុះដល់ចន្លោះបង្គោលគីឡូម៉ែត្រ១៧៧-១៧៨ រថយន្តបានឈប់ដោយគ្មានភ្លើងសញ្ញាខាងក្រោយ និងពុំដាក់សញ្ញាសម្គាល់ទើបម៉ូតូមកពីក្រោយបុកពេញទំហឹងបណ្ដាលឲ្យអ្នកបើកបរដែលមិនបានពាក់មួកសុវត្ថិភាពស្លាប់ភ្លាមៗ ចំណែកអ្នករួមដំណើររងរបួសធ្ងន់។
មន្ត្រីនគរបាលដដែលបានបញ្ជាក់ថា ក្នុងស្ថានភាពបែបនោះ អ្នកបើកបរបានរត់គេចបាត់ដោយបន្សល់ទុករថយន្ត និងជនរងគ្រោះនៅកន្លែងកើតហេតុ៕
