សន្ដិសុខសង្គម

ប៉ូលិសកសាងសំណុំរឿងបើករថយន្តបុកមនុស្សស្លា.ប់៤នាក់ទៅតុលាការ

ដោយ៖សុខុម

ក្រចេះ៖ សមត្ថកិច្ចខេត្តក្រចេះ បានឱ្យដឹងនៅព្រឹកថ្ងៃទី២ឧសភានេះថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍មនុស្សស្លាប់៤នាក់លើដងផ្លូវត្រង់ចំណុចភូមិសំរង ឃុំឃ្សឹម ស្រុកស្នួល កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ មន្រ្តីជំនាញនគរបាលស្រុកស្នួលកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការហើយ។

សមត្ថកិច្ចបាននិយាយឱ្យដឹងថា៖ ហេតុការណ៍ខាងលើបានកើតឡើងរវាងម៉ូតូសង់ឌ្រីមពណ៌ខ្មៅ ពាក់ផ្លាកលេខ ក្រចេះ 1E -0786 មានគ្នា៤ នាក់ ក្នុងនោះមានឪពុកម្ដាយរួមទាំងកូនៗពីរនាក់ មានទីលំនៅភូមិសង្គម ឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ។ម៉ូតូធ្វើដំណើរពីធ្វើចម្ការនៅស្នួល ក្នុងបំណងទៅផ្ទះ នៅស្រុកសំបូរ លុះមកដល់ចំណុចកើតហេតុក៏ត្រូវរថយន្តធំមួយគ្រឿង ពាក់ផ្លាកលេខ ត្បូងឃ្មុំ 3A-3218 បើកបរបញ្ច្រាសទិសគ្នាបុកស្លាប់ទាំងគ្រួសារ។

ភ្លាមនោះអ្នកបើកបររថយន្តឈ្មោះម៉ៅ វ៉ាន់នី ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មានទីលំនៅភូមិអូរ២ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំបានព្យាយាមបើករថយន្តរត់គេចពីកន្លែងកើតហេតុ ប៉ុន្តែត្រូវបានកម្លាំងដេញតាមស្ទាក់ឃាត់ខ្លួនបានមកវិញ៕