ប្រែសម្រួល ៖ លន ស្រស់

ប្រទេសចិនបាននិយាយថាខ្លួន «កំពុងវាយតម្លៃ» សំណើរបស់សហរដ្ឋអាមេរិក ដើម្បីចាប់ផ្តើមការចរចាពាណិជ្ជកម្ម ក្នុងការផ្លាស់ប្តូរឥរិយាបថដែលអាចបើកទ្វារសម្រាប់ការចរចា។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃសុក្រថា «សហរដ្ឋអាមេរិកបានផ្ញើសារជាច្រើនមកកាន់ចិនតាមរយៈភាគីពាក់ព័ន្ធ ដោយសង្ឃឹមថានឹងចាប់ផ្តើមការចរចាជាមួយចិន។ ចិនកំពុងវាយតម្លៃរឿងនេះ»។
មតិយោបល់នេះបង្ហាញពីការទន់ភ្លន់នៃជំហររបស់ប៉េកាំង ដែលបានប្រកាន់ជំហរយ៉ាងមុតមាំ ក្នុងបរិបទនៃភាពតានតឹងកើនឡើងជាមួយសហរដ្ឋអាមេរិក ដោយសារសង្គ្រាមពន្ធគយរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។
លោកត្រាំបាននិយាយជាបន្តបន្ទាប់តាំងពីសប្តាហ៍មុនមកថា រដ្ឋបាលរបស់លោកកំពុងចរចាជាមួយមន្ត្រីចិនដើម្បីសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្ម ប៉ុន្តែត្រូវបានបដិសេធពីប៉េកាំងរាល់ពេល។
នៅថ្ងៃសុក្រ ប៉េកាំងបានបញ្ជាក់ជាថ្មីថា ការចរចាណាមួយនឹងតម្រូវឱ្យមានលក្ខខណ្ឌមួយចំនួនត្រូវបានបំពេញ។
អ្នកនាំពាក្យបាននិយាយថា «សង្គ្រាមពន្ធគយនិងពាណិជ្ជកម្មត្រូវបានផ្តួចផ្តើមឡើងតែពីសំណាក់សហរដ្ឋអាមេរិក ហើយប្រសិនបើវាចង់ចរចា វាត្រូវតែបង្ហាញពីភាពស្មោះត្រង់ពិតប្រាកដ ដែលរួមមានការត្រៀមខ្លួនកែតម្រូវកំហុសរបស់ខ្លួន និងលុបចោលការដំឡើងពន្ធគយឯកតោភាគីរបស់ខ្លួន»។
លំហូរពាណិជ្ជកម្មដ៏ធំរវាងសេដ្ឋកិច្ចធំពីររបស់ពិភពលោកកំពុងស្ថិតក្នុងគ្រោះថ្នាក់ បន្ទាប់ពីលោកត្រាំបានដំឡើងពន្ធគយលើប្រទេសចិនដល់ ១៤៥% កាលពីដើមខែនេះ ដែលធ្វើឱ្យវាពិបាកសម្រាប់អាជីវកម្មចិនមួយចំនួនក្នុងការបន្តធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។ ជាការឆ្លើយតប ប៉េកាំងបានដំឡើងពន្ធគយលើការនាំចូលរបស់អាមេរិកដល់ ១២៥%៕
ប្រភព ៖ CNN
