ដោយ : បន្ទាយ

បន្ទាយមានជ័យ : អគារថ្មីធ្វើពីបេតុងព៌ណស្លាទុំ ប្រក់ក្បឿងស្រកាត្រីព៌ណក្រហមភ្លឺរចនាបទខ្មែរនិងបំពាក់ដោយសម្ភារសំណង់ ព្រមទាំងសង្ហារឹមដ៏ប្រណឺតរបស់រដ្ឋបាលក្រុងសិរីសោភ័ណដែលសាងសង់រួច ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី២៩ខែមេសាឆ្នាំ ២០២៥ ។
ទន្ទឹមនឹងនោះ អគារចាស់សង់ពីបេតុងព៌ណស ប្រក់ហ្វ្រីប្រូស៊ីម៉ងត៍ខៀវដែលសង់ឡើងកាលពីឆ្នាំ១៩៩៥ នៅជាប់ពីក្រោយក៏ទុកប្រើប្រាស់ដែរ។
លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ បានថ្លែងសង្ខេបថា : អគារថ្មីរបស់រដ្ឋបាលក្រុងសិរីសោភ័ណត្រូវបានសែនក្រុងពាលី បញ្ចុះបឋមសិលាសាងសង់កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅក្នុងបរិវេណសាលាក្រុង ត្រង់កែងផ្លូវជាតិលេខ៥៦និងវិថី៧មករា ភូមិខ្លាកូនចាស់សង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ ។
សូមបញ្ជាក់ថា ការសាងសង់អគារនេះ បានប្រើថវិកាជាតិ តាមរយ:ក្រសួងហិរញ្ញវត្ថុ ,ក្រសួងមហាផ្ទៃនិងរដ្ឋបាលខេត្តបន្ទាយមានជ័យ ហើយក្រុមហ៊ុនស្រ៊ាង គួង ខូអិលធីឌី (Sreang Kung Co.,Ltd) ទទួលសិទ្ធិម៉ៅការអគារថ្មីធ្វើពីបេតុងព៌ណស្លាទុំ ប្រក់ក្បឿងស្រកាត្រីព៌ណក្រហមភ្លឺរចនាបទខ្មែរនិងបំពាក់ដោយសម្ភារសំណង់ ព្រមទាំងសង្ហារិមដ៏ប្រណីតនេះ។
អគារមានកម្ពស់២ជាន់មានទំហំទទឹងប្រវែង១៣ម៉ែត្រគុណ បណ្ដោយប្រវែង ២៨ម៉ែត្រ កសាងអស់រយ:ពេល១ឆ្នាំ ដោយរួចរាល់នាដើមឆ្នាំ២០២៥ ហើយជ្រើសរើសវេលានក្ខតឫក្ស រួចត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ ។
ក្នុងនោះ ក្រុងក៏មានសមិទ្ធផលច្រើនទៀតក្នុងក្រុងដូចជា ទីលានទុកដាក់សំរាម ប្រព័ន្ធលូត្រង់ទឹកភ្លៀង និងប្រព័ន្ធលូទឹកកខ្វក់នៃគម្រោងកាត់បន្ថយផលប៉ះពាល់បរិស្ថានបឹងទន្លេសាប , ផ្លូវក្រាលកៅស៊ូ ផ្លូវបេតុង ផ្លូវក្រាលថ្មមិច ប្រព័ន្ធធារាសាស្ត្រ ,ស្ពានបេតុងឆ្លងស្ទឹងសិរីសោភ័ណ…ជាដើម ដែលបានគាំទ្រថវិការដ្ឋ និងឥណទានមូលនិធិអន្តរជាតិ អង្គការដៃគូ អភិវឌ្ឍន៍ ។
ក្នុងឱកាសនោះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា : រដ្ឋបាលខេត្តនិងប្រជាពលរដ្ឋក្នុងក្រុង សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល តាមរយៈក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានផ្តល់អំណោយអាគាររដ្ឋបាលក្រុងសិរីសោភ័ណថ្មីនេះ ក៏ដូចអគាររដ្ឋបាលស្រុកក្រុងនានាដែលបានដាក់អោយប្រើប្រាស់ហើយនិងដែលកំពុងសាងសង់។
ទន្ទឹមនឹងការទទួលបាននូវ អគាររដ្ឋបាលថ្មី លោកអ៊ុ រាត្រី អភិបាលខេត្តបានធ្វើការណែនាំដល់ថ្នាក់ដឹកនាំក្រុងនិងពលរដ្ឋទទួលសេវាជំរុញការថែទាំអគារ និងទ្រព្យសម្បត្តិ ឱ្យបានល្អ គង់វង្សសម្រាប់ការប្រើប្រាស់បានយូរអង្វែង និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
ជំរុញការផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយគុណភាព តម្លាភាពគណនេយ្យភាព និងប្រសិទ្ធភាព។
ត្រូវបង្កើនការខិតខំបំពេញការងារ គោរពវិន័យនិងក្រមសីលធម៌វិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន ថ្លៃថ្នូរ និងបម្រើប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវ និងប្រសិទ្ធភាពខ្ពស់។
សូមបញ្ជាក់នៅមុនបញ្ចប់ពិធី មានការបំពាក់គ្រឿងឥស្សរិយយស ជូនប័ណ្ណនិងលិខិតសរសើរ លិខិតថ្លែងអំណរគុណដល់មន្ត្រីនិងសប្បុរសជន ហើយក៏មានរៀបចំអាហារសាមគ្គីផងដែរ ៕
