ប្រែសម្រួល៖ស-សម្បត្តិ

មេដឹកនាំចិន ស៊ី ជីនភីង មិនបាននិយាយតាមទូរសព្ទជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ នាពេលថ្មីៗនេះទេ ប៉េកាំងបានថ្លែងកាលពីថ្ងៃចន្ទ ដោយបញ្ជាក់ម្តងទៀតថា មិនមានការចរចាណាមួយកំពុងដំណើរការរវាងប្រទេសទាំងពីរដើម្បីដោះស្រាយសង្គ្រាមពន្ធគយរបស់ពួកគេឡើយ។
សេចក្តីថ្លែងការណ៍ពីអ្នកនាំពាក្យក្រសួងការបរទេសចិនគឺជាការបដិសេធដោយចំហចំពោះការអះអាងរបស់ត្រាំក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តី Time កាលពីសប្តាហ៍មុនថា ស៊ី បានទូរសព្ទទៅគាត់ ខណៈពេលដែលសេដ្ឋកិច្ចធំបំផុតទាំងពីរនៅលើពិភពលោកនៅតែជាប់គាំងក្នុងជម្លោះអំពីពន្ធគយខ្ពស់។
«តាមការដឹងរបស់ខ្ញុំ មិនមានការហៅទូរសព្ទថ្មីៗរវាងមេដឹកនាំទាំងពីររូបទេ» លោក ក្វូ ជៀគុន បានថ្លែងនៅក្នុងសន្និសីទកាសែតជាទៀងទាត់មួយ។ “ខ្ញុំចង់បញ្ជាក់ម្តងទៀតថា ប្រទេសចិននិងសហរដ្ឋអាមេរិកមិនបានចូលរួមក្នុងការពិគ្រោះយោបល់ឬការចរចាអំពីបញ្ហាពន្ធគយនេះទេ។»
ចិននៅតែរក្សាជំហរសាធារណៈដ៏រឹងមាំរបស់ខ្លួនលើសង្គ្រាមពាណិជ្ជកម្ម ទោះបីជាត្រាំបានបន្ថយសំឡេងរបស់គាត់កាលពីសប្តាហ៍មុន ដោយនិយាយថា ពន្ធគយដ៏ច្រើនរបស់សហរដ្ឋអាមេរិកលើទំនិញចិននឹង «ចុះទាបគួរសម» ហើយសន្យាថានឹង «រួសរាយរាក់ទាក់ណាស់» នៅលើតុចរចា ពេលគាត់ព្យាយាមឱ្យស៊ីផ្តួចផ្តើមការចរចា។
«គាត់បានហៅទូរសព្ទមក។ ហើយខ្ញុំគិតថានេះមិនមែនជាសញ្ញានៃភាពខ្សោយលើផ្នែករបស់គាត់ទេ» ត្រាំបាននិយាយ ដោយសំដៅទៅលើស៊ី នៅក្នុងបទសម្ភាសន៍ជាមួយ Time ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ។
ត្រាំដែលបានសំដៅទៅលើស៊ីថាជា «មិត្ត» ជាច្រើនដង មិនបានផ្តល់ព័ត៌មានលម្អិតនៅក្នុងបទសម្ភាសន៍ជាមួយ Time អំពីខ្លឹមសារនៃការហៅទូរសព្ទដែលបានអះអាងជាមួយមេដឹកនាំចិន ឬពេលណាដែលវាបានកើតឡើង – ហើយក៏មិនបានពន្យល់នៅពេលត្រូវបានសួរដោយ CNN កាលពីថ្ងៃសុក្រដែរ។
«ខ្ញុំមិនចង់អធិប្បាយអំពីរឿងនោះទេ ប៉ុន្តែខ្ញុំបាននិយាយជាមួយគាត់ច្រើនដងហើយ» ត្រាំបានឆ្លើយតបទៅនឹង Alayna Treene របស់ CNN នៅពេលចាកចេញពី South Lawn នៅសេតវិមាន។
យោងតាមកំណត់ត្រាសាធារណៈដែលមាន លើកចុងក្រោយដែលមេដឹកនាំទាំងពីរបាននិយាយតាមទូរសព្ទគឺនៅថ្ងៃទី១៧ ខែមករា ប៉ុន្មានថ្ងៃមុនពិធីសម្បថចូលកាន់តំណែងអាណត្តិទីពីររបស់ត្រាំ។
ចាប់តាំងពីសប្តាហ៍មុន ត្រាំបាននិយាយជាច្រើនដងថា រដ្ឋបាលរបស់គាត់កំពុងនិយាយជាមួយមន្ត្រីចិនដើម្បីសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្ម – តែត្រូវបានបដិសេធយ៉ាងច្បាស់ពីប៉េកាំងរាល់ពេល។
កាលពីថ្ងៃសុក្រ ប៉ុន្មានម៉ោងមុនបទសម្ភាសន៍របស់ត្រាំជាមួយ Time ត្រូវបានចេញផ្សាយ ក្រសួងការបរទេសចិនបានជំរុញឱ្យសហរដ្ឋអាមេរិកមិនត្រូវ «បំភាន់សាធារណជន» អំពីការចរចាពាណិជ្ជកម្មរវាងភាគីទាំងពីរ។
ការស្ម័គ្រចិត្តដ៏ជាក់ស្តែងរបស់ត្រាំក្នុងការកាត់បន្ថយសង្គ្រាមពាណិជ្ជកម្មត្រូវបានប៉េកាំងមិនយកចិត្តទុកដាក់ ដែលផ្ទុយទៅវិញបានទាមទារឱ្យសហរដ្ឋអាមេរិកដកពន្ធគយទាំងអស់លើប្រទេសចិន។
ចាប់តាំងពីត្រឡប់ទៅសេតវិមានវិញ ត្រាំបានដាក់ពន្ធ ១៤៥% លើទំនិញចិន ទោះជាយ៉ាងណាក៏ដោយ គាត់បានលើកលែងការនាំចូលឧបករណ៍អេឡិចត្រូនិកដូចជាទូរសព្ទឆ្លាតវៃ និងកុំព្យូទ័រពីពន្ធគយដែលហៅថា «ទូទាត់ស្មើគ្នា» របស់គាត់។
ចិនបានបង្កើនពន្ធលើការនាំចូលពីសហរដ្ឋអាមេរិកដល់ ១២៥% ប៉ុន្តែក៏បានកាត់បន្ថយដោយស្ងាត់ៗនូវពន្ធលើសេមីខនដាក់ទ័រមួយចំនួនដែលផលិតនៅសហរដ្ឋអាមេរិក យោងតាមទីភ្នាក់ងារនាំចូល ពេលដែលប៉េកាំងព្យាយាមកាត់បន្ថយផលប៉ះពាល់នៃសង្គ្រាមពាណិជ្ជកម្មលើឧស្សាហកម្មបច្ចេកវិទ្យាដ៏សំខាន់របស់ខ្លួន៕
