សេដ្ឋកិច្ច

ភាគហ៊ុនរបស់ក្រុមហ៊ុន Toyota Industries រំពឹងថានឹងកើនឡើងយ៉ាងខ្លាំងដោយសារសក្តានុពលនៃការទិញយក

ប្រែសម្រួល ៖ លន ស្រស់

តូក្យូ៖ ភាគហ៊ុនរបស់ក្រុមហ៊ុន Toyota Industries ត្រូវបានរំពឹងថានឹងកើនឡើងយ៉ាងខ្លាំងនៅថ្ងៃចន្ទ(២៨)នេះ បន្ទាប់ពីក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota បាននិយាយកាលពីចុងសប្តាហ៍ថា ខ្លួនកំពុងស្វែងរកលទ្ធភាពនៃការវិនិយោគលើការទិញយកអ្នកផ្គត់ផ្គង់គ្រឿងបន្លាស់សំខាន់ៗ។

ភាគហ៊ុនរបស់ Toyota Industries នៅតែមិនទាន់ត្រូវបានជួញដូរនៅឡើយ ដោយមានការកកស្ទះនៃការបញ្ជាទិញនៅថ្ងៃចន្ទ។ តម្លៃទិញនិងតម្លៃលក់បានបង្ហាញថា តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុននេះអាចនឹងឈានដល់កម្រិតអតិបរមាប្រចាំថ្ងៃគឺ ១៦.២២៥ យេន ដែលជាការកើនឡើង ២៣ ភាគរយ បើធៀបនឹងតម្លៃបិទនៅថ្ងៃសុក្រ ដែលមានចំនួន ១៣.២២៥ យេន។

ការកើនឡើងបែបនេះអាចនឹងក្លាយជាការលោតឡើងធំបំផុតក្នុងមួយថ្ងៃរបស់ភាគហ៊ុននេះក្នុងរយៈពេលយ៉ាងតិច ៤០ ឆ្នាំ យោងតាមទិន្នន័យរបស់ LSEG ដែលត្រឡប់ទៅដល់ដើមឆ្នាំ ១៩៨៤។

កាលពីថ្ងៃសៅរ៍ ក្រុមហ៊ុន Toyota បាននិយាយនៅក្នុងឯកសារដាក់ជូនទៅក្រុមហ៊ុនផ្សារហ៊ុនតូក្យូថា ខ្លួនកំពុងស្វែងរកលទ្ធភាពផ្សេងៗ រួមទាំងការវិនិយោគដោយផ្នែកនៅក្នុងក្រុមហ៊ុន Toyota Industries។

សេវាព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃសុក្រថា លោក អាគីយ៉ូ តូយ៉ូដា ប្រធានក្រុមហ៊ុន Toyota និងក្រុមគ្រួសាររបស់លោកដែលជាស្ថាបនិក បានស្នើទិញយកក្រុមហ៊ុន Toyota Industries ក្នុងកិច្ចព្រមព្រៀងដែលអាចមានតម្លៃរហូតដល់ ៦ ទ្រីលានយេន (៤២ ពាន់លានដុល្លារ)។

នៅក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃសៅរ៍ ក្រុមហ៊ុន Toyota Industries បានបញ្ជាក់ថា ខ្លួនបានទទួលសំណើអំពីការក្លាយជាក្រុមហ៊ុនឯកជនតាមរយៈក្រុមហ៊ុនបង្កើតឡើងសម្រាប់គោលបំណងពិសេស ប៉ុន្តែបានបដិសេធថាមិនបានទទួលការស្នើសុំទិញយកពីប្រធានក្រុមហ៊ុន Toyota ឬក្រុមហ៊ុន Toyota ឡើយ៕
ប្រភព៖ Reuters