សន្ដិសុខសង្គម

ពលរដ្ឋ៧០គ្រួសារកាន់កាប់ដីធ្លីនៅ៤សង្កាត់/ ឃុំនៃក្រុងប៉ោយប៉ែតនិងនៃអូរជ្រៅលើកគ្នាមកសាលាក្រុងដើម្បីស្នើសុំអន្តរាគមន៍ទៅឧបនាយករដ្ឋមន្ត្រី សាយ សំអាល់

ដោយ : បន្ទាយ

បន្ទាយមានជ័យ : ពលរដ្ឋច្រើនក្នុងចំណោម៧០គ្រួសារដែលអះអាងថា កាន់កាប់ដីធ្លីទីទៃពីគ្នាមានទំហំរាប់រយហិចតានៅ៤សង្កាត់/ ឃុំ គឺសង្កាត់អូរឬស្សី. ផ្សារកណ្តាល និមិត្តនៃក្រុងប៉ោយប៉ែតនិងឃុំអូរបីជាន់នៃអូរជ្រៅខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី២៨ខែមេសាឆ្នាំ២០២៥ បានលើកគ្នាមកសាលាក្រុងប៉ោយប៉ែត។

ពោលគឺដើម្បីស្នើសុំអន្តរាគមន៍ពីអភិបាលក្រុង ពីអភិបាលខេត្ត ទៅលោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងឧបនាយករដ្ឋមន្ត្រី -រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង ជួយអន្តរាគមន៍ដោះស្រាយនូវបញ្ហាដីធ្លីទំនាស់រាំរ៉ៃតាំងពីម្តុំឆ្នាំ២០០៥ មករបស់ពួកគេជាមួយឈ្មោះឧកញ៉ាលី សាយឃាង ។
គឺជួយដោះស្រាយនិងអាចអោយម្ចាស់ដីអាចចរន្តនិតិវិធីចុះបញ្ជីរដីធ្លីមានលក្ខណ:ជាប្រព័ន្ធបាន ឬក៏ផ្ទេរផ្ទូរឬលក់ដូរបានដោយស្របច្បាប់ ។

លោកតាំង គឹមរឹទ្ធិ , លោកសាន តេង , លោកអ៊ឹង ឈី , លោកលី ហេង , លោកស្រីលី ម៉ារី …ជាដើមដែលអះអាងថា ជាអ្នកកាន់កាប់ដីធ្លីនៅទីនោះបានប្រាប់អ្នកសារព័ត៌មានថា : ទំហំ ទីតាំង លក្ខណ:ទំនាស់នៃដីធ្លីរបស់អ្នកម្ចាស់ដីទាំង៧០គ្រួសារអាចដូចគ្នាខ្លះ ខុសគ្នាខ្លះ ប៉ុន្តែមានគូទំនាស់រួមតែមួយឬត្រូវឈ្មោះលី សាយឃាង បង្ករឿងទំនាស់ឬរារាំងមិនអោយចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធ(ប្លង់រឹង) និងមិនអោយផ្ទេរផ្ទូរកម្មសិទ្ធិបាន ទោះបីជាដីធ្លីមានប័ណ្ណសម្គាល់អចលនវត្ថុឬប្លង់រឹងដែលចេញរួចហើយក៏ដោយ ។

អស់លោកបានថ្លែងអំណរគុណសន្តិភាពនិងអរគុណសម្តេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នប្រធានព្រឹទ្ធសភា , សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។


និងអរគុណលោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងឧបនាយករដ្ឋមន្ត្រី -រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដែលតែងតែផ្តល់ភាពកក់ក្តៅនិងយុត្តិធម៌ជូនប្រជាពលរដ្ឋ។

ពលរដ្ឋទាំងនោះ បានស្នើសុំរួមចំនួន២ចំនុច៖ ១-ស្នើក្រុមការងារថ្នាក់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ អញ្ជើញចុះមកដោះស្រាយផ្ទាល់ដល់រដ្ឋបាលថ្នាក់ក្រោមណាមួយនៃទីតាំងដី ដើម្បីម្ចាស់ដីងាយស្រួលស្វែងរកសាក្សីបញ្ជាក់ពីសារបានឬប្រវត្តិដីពិតប្រាកដ មានមូលដ្ឋានដោះស្រាយបានត្រឹមត្រូវនិងយុត្តិធម៏។
ពោលគឺកន្លងមក ក្រសួងរៀបចំដែនដីបានកោះអញ្ជើញពលរដ្ឋម្ចាស់ដាិទៅសម្របសម្រួល ដោះស្រាយនៅក្រសួង ឯរាជធានីភ្នំពេញ.។
ហើយស្នើសុំអោយលោកលី សាយឃាង ផ្ទាល់មកដោះស្រាយ ។.សូមកុំប្រើតំណាងទៀត ។
ហើយត្រូវយកមកភ្ជាប់មកជាមួយនូវឯកសារដីដើមនៃដីធ្លីផងដែរ


២-ស្នើក្រុមមន្ត្រីជំនាញ ចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធជូនប្រជាពលរដ្ឋទាំង៧០គ្រួសារ ដើម្បីពួកគាត់បានគ្រប់គ្រង់ អាស្រ័យផលនិងចាត់ចែងលើដីធ្លីជារបស់កម្មសិទ្ធិស្របច្បាប់តទៅ ។តមកនៅសាលប្រជុំសាលាក្រុងប៉ោយប៉ែត លោកញឹម ផឿង អភិបាលរង តំណាងលោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនិងមន្ត្រី លោកចូវ សុភឿត ប្រធានការិយាល័យរៀបចំដែនដី នគរោបនីយកម្ម សំណង់និងភូមិបាលក្រុងបានទទួលជួបប្រជុំ ទទួលសំណូមពរបងប្អូនពលរដ្ឋដើម្បីធ្វើកំណត់ហេតុនិងធ្វើរបាយការណ៍គោរពជូនលោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងជូនលោកបណ្ឌិត ប៉ានខែម ប៊ុនថន ប្រធានក្រុមការងារររាជរដ្ឋាភិបាលចុះជួយក្រុងប៉ោយប៉ែត ដើម្បីអោយបានធ្វើរបាយការណ៍គោរពជូនបន្តទៅលោកសាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី- រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរោបនីយកម្មនិងសំណង ពិនិត្យនិងដោះស្រាយ ។

លោកអភិបាលរងក្រុងនិងប្រធានការិយាល័យភូមិបាលយល់ស្របតាមតាមសំណើទាំង២ចំណុចរបស់ប្រជាពលរដ្ឋ ។ ក្នុងនោះ មន្ត្រីអាជ្ញាធរនិងជំនាញក៏បានពន្យល់ពីប្រភេទនានានៃលិខិតបទដ្ឋាននៃការបញ្ជាក់លើការកាន់កាប់និងកម្មសិទ្ធិលើដីធ្លី ក្នុងនោះបានបញ្ជាក់ថា : ប្លង់ទីតាំងដីទំហំ ៧៨៧ហិចតា ក្រុមហ៊ុនអេ អេស ខេ និងខេ អេច គ្រុប របស់ឧកញ៉ានៅឃុំនិមិត្តនិងឃុំអូរបីជាន់ស្រុកអូរជ្រៅចុះថ្ងៃទី៦ខែឧសភាឆ្នាំ២០០៥ នោះ..មិនមានបង្កាន់ដីឬលិខិតបញ្ជាក់ការកាន់កាប់ដីឬប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុដែលទទួល់ស្គាល់ពីអាជ្ញាធរនិងជំនាញសុរិយោដី ឡើយ ។
គឺចាំបាច់ត្រូវមានដីដែលបញ្ជាក់ដោយបង្កាន់ដៃដីឬប្លងដីដើមផ្សេងទៀត។
ទីតាំងដីក្នុងប្លង់បង្ហាញនោះស្ថិតនៅបណ្តោយបង្គោលភ្លើងនិងផ្លូវអមពីព្រំដែនដល់ជិតផ្លូវជាតិលេខ៥ ដែលគេហៅថាផ្លូវ៣០ម៉ែត្រ។

មកទល់រសៀលថ្ងៃទី២៨ខែមេសាឆ្នាំ២០២៥ លោកឧកញ៉ា លី សាយឃាង ដែលជាគូទំនាស់ដីធ្លីនឹងពលរដ្ឋខាងលើ សារព័ត៌មាននៅមិនអាចទំនាក់ទំនងបំភ្លឺបាន។


ទោះយ៉ាងណា ប្រភពពីមន្ត្រីអាជ្ញាធរដែនដីនិងជំនាញសុរិយោដីក្រុងនិងខេត្តនៅបន្ទាយមានជ័យបានអោយដឹងថា: លោកលី សាយឃាង បានចូលមកខេត្តបន្ទាយមានជ័យដោយវិនិយោគលើការភ្ជាប់និងកសាងបណ្តាញខ្សែបញ្ជូនអគ្គីសនីតង់ស្យុងខ្ពស់១១៥គីឡូវ៉ុលនៃក្រុមហ៊ុនខែមបូឌា ផៅវ័រ ទ្រែនមីសិនឡាញ(Cambodia Power Transmission Lines: CPTL) ដែលដាំបង្គោលភ្លើងឆ្លងព្រំដែនកាត់ភូមិសិលាខ្មែរឃុំអូរបីជាន់ស្រុកអូរជ្រៅ រួចតម្លើងអនុស្ថានីយ៍អគ្គីសនីទី១នៅភូមិអូរនាងសង្កាត់អូរឬស្សីក្រុងប៉ោយប៉ែត រួចបញ្ជូនចរន្តអគ្គីសនីប្រភពពីប្រទេសថៃ ទៅខេត្តបន្ទាយមានជ័យ បាត់ដំបងនិងសៀមរាប។តមក លោកឧកញ៉ា ក៏ឃើញមានប្លង់បង្ហាញទីតាំងដីក្រុមហ៊ុនទំហំ ៧៨៧ហិចតា ក្រុមហ៊ុនអេ អេស ខេ និងខេ អេច គ្រុប ។ហើយលោកបានប្រើប្រាសឯកសារនានាដាក់ពាក្យបណ្តឹងទៅជំនាញនៃក្រសួងរៀបចំដែនដី នគរោបនីយកម្មនិងសំណង់ដើម្បីរារាំងឬជំទាស់នឹងការចេញប័ណ្ណសម្គាល់អចលនវត្ថុឬប្លង់រឹងនិងការផ្ទេរផ្ទូរប្លង់រឹង ជូនពលរដ្ខដែលកាន់កាប់ដីធ្លីនៅ៧ភូមិនៃ៤សង្កាត់/ ឃុំ គឺសង្កាត់អូរឬស្សី. ផ្សារកណ្តាល និមិត្តនៃក្រុងប៉ោយប៉ែតនិងឃុំអូរបីជាន់នៃអូរជ្រៅ ៕