ប្រែសម្រួល៖ លន ស្រស់

តូក្យូ៖ អ្នកការទូតរូបិយប័ណ្ណកំពូលរបស់ជប៉ុនកាលពីថ្ងៃចន្ទ (២៨ មេសា) បានបដិសេធរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយមួយដែលបានអះអាងថា រដ្ឋមន្ត្រីរតនាគារអាមេរិក Scott Bessent បានប្រាប់សមភាគីជប៉ុនរបស់លោកនៅក្នុងកិច្ចប្រជុំទ្វេភាគីនៅវ៉ាស៊ីនតោនថា ដុល្លារខ្សោយ និងយេនខ្លាំងគឺជាអ្វីដែលគួរចង់បាន។
លោក Atsushi Mimura អនុរដ្ឋមន្ត្រីហិរញ្ញវត្ថុជប៉ុនទទួលបន្ទុកកិច្ចការអន្តរជាតិ បានប្រាប់អ្នកសារព័ត៌មានថា “ដូចដែលយើងបាននិយាយរួចហើយ ភាគីអាមេរិកមិនបានលើកឡើងអំពីគោលដៅអត្រាប្តូរប្រាក់នៅក្នុងកិច្ចពិភាក្សារវាងរដ្ឋមន្ត្រីហិរញ្ញវត្ថុទេ”។
រដ្ឋមន្ត្រីហិរញ្ញវត្ថុជប៉ុន លោក Katsunobu Kato និងលោក Bessent បានជួបពិភាក្សាដោយផ្ទាល់ជាលើកដំបូងកាលពីថ្ងៃព្រហស្បតិ៍ នៅក្រៅកិច្ចប្រជុំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោកនៅវ៉ាស៊ីនតោន។
កាសែត Yomiuri បានរាយការណ៍នៅល្ងាចថ្ងៃសុក្រថា លោក Bessent បានប្រាប់លោក Kato អំពីចំណូលចិត្តរបស់លោកចំពោះដុល្លារទន់ខ្សោយ និងយេនរឹងមាំ ដោយមិនបានបញ្ជាក់ប្រភពឡើយ។
នៅថ្ងៃសៅរ៍ លោក Kato ក៏បានបដិសេធរបាយការណ៍របស់ Yomiuri នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ដោយនិយាយម្តងទៀតថា ពួកគេមិនបានពិភាក្សាអំពីគោលដៅអត្រាប្តូរប្រាក់ ឬក្របខណ្ឌគ្រប់គ្រងអត្រាប្រាក់យេនទេ។
នៅក្នុងសន្និសីទសារព័ត៌មាន លោក Kato មិនបានបង្ហើបព័ត៌មានលម្អិតអំពីកិច្ចប្រជុំរយៈពេល ៥០ នាទីជាមួយលោក Bessent ទេ ដោយបដិសេធមិនធ្វើអត្ថាធិប្បាយលើថាតើអាមេរិកបានស្នើសុំជាក់លាក់អ្វីពីជប៉ុនឬយ៉ាងណា។
ការផ្តោតអារម្មណ៍របស់ប្រធានាធិបតី Donald Trump លើការដោះស្រាយឱនភាពពាណិជ្ជកម្មអាមេរិក និងសម្តីកន្លងមករបស់លោកដែលចោទប្រកាន់ជប៉ុនថា ចេតនារក្សាយេនខ្សោយ បានជំរុញឱ្យទីផ្សាររំពឹងថា តូក្យូនឹងប្រឈមនឹងសម្ពាធក្នុងការពង្រឹងតម្លៃយេនធៀបនឹងដុល្លារ និងផ្តល់ឱ្យក្រុមហ៊ុនផលិតអាមេរិកនូវភាពប្រកួតប្រជែងខាងផលិតផល។
លោក Bessent បាននិយាយនៅក្នុងការបង្ហោះលើ X កាលពីថ្ងៃសៅរ៍ថា លោកបានធ្វើ “កិច្ចពិភាក្សាដ៏មានផលល្អ” ជាមួយលោក Kato។
លោកបានមានប្រសាសន៍ថា “ខ្ញុំមានសេចក្តីរីករាយក្នុងការតាមដានការពិភាក្សាពាណិជ្ជកម្មទៅវិញទៅមកមុនៗ រវាងសហរដ្ឋអាមេរិកនិងជប៉ុន ព្រមទាំងពិភាក្សាបញ្ហាទាក់ទងនឹងអត្រាប្តូរប្រាក់”៕
ប្រភព៖ Reuters/ec
