ប្រែសម្រួល៖ ស-សម្បត្តិ

យ៉ាងហោចណាស់មនុស្ស១៨នាក់បានស្លាប់ និង៧៥០នាក់របួសក្នុងការផ្ទុះដ៏ធំមួយនៅកំពង់ផែបន់ដារ អាប់បាស ក្នុងភាគនិរតីនៃប្រទេសអ៊ីរ៉ង់ យោងតាមប្រព័ន្ធផ្សព្វផ្សាយផ្លូវការអ៊ីរ៉ង់ដែលដកស្រង់ពីក្រសួងមហាផ្ទៃរបស់ប្រទេសនេះកាលពីថ្ងៃសៅរ៍ទី២៦មេសា។
ការផ្ទុះបានបញ្ចេញផ្សែងដ៏ធំមួយពីផ្នែកស៊ាហ៊ីត រ៉ាហ្សាអ៊ី នៃកុងផ្លិចកំពង់ផែ យោងតាមវីដេអូដែលត្រូវបានកំណត់ទីតាំងដោយ CNN ដោយរដ្ឋាភិបាលនិយាយថា ការផ្ទុះនេះទំនងជាទាក់ទងនឹងសារធាតុគីមីដែលត្រូវបានស្តុកទុក។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់អ៊ីរ៉ង់ លោក អេសកាន់ដារ ម៉ូមេនី បាននិយាយថា មនុស្ស៦នាក់នៅតែបាត់ខ្លួន ខណៈដែលអ្នកពន្លត់អគ្គិភ័យបន្តធ្វើការដើម្បីពន្លត់អណ្តាតភ្លើង ទោះបីជាមានបញ្ហាប្រឈមដែលបណ្តាលមកពីខ្យល់ខ្លាំងក៏ដោយ តាមប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានរាយការណ៍។
មិនទាន់មានការបញ្ជាក់ពីមូលហេតុនៃការផ្ទុះនៅឡើយទេ។ អ្នកនាំពាក្យរដ្ឋាភិបាល លោកស្រី ហ្វាទីម៉ា ម៉ូហាជេរ៉ានី បាននិយាយថា វានឹងត្រូវការពេលវេលាខ្លះដើម្បីកំណត់មូលហេតុ “ប៉ុន្តែរហូតមកដល់ពេលនេះ អ្វីដែលត្រូវបានកំណត់គឺថា កុងតឺន័រត្រូវបានស្តុកទុកនៅជ្រុងមួយនៃកំពង់ផែ ដែលទំនងជាមានផ្ទុកសារធាតុគីមីដែលបានផ្ទុះ។
លោកស្រីបានបន្ថែមថា៖ “ប៉ុន្តែរហូតដល់ភ្លើងត្រូវបានពន្លត់ វាពិបាកក្នុងការកំណត់ពីមូលហេតុណាស់។”
ក្រុមហ៊ុនចម្រាញ់និងចែកចាយប្រេងរបស់អ៊ីរ៉ង់បាននិយាយថា ការផ្ទុះនៅកំពង់ផែមិនទាក់ទងនឹងរោងចក្រចម្រាញ់ ធុងប្រេង ឬបំពង់បង្ហូរប្រេង “ដែលពាក់ព័ន្ធនឹងក្រុមហ៊ុននៅតំបន់នោះ” ឡើយ។ នេះកើតឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយផ្លូវការអ៊ីរ៉ង់បានរាយការណ៍ថា ការផ្ទុះបានកើតឡើងបន្ទាប់ពីរថយន្តដឹកប្រេងនៅកំពង់ផែ “ផ្ទុះដោយមូលហេតុមិនច្បាស់លាស់”។
ហេតុការណ៍នេះបានជំរុញឲ្យអាជ្ញាធរអ៊ីរ៉ង់ប្រកាសស្ថានភាពអាសន្ននៅក្នុងទីក្រុងបន់ដារ អាប់បាស ដើម្បីការពារប្រជាពលរដ្ឋក្នុងគ្រាដែលមាន “ការកើនឡើងគួរឱ្យកត់សម្គាល់នៃការបំពុលខ្យល់”។
ក្រសួងសុខាភិបាលបានប្រមូលផ្តុំក្រុមសុខាភិបាល និងអនុវត្តវិធានការបន្ទាន់ដើម្បីការពារសុខភាពសាធារណៈ។ ប្រជាពលរដ្ឋត្រូវបានណែនាំឱ្យស្នាក់នៅក្នុងផ្ទះ ជៀសវាងសកម្មភាពខាងក្រៅ និងបិទបង្អួច យោងតាមប្រព័ន្ធផ្សព្វផ្សាយផ្លូវការអ៊ីរ៉ង់។
វីដេអូមួយដែលចែកចាយដោយទីភ្នាក់ងារព័ត៌មាន Mehr បង្ហាញពីកាមេរ៉ាឃ្លាំមើលនៅពេលផ្ទុះ ដែលហាក់ដូចជាបានកើតឡើងនៅក្នុងឃ្លាំងមួយនៅកំពង់ផែ។ ភាពយន្តផ្សេងទៀតបង្ហាញពីឧទ្ធម្ភាគចក្រកំពុងទម្លាក់ទឹកនៅកន្លែងដែលអគ្គិភ័យបានឆេះដោយសារការផ្ទុះ។
សំណល់ត្រូវបានព្រាយលើផ្ទៃដ៏ធំមួយ ហើយអគារជាច្រើននៅកំពង់ផែត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។ បង្អួចក្នុងរង្វង់ប៉ុន្មានគីឡូម៉ែត្របែកខ្ទេច ហើយតាមរបាយការណ៍ខ្លះថា មានមនុស្សជាប់ក្នុងបំណែកអគារដែលត្រូវបានបំផ្លាញជាបំណែកតូចៗ។
អភិបាលតំបន់ លោក ម៉ូហាម៉ាត អាស៊ូរី តាហ្សៀនី បាននិយាយថា អ្នករបួសកំពុងត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រនៅបន់ដារ អាប់បាស។ កំពង់ផែត្រូវបានបិទ និងប្រតិបត្តិការសមុទ្រត្រូវបានផ្អាកជាបណ្តោះអាសន្ន យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។
ប្រធានាធិបតីអ៊ីរ៉ង់លោក ម៉ាស៊ូត ភីហ្សេសគាន បានបញ្ជាឱ្យធ្វើការស៊ើបអង្កេតអំពីមូលហេតុនៃហេតុការណ៍នេះ។ លោកបានសរសេរនៅលើបណ្តាញ X ថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃត្រូវបានបញ្ជូនទៅតំបន់នោះដើម្បី “ពិនិត្យមើលទិដ្ឋភាពនៃគ្រោះថ្នាក់នេះ”។
“បន្ទាប់ពីទទួលបានរបាយការណ៍ដំបូង និងការវិភាគលើមូលហេតុដែលអាចកើតមាននៃហេតុការណ៍នេះ” លោក ភីហ្សេសគាន បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការធ្វើ “ការវាយតម្លៃគ្រប់ជ្រុងជ្រោយអំពីមូលហេតុនៃហេតុការណ៍នេះ” ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីទប់ស្កាត់ “ការកើតឡើងវិញនៃហេតុការណ៍បែបនេះនាពេលអនាគត”។
ស្ថានីយផ្សាយវិទ្យុរដ្ឋ IRIB បាននិយាយថា ការផ្ទុះបានកើតឡើងនៅតំបន់សារធាតុគីមី និងស្ពាន់ធ័រនៃកំពង់ផែ។
ហេតុការណ៍នេះបានធ្វើឱ្យប្រទេសមានការភ្ញាក់ផ្អើល ហើយមនុស្សជាច្រើនត្រូវបានឃើញនៅលើទូរទស្សន៍រដ្ឋ Press TV កំពុងតម្រង់ជួរនៅមជ្ឈមណ្ឌលសុខភាពដើម្បីបរិច្ចាគឈាមសម្រាប់អ្នករបួស។
ស៊ាហ៊ីត រ៉ាហ្សាអ៊ី គឺជាកន្លែងធំមួយសម្រាប់ការដឹកជញ្ជូនកុងតឺន័រ ដែលគ្របដណ្តប់លើផ្ទៃដី ២,៤០០ហិកតា (ប្រហែល ៥,៩០០អាក្រា)។ កំពង់ផែនេះគ្រប់គ្រងទំនិញ ៧០លានតោនជារៀងរាល់ឆ្នាំ រួមទាំងប្រេង និងការដឹកជញ្ជូនទូទៅ។ ទីនោះមានឃ្លាំង ៥០០,០០០ម៉ែត្រការ៉េ (៥,៤លានហ្វីតការ៉េ) និងកន្លែងចូលចតសម្រាប់នាវា ៣៥កន្លែង៕
ប្រភព៖ CNN
