អន្តរជាតិ

លោក Zelensky សរសើរពីជំនួប “និមិត្តរូប” ជាមួយលោក Trump

ប្រែសម្រួល៖ រតនា

ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានមានប្រសាសន៍ថា ជំនួបរបស់លោកជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump នៅវិហារសាសនា St. Peter’s Basilica គឺជា “និមិត្តរូប” ហើយសេតវិមានបាននិយាយថា មេដឹកនាំទាំងពីរមាន “ការពិភាក្សាប្រកបដោយផលិតភាពខ្លាំង”។

“ជំនួបល្អ។ យើងបានពិភាក្សាគ្នាច្រើនតែពីរនាក់” លោក Zelensky បានសរសេរកាលពីថ្ងៃសៅរ៍នៅលើបណ្តាញ X។

“កំពុងសង្ឃឹមពីលទ្ធផលលើគ្រប់បញ្ហាដែលយើងបានពិភាក្សា។ ការការពារជីវិតប្រជាជនរបស់យើង។ បញ្ឈប់ការបាញ់គ្នាទាំងស្រុងនិងគ្មានលក្ខខណ្ឌ។ សន្តិភាពដែលអាចទុកចិត្តបាននិងឋិតថេរ ដែលនឹងការពារមិនឱ្យសង្គ្រាមមួយទៀតផ្ទុះឡើង។ ជំនួបដ៏មានលក្ខណៈនិមិត្តរូបខ្លាំង ដែលមានសក្តានុពលក្លាយជាប្រវត្តិសាស្ត្រ ប្រសិនបើយើងសម្រេចបានលទ្ធផលរួមគ្នា” លោកបានមានប្រសាសន៍។

មន្ត្រីសេតវិមានបាននិយាយថា ជំនួបនេះមានរយៈពេលប្រហែល ១៥ នាទី និងមាន “ភាពផលិតភាពខ្លាំង”។

ជំនួបនៅក្នុងវិហារសាសនាបានកើតឡើងមុនពេលពិធីបុណ្យសពរបស់សម្តេចប៉ាប Francis ចាប់ផ្តើមនៅទីលាន St. Peter’s Square ហើយហាក់ដូចជាមិនបានប្រកាសជាមុនទេ។

មុនការទស្សនកិច្ចដ៏ខ្លីរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកនៅទីក្រុងរ៉ូម មន្ត្រីបានបន្ថយសារៈសំខាន់អំពីលទ្ធភាពដែលលោកនឹងជួបជាមួយលោក Zelensky ឬមេដឹកនាំពិភពលោកផ្សេងទៀត ដោយចង្អុលបង្ហាញពីពេលវេលាដ៏ខ្លីសម្រាប់ដំណើរទស្សនកិច្ចនិងគោលបំណងដ៏សោកសៅក្នុងការលាសម្តេចប៉ាបដែលបានទទួលមរណភាព។

លោក Trump ដំបូងឡើយបានជ្រើសរើសប្រទេសអារ៉ាប់ប៊ីសាអូឌីតសម្រាប់ការទស្សនកិច្ចក្រៅប្រទេសលើកដំបូងនៃអាណត្តិថ្មីរបស់លោក ហើយនឹងទៅទស្សនាទីនោះនៅខែក្រោយ។ ប៉ុន្តេនៅពេលសម្តេចប៉ាប Francis ទទួលមរណភាព ផែនការទាំងនោះបានផ្លាស់ប្តូរ ហើយផ្ទុយទៅវិញ លោក Trump បានទៅទស្សនាក្រៅប្រទេសលើកដំបូងនៅអឺរ៉ុប ដែលជាទ្វីបមួយដែលលោកបានរិះគន់ជាញឹកញាប់៕