ប្រែសម្រួល៖ រតនា
អាជ្ញាធររុស្ស៊ីគឺកំពុងតែបើកការស៊ើបអង្កេតយ៉ាងល្អិនល្អន់ទៅលើករណីលួចបំផ្ទុះគ្រាប់បែកកែច្នៃនៅក្នុងរថយន្តសម្លាប់ឧត្តមសេនីយ៍ជាន់ខ្ពស់យោធាម្នាក់ទៀតនៅជាយក្រុងម៉ូស្គូកាលពីថ្ងៃសុក្រទី២៥ មេសាឆ្នាំ២០២៥នេះ។

សូមបញ្ជាក់ថា ឧត្តមសេនីយ៍រុស្ស៊ីម្នាក់បានស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកក្នុងឡាននៅក្រុងបាឡាស៊ីខាក្នុងប្រទេសរុស្ស៊ីកាលពីថ្ងៃសុក្រ ដោយអាជ្ញាធរបានឲ្យដឹងថា ព័ត៌មាននៃការផ្ទុះនេះបានចេញផ្សាយភ្លាមៗមុនពេលលោក ស្ទីវ វីតខូហ្វ តំណាងពិសេសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ទៅជួបជាមួយលោក វ្លាឌីមៀរ ពូទីន ប្រមុខដឹកនាំរុស្ស៊ីនៅក្នុងក្រុងម៉ូស្គូ។
វីតខូហ្វតំណាងពិសេសរបស់ត្រាំ ស្ថិតនៅក្នុងរដ្ឋធានីរុស្ស៊ីសម្រាប់ការចរចាសំខាន់ៗអំពីសក្តានុពលនៃការបញ្ឈប់បាញ់នៅអ៊ុយក្រែន ខណៈពេលដែលការកំណត់ពេលវេលាដោយលោកត្រាំខ្លួនឯងក្នុងការបញ្ចប់សង្រ្គាមក្នុងរយៈពេល១០០ថ្ងៃដំបូងនៃអាណត្តិប្រធានាធិបតីរបស់គាត់កំពុងខិតជិតមកដល់។
ឧត្តមសេនីយ៍ យ៉ារូស្លាវ ម៉ូស្កាលិក អនុប្រធាននាយកដ្ឋានប្រតិបត្តិការសំខាន់ៗនៃសេនាធិការទូទៅនៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ី ត្រូវបានប្រកាសថា ត្រូវបានគេលួចសម្លាប់ក្នុងការផ្ទុះឡាន Volkswagen Golf មួយគ្រឿងក្នុងក្រុងបាឡាស៊ីខា ដែលស្ថិតនៅចម្ងាយតិចជាង ២០ ម៉ាយ ភាគខាងកើតក្រុងម៉ូស្គូ។
គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ីដែលបានបង្កើតឡើងបានអះអាងពីការស្លាប់របស់លោកម៉ូស្កាលិក ដោយបន្ថែមថា ការផ្ទុះនេះបណ្តាលមកពីគ្រាប់បែកកែច្នៃនៅក្នុងស្រុកដែលមានផ្ទុកជាមួយកំទេចសម្ភារៈ។
គិតមកត្រឹមថ្ងៃទី២៦មេសា គ្មាននរណាម្នាក់ចេញមុខទទួលខុសត្រូវចំពោះការលបលួចធ្វើឃាតទៅលើមន្រ្តីយោធាជាន់ខ្ពស់នេះនៅឡើយទេ។ ការវាយប្រហារលើកក្រោយនេះហាក់ដូចជាស្រដៀងគ្នាទៅនឹងឃាតកម្មលើមន្ត្រីរុស្ស៊ីកំពូលៗពីមុន រួមទាំងឃាតកម្មលើឧត្តមសេនីយ៍ទោ អ៊ីហ្គរ គីរីឡូវ ឧត្តមសេនីយ៍ជាន់ខ្ពស់រុស្ស៊ីម្នាក់ដែលត្រូវបានចោទប្រកាន់ពីការរៀបចំការប្រើប្រាស់អាវុធគីមីនៅសមរភូមិប្រយុទ្ធក្នុងប្រទេសអ៊ុយក្រែនដែរ។
គួរបញ្ជាក់ដែរថា លោកគីរីឡូវ ដែលជាមេដឹកនាំកងកម្លាំងការពារវិទ្យុសកម្ម ជីវសាស្ត្រ និងគីមីរបស់ប្រទេសរុស្ស៊ី ត្រូវបានសម្លាប់ក្នុងខែធ្នូឆ្នាំ២០២៤ បន្ទាប់ពីគ្រាប់បែកដែលត្រូវបានដាក់នៅក្នុងកង់អគ្គិសនីមួយដែលបញ្ជាពីចម្ងាយ បានផ្ទុះនៅខាងក្រៅអគារផ្ទះល្វែងមួយក្នុងក្រុងម៉ូស្គូតែម្តង។
ប្លក់យោធារុស្ស៊ីមានឥទ្ធិពលដែលមានឈ្មោះថា Rybar បាននិយាយថា ចំណែកលោកម៉ូស្កាលិកដែលស្លាប់ថ្មីៗនេះគឺមិនស្ថិតក្នុងឡាននៅពេលដែលវាផ្ទុះទេ ប៉ុន្តែស្ថិតនៅជិតឡានបន្ទាប់ពីដើរចេញពីអគារមួយនៅជិតនោះ។
Rybar បានពិពណ៌នាថា លោកជាមនុស្ស “មានសមត្ថភាព និងតម្រូវការខ្ពស់” ហើយបាននិយាយថា “គាត់មិនសូវជាទទួលបានការស្រលាញ់” ព្រោះគាត់ “តឹងរឹងចំពោះអ្នកក្រោមបង្គាប់របស់គាត់”។
គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ីបាននិយាយនៅដំបូងថា យើងកំពុងតែបានបើកការស៊ើបអង្កេតឧក្រិដ្ឋកម្មអំពីការបំផ្ទុះនេះ។ ហើយបានបន្ថែមថា ក្រុមអ្នកស៊ើបអង្កេត រួមទាំងអ្នកជំនាញ និងមន្ត្រីអនុវត្តច្បាប់ បានចាប់ផ្តើមពិនិត្យមើលនៅជុំវិញទីតាំងនៃការបំផ្ទុះសម្លាប់មន្រ្តីយោធាជាន់ខ្ពស់នោះ។
ការបំផ្ទុះដែលត្រូវបានរាយការណ៍កាលពីថ្ងៃសុក្រនេះ គឺកើតឡើងតែពីរថ្ងៃបន្ទាប់ពីភ្លើងឆេះនៅកន្លែងចតឡានក្រោមដីក្នុងក្រុងម៉ូស្គូ៕/
