អន្តរជាតិ

ប្រទេសចិនបានបញ្ជាក់ថាខ្លួនគ្មានការចរចាពីរឿងពន្ធកគយជាមួយនឹងអាមេរិកទេ

ប្រែសម្រួល៖ ស-សម្បត្តិ

ហុងកុង៖ រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី បាននិយាយថា ប៉េកាំងឈរនៅខាងច្បាប់អន្តរជាតិលើពន្ធគយដែលដាក់ដោយសហរដ្ឋអាមេរិក និងប្រឆាំងនឹងការការពារនិយម នេះបើយោងតាមក្រសួងការបរទេសនៅថ្ងៃសៅរ៍ (ថ្ងៃទី២៦ ខែមេសា)។

ជាមួយនោះរដ្ឋមន្ត្រីការបរទេសចិនបាននិយាយថា ពន្ធគយដែលដាក់ដោយសហរដ្ឋអាមេរិកគឺបានបង្ហាញពី “ភាពអាត្មានិយមខ្លាំង”។

និយាយនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសចិន-អាស៊ីកណ្តាលនៅប្រទេសកាហ្សាក់ស្ថាន លោកវ៉ាងយីបាននិយាយថា ប៉េកាំងនឹងស្វែងរកសាមគ្គីភាពជាមួយប្រទេសផ្សេងទៀតអំពីស្ថានភាពពន្ធគយ និងបង្ហាញពី “ភាពអាត្មានិយមខ្លាំង” និងការគាបសង្កត់ពីប្រទេសមួយចំនួន នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួង។

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានអះអាងក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយកាលពីថ្ងៃសុក្រថា ការចរចាពន្ធគយកំពុងដំណើរការជាមួយប្រទេសចិន។ ប៉ុន្តែប៉េកាំងបានបដិសេធថាមិនមានការចរចាណាមួយកំពុងកើតឡើងទេ ដែលជាសញ្ញាផ្ទុយគ្នាចុងក្រោយបំផុតលើវឌ្ឍនភាពដែលកំពុងត្រូវបានធ្វើឡើងដើម្បីបន្ធូរបន្ថយសង្គ្រាមពាណិជ្ជកម្មដែលគំរាមកំហែងធ្វើឱ្យថយចុះកំណើនសេដ្ឋកិច្ចសកល។

ភាគីចិនជាពិសេសក្រសួងការបរទេសនិងក្រសួងពាណិជកម្មបានបញ្ជាក់ថា បញ្ហារឿងពន្ធគយនេះបើអាចដំណើរការទៅបានគឺទី១ទាល់តែអាមេរិកសុំចរចារជាមុន,ទី២ទាល់តែអាមេរិកមុនការចរចាត្រូវកាត់បន្ថយពន្ធដែលនាំពីចិនចូលអាមេរិក ពី១៤៥ភាគរយឲ្យមកនៅត្រឹមដូចមុននិងរាល់ការចរចារាំងអស់ត្រូវតែធ្វើឡើងដោយស្មើមុខស្មើមាត់ជាមួយគ្នា។

លោកវ៉ាង ដែលជួបជាមួយរដ្ឋមន្ត្រីការបរទេសអ៊ូបេគីស្ថានលោក បាក់ធីយ័រ សៃដូវ បាននិយាយថា ប្រទេសចិននឹងស្វែងរកសាមគ្គីភាពជាមួយប្រទេសផ្សេងទៀត និងនឹងរក្សាគោលការណ៍ពហុភាគីដើម្បី “បញ្ចូលស្ថិរភាពទៅក្នុងពិភពលោក”៕
ប្រភព៖ Reuters/ia