ដោយ : បន្ទាយ

ភ្នំពេញ : «សេចក្តីលោភលន់ អាចធ្វើឲ្យអ្នកភ្លេចនូវសេចក្តីត្រិះរិះ ។ រយៈកាលកន្លងមក ខ្ញុំបានផ្សព្វផ្សាយនូវបទពិសោធអំពីការឆបោកជាច្រើនរូបភាព តាមរយៈលទ្ធផលដែលខ្ញុំដឹកនាំកម្លាំងក្រោមឱវាទបង្ក្រាបបាន តាំងពីខ្ញុំនៅជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ រហូតមកធ្វើជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ»។នេះបើតាមលោកឧត្តមសេនីយ៍ឯករ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធលើផ្ទៃប្រទេសនិងជាមេបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញមានប្រសាសន៍កាលពីថ្ងៃទី២៥ខែមេសាឆ្នាំ២០២៥ ។
លោកមានប្រសាសន៍បន្តថា៖ ដូចជាករណីទម្លាក់មាសបញ្ឆោតឲ្យយើងឃើញហើយបបួលយើងចែកគ្នា(ទម្លាក់យោង) ដោយគេយកគ្រឿងអលង្ការឬប្រាក់ដែលមានជាប់ខ្លួនយើង ។ ហើយយើងយកមាសដែលគេទម្លាក់មកផ្ទះក្លាយជារបស់ក្លែងក្លាយ, ករណីអ្នកមិនស្គាល់ក្លែងជាជនសប្បុរស ឬជាអ្នកសុំស្នេហ៍ពីយើង ហើយផ្ញើរបស់របរមានតម្លៃ ឬប្រាក់ពីក្រៅប្រទេសឲ្យយើង ។បន្ទាប់មកក៏មានអ្នកក្លែងជាគយឬសមត្ថកិច្ច តេប្រាប់យើងថារបស់មានតម្លៃ ឬប្រាក់ដែលផ្ញើមកពីក្រៅប្រទេសសុទ្ធតែខុសច្បាប់ ហើយក៏បោកយើងថាដើម្បីយករបស់ ឬប្រាក់ទាំងនោះបាន ត្រូវបង់ប្រាក់ឲ្យគេជាដើម។
តែអ្វីដែលភ្ញាក់ផ្អើល និងសោកស្តាយបំផុត គឺបានឃើញល្បិចឆបោកដដែលៗរបស់ជនទុច្ចរិតនៅតែមានប្រសិទ្ធភាព ដោយមានជនរងគ្រោះម្នាក់ហើយម្នាក់ទៀតត្រូវរងការបោកប្រាស់និងធ្វើឲ្យខាតបង់ទ្រព្យសម្បត្តិអស់ជាច្រើន។
លោកឧត្តមសេនីយ៍ឯករ័ត្ន ស្រ៊ាង បានបន្តថា៖ ថ្ងៃនេះខ្ញុំសូមលើកយករូបភាពឆបោកមួយករណីទៀត ដែលអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាបបាន កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ មកអំពាវនាវជាថ្មី ដើម្បីឲ្យមហាជនមានការប្រយ័ត្ន។
ជនរងគ្រោះម្នាក់ ត្រូវបានជនជាតិស្បែកខ្មៅ ៥នាក់ លួងលោមថាពួកគេមានប្រាក់ប្រឡាក់ទឹកខ្មៅជាច្រើនលានដុល្លារអាមេរិក តែពុំអាចចាយបាន លុះត្រាតែមានប្រាក់ដុល្លារពិតប្រាកដយកមកលាងជាមួយម្សៅ ហើយយកម្សៅនោះទៅលាងជាមួយប្រាក់ប្រឡាក់ទឹកខ្មៅ ទើបក្លាយជាប្រាក់អាចចាយបាន ដោយពួកវានឹងឲ្យផលចំណេញមកជនរងគ្រោះវិញ១ទ្វេជា៣ ឬ ១ទ្វេជា៥។
ដំបូងឡើយ ជនរងគ្រោះបានយកប្រាក់ដុល្លារពិតប្រាកដចំនួន២ពាន់ដុល្លារឲ្យក្រុមឆបោកដាក់ចូលម៉ាស៊ីនក្រឡុកជាមួយម្សៅនិងដាក់ប្រាក់ប្រឡាក់ទឹកខ្មៅចូល៨ពាន់ដុល្លារ ។
តែមុនពេលក្រឡុក ក្រុមឆបោកបានឲ្យជនរងគ្រោះលេបថ្នាំ ដោយប្រាប់ថា ដើម្បីការពារការពុលម្សៅគីមីដែលក្រឡុកប្រាក់ ហើយពួកវាក៏លេបឲ្យមើលមុនផងដែរ មួយសន្ទុះក្រោយមកឃើញថាប្រាក់ចេញមកវិញចំនួន ១ម៉ឺនដុល្លារ សុទ្ធតែជាប្រាក់ដុល្លារពិតប្រាកដ អាចចាយបាន (ត្រង់នេះជាល្បិចបន្លំមួយ) ។
បន្ទាប់មក ក្រុមឆបោកក៏ប្រគល់ប្រាក់ដែលទើបលាងរួចឲ្យទៅជនរងគ្រោះទាំងអស់ (ត្រង់នេះជាល្បិចចិត្តសាស្ត្រមួយទៀត) ក្រោយមកជនរងគ្រោះក៏មានការទុកចិត្ត ជឿលង់ទៅលើជនឆបោកទាំងស្រុង បានប្រគល់ប្រាក់ជាបន្តបន្ទាប់ឲ្យទៅជនឆបោកទាំងនោះ រហូតដល់ចំនួន៧លានដុល្លារឯណោះ ដើម្បីលាងប្រាក់ប្រឡាក់ទឹកខ្មៅចំនួន២៨លានដុល្លារ ហើយក្រុមឆបោកបានបែងចែកឲ្យជនរងគ្រោះចំនួន២៥លានដុល្លារ គ្រាន់តែលាងរាល់ពេលដកប្រាក់ចេញពីម៉ាស៊ីនក្រឡុក គឺក្រុមឆបោកបានវេចខ្ចប់រុំស្កុតពណ៌លឿង និងប្រាប់ថាប្រាក់ទាំងនេះមិនទាន់ឲ្យហែកភ្លាមៗទេ ត្រូវទុកច្រើនខែសិន ទើបហែកស្កុតបាន បើមិនអ៊ីចឹងនឹងមិនអាចក្លាយជាប្រាក់ពិតប្រាកដឡើយ។
ក្រោយមក១ខែ ជនរងគ្រោះមានការសង្ស័យក៏បានហែកដុំប្រាក់ទាំងនោះមើល ក៏ឃើញថាសុទ្ធតែជាប្រាក់ដុល្លារសែនខ្មោចនិងក្រដាសសសុទ្ធទាំងអស់ ទើបដឹងថាចាញ់បោកគេ។
លោកបានបន្តថា : ជាលទ្ធផល ជនរងគ្រោះខាតបង់ប្រាក់រហូតដល់៧លានដុល្លារ (ត្រង់នេះគឺក្រុមឆបោកបានបន្លំប្តូរប្រាក់នៅពេលដាក់ចូលក្នុងម៉ាស៊ីន ដោយត្រឡប់ប្រាក់ពិតប្រាកដចុះទៅក្នុងប្រអប់សម្ងាត់នៅបាតម៉ាស៊ីន និងជំនួសមកវិញនូវប្រាក់សែនខ្មោច) ។
ហើយសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនបានត្រឹមជនជាតិស្បែកខ្មៅ២នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់ ។រីឯបក្ខពួកជនល្មើសដែលនៅសេសសល់ កំពុងស្រាវជ្រាវស្វែងរកបន្ត។
លោកឧត្តមសេនីយ៍ឯកមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបន្ថែមថា : ជាថ្មីម្តងទៀត ខ្ញុំសូមយកបទពិសោធទាំងនេះ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សាធារណជន សូមមានការត្រិះរិះដោយប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត កុំឲ្យសេចក្តីលោភលន់មកបិទបាំងភ្នែកនិងរារាំងដល់ការពិចារណាយើងបាន ព្រោះថាលើលោកនេះពុំមានផលប្រយោជន៍ឯណារត់មករកយើងដោយឯកឯងទេ បើគេប្រាប់យើងថាអាចរកប្រាក់បានស្រួលដោយមិនបាច់ប្រឹង យើងត្រូវសួរខ្លួនឯងថា ម្តេចគេមិនសម្ងំរកម្នាក់ឯង បែរជាមកហៅរកយើងឲ្យចូលរួមចែករំលែក ឬកាត់បន្ថយផលប្រយោជន៍របស់គេ តើយើងត្រូវជាអ្វីនឹងគេ ចុះម្តេចគេមិនយកផលប្រយោជន៍ទាំងនោះទៅចែករំលែកជាមួយប្រពន្ធកូន បងប្អូនសាច់ញាតិ មិត្តភក្តិស្និទ្ធស្នាល ឬជនរួមជាតិគេ? នេះហើយជាទម្រង់នៃការបោកប្រាស់ ៕
