ដោយ : បន្ទាយ
បន្ទាយមានជ័យ៖ ប្រជុំជនស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យបានដាច់ទឹកស្អាតប្រើប្រាស់៣-៤ ថ្ងៃហើយមកទល់ថ្ងៃទី២៤ខែមេសា ។ក្នុងនោះ ក្រុមហ៊ុនឬសេវាករទឹកស្អាតលោកសាយ ញ៉ឹប មិនមានស្តុកទឹកបម្រុងសមស្រប ពោលគឺពឹងផ្អែកសំខាន់លើពោះស្ទឹងមង្គលបូរីនៅចំណុចស្ថានីយបូមទឹកស្ពានដែកនាភូមិគោកស្វាយ ឃុំឬស្សីក្រោក ស្រុកមង្គលបូរីដើម្បីយកមកផលិតទឹកស្អាតលក់ផ្គត់ផ្គង់ក្នុងឃុំឬស្សីក្រោកដែលជាទីប្រជុំជនស្រុកនិងឃុំគយម៉ែងបណ្តាយដងស្ទឹងមង្គលបូរី ។

លោករ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរីបានប្រាប់អ្នកសារព័ត៌មានថ្ងៃទី២៤ខែមេសាឆ្នាំ២០២៥ថា: ដោយសារអស់ប្រភពទឹកក្នុងស្ទឹងមង្គលបូរី ទើបស្ថានីយទឹកស្អាតស្រុកមង្គលបូរី(ម្ចាស់គឺលោកសាយ ញ៉ឹប) ដែលពឹងលើតែទីតាំងធម្មជាតិនេះ គ្មានទឹកផ្គត់ផ្គត់ក្នុងឃុំឬស្សីក្រោក ជាប្រជុំជនស្រុកនិងឃុំជិតខាងដែលមានពលរដ្ឋជាអ្នកប្រើប្រាសរាប់ពាន់គ្រួសារឬមនុស្សរាយរាប់រយនាក់ ។
លោករ័ត្ន ដាស៊ីណង់ បានបន្តថា: ចំពោះមុខ អាជ្ញាធរនិងសមត្ថកិច្ចខេត្តបានដោះស្រាយបន្ទាន់ដោយដាក់ម៉ាស៊ីនបូមទឹកបំពង់មុខកាត់ធំមួយបូមទឹកពីស្ទឹងសិរីសោភ័ណនៅចំណុចសង្កាត់អូរអំបិលក្រុងសិរីសោភ័ណបង្ហូរតាមប្រឡាយក្តាន់ទម្លាក់ចូលស្ទឹងមង្គលបូរីនៅចំណុចឃុំបត់ត្រង់ដើម្បីអោយពលរដ្ឋរស់នៅតាមដងស្ទឹងនេះនិងស្ថានីយទឹកស្អាតទាញយកទឹកប្រើប្រាស់។ ប៉ុន្តែវាត្រូវស៊ីពេលវេលាដែរ ទើបបញ្ជូនទឹកដល់។
ប្រភពមួយទៀតឲ្យដឹងថា: គ្រោះធម្មជាតិនិងដោយមនុស្សដែលនាំឲ្យស្ទឹងមង្គលបូរីត្រូវរីងស្ងួតខះរាល់ឆ្នាំ ព្រោះតែអាកាសធាតុនិងការទាញទឹកធ្វើស្រែប្រាំងច្រើនហួសហេតុនោះ ជាមូលហេតុជាសារវ័ន្តមួយ។ ប៉ុន្តែកត្តាមិនយកចិត្តទុកដាក់មួយទៀតគឺសេវាករទឹកស្អាតមង្គលបូរី(របស់លោកសាយ ញ៉ឹប) នេះផងដែរ។
សូមបញ្ជាក់ថា សេវាករនេះ បើអាចទាក់ទង សហការជាមួយសេវាករទឹកស្អាតឃុំបន្ទាយនាង ដែលគេមានប្រភពទឹកក្នុងដីនៅភ្នំបន្ទាយនាង ប្រហែលជាមានទឹកស្អាតផ្គត់ផ្គង់ មិនដាច់ដូច្នេះទេ៕
